ព័ត៌មានជាតិ

លោក វង្សី វិស្សុត ណែនាំក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ពង្រឹងសមត្ថភាពស្ថាប័ន

រូបភាពពី៖​ ទីស្តីការគណៈរដ្ឋមន្ត្រី

ភ្នំពេញ៖ លោក វង្សី វិស្សុត​ ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី​ បានណែនាំ ឲ្យក្រុមប្រឹក្សា សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ (ក.ស.វ.) បន្ដពង្រឹងសមត្ថភាពស្ថាប័ន ទាំងកម្រិតថ្នាក់ដឹកនាំ និងបច្ចេកទេស ក្នុងការបំពេញមុខងារ និងភារកិច្ចនានា ដែលរាជរដ្ឋាភិបាលប្រគល់ឱ្យ ប្រកបដោយគុណភាព ។

ការណែនាំខាងលើនេះ ធ្វើឡើងក្នុងឱកាសលោកឧបនាយករដ្ឋមន្រ្តីដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌​ នៃរាជរដ្ឋាភិបាលអាណត្តិទី៧ កាលពីថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៣ នៅទីស្តីការគណៈរដ្ឋមន្ត្រី ។ បើយោងតាមខ្លឹមសារកិច្ចប្រជុំរបស់ លោក វង្សី វិស្សុត​ ឧបនាយករដ្ឋមន្រ្តីប្រចាំការ ផ្សព្វផ្សាយលើឆានែលតេឡេក្រាម ។

លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ បានលើកឡេីងថា កិច្ចប្រជុំនេះ មានគោលបំណងពិភាក្សា និងផ្លាស់ប្ដូរយោបល់ ដើម្បីពង្រឹងភាពជាអ្នកដឹកនាំ, បង្កើនប្រសិទ្ធភាពនៃប្រព័ន្ធការងារ និងការប្រើប្រាស់ធនធានមនុស្ស និងហិរញ្ញវត្ថុ សំដៅលើកកម្ពស់គុណភាព ប្រសិទ្ធភាព និងសមិទ្ធកម្មការងាររបស់ ក.ស.វ. បន្ថែមទៀត ដើម្បីឱ្យស្របទៅតាមការវិវត្តនៃបរិកាណ៍នៃការអភិវឌ្ឍទាំងក្នុង និងក្រៅប្រទេស, ជាពិសេសលើកកម្ពស់កិត្តិនាម ក.ស.វ. ក្នុងនាមជាសេនាធិការររបស់ទីស្ដីការគណៈរដ្ឋមន្ត្រី។

លោកឧបនាយករដ្ឋមន្រ្ដីប្រចាំការ បានគូសបញ្ជាក់ឡើងវិញ​ ជូនអង្គប្រជុំថា មុខងារនិងភារកិច្ចចម្បងរបស់ ក.ស.វ. រួមមាន ការងាររៀបចំរបាយការណ៍តាមដាន សិក្សាវិភាគស្ថានភាពសេដ្ឋកិច្ច សង្គម និងវប្បធម៌ និងការផ្តល់មតិយោបល់​ជូនគណៈរដ្ឋមន្ត្រី​ និងរាជរដ្ឋាភិបាល លើទិដ្ឋភាពបច្ចេកទេស នៃគោលនយោបាយ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិផ្សេងទៀត និងការធ្វើការស្រាវជ្រាវ សម្រាប់ផ្ដល់ជាធាតុចូល ក្នុងការរៀបចំគោលនយោបាយ ឬអនុវត្តកិច្ចការនានា (Applied Research)។ល។

ក្នុងបរិការណ៍នៃការរីកចម្រើនរបស់កម្ពុជា ឈានឆ្ពោះទៅសម្រេចបាននូវឋានៈ ជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់ ឆ្នាំ២០៣០ និងប្រទេសចំណូលខ្ពស់២០៥០ លោកលោក វង្សី វិស្សុត បានសង្កត់ធ្ងន់លើអាទិភាពជាចម្បង លើការបន្ដពង្រឹងសមត្ថភាពស្ថាប័ន ទាំងកម្រិតថ្នាក់ដឹកនាំ និងបច្ចេកទេស និងក្នុងការបំពេញមុខងារ និងភារកិច្ចនានា ដែលរាជរដ្ឋាភិបាលប្រគល់ឱ្យ ប្រកបដោយគុណភាព ដើម្បីចូលរួមចំណែក ក្នុងការអនុវត្តយុទ្ធសាស្រ្ដបញ្ចកោណ ដំណាក់កាលទី១ ឱ្យសម្រេចបានសមិទ្ធផលល្អប្រសើរ ។

