ព័ត៌មានជាតិ

ឥណ្ឌា គ្រោងពង្រីកវិសាលភាព លើវិស័យបច្ចេកវិទ្យាសម្រាប់គាំទ្រការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលនៅកម្ពុជា

ភ្នំពេញ៖ លោកស្រី ដេវីយ៉ានី អ៊ុតាំ ខូប្រាហ្គេត ឯកអគ្គរដ្ឋទូតឥណ្ឌា ប្រចាំកម្ពុជា បានបញ្ជាក់ប្រាប់សម្ដេចធិបតី ហ៊ុន ម៉ាណែត ថាឥណ្ឌាគ្រោងនឹងពង្រីកវិសាលភាព លើវិស័យបច្ចេកវិទ្យា សម្រាប់គាំទ្រដល់ការ អភិវឌ្ឍសេដ្ឋកិច្ចឌីជីថលនៅកម្ពុជា ។

ការបញ្ជាក់នេះធ្វើឡើងក្នុងឱកាសលោកស្រីឯកអគ្គរដ្ឋទូតឥណ្ឌា ទទួលបានការអនុញ្ញាតចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា នាថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៣នេះ នៅវិមានសន្តិភាព ។

ក្នុងជំនួបនោះលោកស្រីទូត បន្ថែមថា ដោយទ្បែកចំពោះវិស័យការពារជាតិវិញ ទំនាក់ទំនងរវាងកងទ័ពជើងគោក នៃប្រទេសទាំងពីរ ក៏មានវឌ្ឍនភាពលូតលាស់គួរឱ្យកត់សម្គាល់ ដូចដែលស្តែងឡើងតាមរយៈការចុះអនុស្សារណៈនៃការយោគយល់រវាងកងទ័ពជើងគោក នៃប្រទេសទាំងពីរ និងការរៀបចំការហ្វឹកហ្វឺនរួមគ្នា ។

ជាមួយគ្នានោះដែរសម្តេចធិបតី និងលោកស្រីឯកអគ្គរដ្ឋទូត បានឯកភាពគ្នាក្នុងការពង្រីកវិសាលភាពនៃកិច្ចសហប្រតិបត្តិការបន្ថែមទៀត ទៅដល់កងទ័ពជើងទឹក ។

ជារួម លោកស្រីទូត បានកត់សម្គាល់ថា កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ កាន់តែមានសន្ទុះខ្លាំងទ្បើង ហើយការផ្សារភ្ជាប់ទំនាក់ទំនងកម្ពុជា-ឥណ្ឌា ក៏កាន់តែរឹងមាំ បន្ទាប់ពីព្រះរាជដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងដំណើរទស្សនកិច្ចផ្លូវការរបស់ សម្តេចធិបតី នៅកាន់ប្រទេសឥណ្ឌា នាពេលកន្លងមក ៕

To Top