ព័ត៌មានជាតិ

ក្រសួងអប់រំ នឹងសាងសង់អគារសិក្សា ១ខ្នង ជូនសាលាបឋមសិក្សា ដំណាក់ក្សាន្ដ ស្ថិតនៅស្រុកភ្នំព្រឹក

ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា បានសម្រេចនឹងសាងសង់ អគារសិក្សាថ្មី ១ខ្នង ៥បន្ទប់ ជូនដល់សាលាបឋមសិក្សា ដំណាក់ក្សាន្ត ស្ថិតនៅឃុំចក្រី ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ដើម្បីឱ្យដំណើរការរៀន និងបង្រៀនកាន់តែប្រសើរ ។

តាមរយៈសេចក្ដីបំភ្លឺ ករណីសាលាបឋមសិក្សា ដំណាក់ក្សាន្ត នៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៣ ក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថា នៅថ្ងៃទី៣ តុលា នៅក្នុងបណ្តាញសង្គម មានការចែករំលែករូបភាពគ្រូបង្រៀន និងសិស្សកំពុងបង្រៀន និងរៀនក្នុង រោងដោល និងមានទឹកលិចត្រឹមជង្គង់ ដែលករណីនេះ បានកើតឡើងនៅ សាលាបឋមសិក្សាដំណាក់ក្សាន្ត។

ក្រសួង បន្ដថា នៅថ្ងៃនោះ មានធ្លាក់ភ្លៀងយ៉ាងគំហុក ដែលធ្វើឱ្យទឹកហូរចេញពីសាលាមិនទាន់ និងលិចរោងដោល ស្របពេលដែលគ្រូ និងសិស្ស កំពុងបង្រៀន និងរៀន ។ ក្រោយពេលរាំងភ្លៀង សាលារៀនបានផ្អាកដំណើរការ និងអនុញ្ញាតឱ្យគ្រូ និងសិស្សត្រឡប់ទៅផ្ទះវិញ ។ នៅថ្ងៃទី៤ តុលា នេះ ជំនន់ទឹកភ្លៀងបានស្រកអស់ និងសាលារៀន អាចដំណើរការបង្រៀន និងរៀនជាធម្មតា។

ក្រសួង បន្ថែមថា ក្នុងឆ្នាំសិក្សា២០២២-២០២៣ សាលាបឋមសិក្សាដំណាក់ក្សាន្ត មានអគារសិក្សា ១ខ្នង ៥បន្ទប់ និងមានរោងដោល ១ខ្នង ១បន្ទប់, គ្រូបង្រៀនសរុប ៧នាក់ ស្រី ២នាក់, និងមានសិស្សសរុប ៣៦៦នាក់ ស្រី ១៧៤នាក់ ចែកចេញជា ១២ថ្នាក់។ បើប្រៀបធៀបចំនួនបន្ទប់រៀន និងចំនួនថ្នាក់រៀនគឺ សាលានៅខ្វះ បន្ទប់រៀន រួមទាំងបន្ទប់ទីចាត់ការ និងបណ្ណាល័យ ជាដើម។

ក្រសួង បញ្ជាក់ថា «ដើម្បីដោះស្រាយបញ្ហាប្រឈម នៃការខ្វះខាតអគារសិក្សា ក្រសួងអប់រំ យុវជន និងកីឡា សម្រេច សាងសង់អគារសិក្សាថ្មី ១ខ្នង ៥បន្ទប់ ជាអាទិភាពជូនដល់គណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស សហគមន៍ និងអាជ្ញាធរដែនដី ដើម្បីឱ្យដំណើរការរៀន និងបង្រៀនកាន់តែប្រសើរ នាពេលខាងមុខ»។

លើសពីនេះ ក្រសួងអប់រំ យុវជន និងកីឡា បញ្ជាក់បន្ថែមថា ដោយសារចំនួនសិស្ស មានការកើនឡើងក្នុងគ្រប់ភូមិសិក្សា ធ្វើឱ្យតម្រូវការអគារសិក្សា មានការកើនឡើង ទោះបីជារាជរដ្ឋាភិបាល បានសាងសង់អគារសិក្សាជាច្រើន រួមទាំងអគារសិក្សារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន៕

To Top