ឆ្លៀតក្នុងឱកាសនោះ លោកឧបនាយករដ្ឋមន្រ្ដីប្រចាំការ បានដាក់ចេញនូវការណែនាំ តម្រង់ទិសដៅ និងផែនការសម្រាប់ការអនុវត្ដចំពោះមុខ និងរយៈពេលមធ្យមសម្រាប់ ក.ស.វ. ដូចតទៅ៖

១. ការរៀបចំផែនការយុទ្ធសាស្ត្រ និងផែនការអភិវឌ្ឍន៍ស្ថាប័ន ក.ស.វ. ដើម្បីពង្រឹងតួនាទីជា «សេនាធិការគោលនយោបាយមួយ» របស់រាជរដ្ឋាភិបាល ក្នុងការអនុវត្តការងារ​ ប្រកបដោយបប្រសិទ្ធភាព, គុណភាព និងទាន់ពេល។ ២. ការពង្រឹងការធ្វើការស្រាវជ្រាវ សម្រាប់ផ្ដល់ជាធាតុចូល ក្នុងការរៀបចំគោលនយោបាយ ឬអនុវត្តកិច្ចការនានា (Applied Research) ដោយត្រូវផ្តោតលើទិសដៅ និងការងារអាទិភាពដែលមានចែងក្នុង «យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១» ដែល ក.ស.វ. មានឧត្ដមភាពប្រៀបធៀបខ្ពស់ (Comparative Advantage) ព្រមទាំងការពិនិត្យលទ្ធភាពសហការ ជាមួយស្ថាប័នស្រាវជ្រាវផ្សេងៗទៀត ដើម្បីបង្កើតជាសហគមន៍ស្រាវជ្រាវ (Research Community) ដើម្បីចែករំលែកនូវបទពិសោធន៍ និងលទ្ធភាពស្រាវជ្រាវនានា សំដៅលើកកម្ពស់គុណភាព និងបង្កើតសហថាមភាព (synergy) ការងារ។

៣.ការលើកកម្ពស់ការបន្ដតាមដាន ត្រួតពិនិត្យ និងផ្តល់យោបល់កម្រិតបច្ចេកទេស លើគោលនយោបាយ ច្បាប់ និងឯកសារបទដ្ឋានគតិយុត្តិ ដោយត្រូវមានកិច្ចសហការជិតស្និទរវាងក្រសួង ស្ថាប័ន ជាពិសេសជាមួយក្រុមប្រឹក្សាអ្នកច្បាប់ និងអគ្គនាយកដ្ឋានបច្ចេកទេស ក្រោមឱវាទទីស្តីការគណៈរដ្ឋមន្ត្រី ដើម្បីពង្រឹងប្រសិទ្ធភាព និងថាមភាពក្នុងការបំពេញការងារ។ ​៤. ការបន្ដអនុវត្តយន្តការវាយតម្លៃ ផលប៉ះពាល់លិខិតបទដ្ឋានគតិយុត្តិ (Regulatory Impact Assessment – RIA) ដើម្បីធ្វើឱ្យការរៀបចំតាក់តែងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិ តាមក្រសួង-ស្ថាប័ន មានសង្គតិភាព និងស្របតាមនីតិវិធីនិងបទដ្ឋានជាធរមាន និងត្រៀមរៀបចំគម្រោងនេះឡើងវិញជាមួយ ADB។ និង៥. ការពង្រឹងកិច្ចសហប្រតិបត្តិការជាតិ​ និងអន្តរជាតិ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ អនុវត្ដបេសកកម្មនិងគោលដៅ និងពង្រឹងធនធានមនុស្សរបស់ ក.ស.វ.៕

To Top