ព័ត៌មានជាតិ

ឃាត់ខ្លួនជន សង្ស័យ៤នាក់ ករណីកាប់ប្រហារ យុវជនម្នាក់ បណ្ដាលឲ្យរងរបួសធ្ងន់

ស្វាយរៀង៖ កម្លាំងនគរបាល ក្រុងស្វាយរៀង បានធ្វើការឃាត់ខ្លួនជន សង្ស័យបានចំនួន៤ នាក់ក្នុងចំណោម៥នាក់ ពាក់ព័ន្ធនឹងករណីហិង្សា កាប់ប្រហារយុវជនម្នាក់ បណ្ដាលឲ្យរងរបួសធ្ងន់។

លោកវរសេនីយ៍ឯក កែន រិទ្ធី អធិការ នគរបាលក្រុងស្វាយរៀង បានប្រាប់ឲ្យ ដឹងថា កាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៣ សមត្ថកិច្ចនគរបាលក្រុងស្វាយរៀង បានទទួលពាក្យបណ្តឹងមួយច្បាប់ពីឈ្មោះ ប៉ុល សៅ ភេទស្រី អាយុ៦៧ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិជៀសឬស្សី ឃុំកំពង់ចំឡង ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ដែលបានប្តឹងរៀបរាប់ថា កាលពីថ្ងៃទី ៤ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង១០និង០០នាទី កូនរបស់ខ្លួនឈ្មោះ យិន ដា ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរបើករថយន្ត និងក្មួយឈ្មោះ រិន ស៊ីណេត ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរកសិករ បានជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាសង់សេ១២៥ ពណ៌ខ្មៅស៊េរីឆ្នាំ២០២២ ឌុបគ្នាចេញពីផ្ទះ ក្នុងគោលបំណង់ទៅទិញបង្អែមឲ្យឪពុកនៅក្រុងស្វាយរៀង។ 

លោកវរសេនីយ៍ឯកបានបន្តថា លុះបានទិញបង្អែមបានហើយ ក៏ជិះម៉ូតូវិលត្រឡប់ទៅផ្ទះវិញ ពេលជិះទៅដល់ខាងកើតស្ពានអូស្មាច់ ក៏ស្រាប់តែមានមនុស្ស ៥នាក់ ជិះម៉ូតូម៉ាកហុងដា សង់សេ១២៥ពីរគ្រឿង ១គ្រឿងពណ៌ស កាំបន្ទះពណ៌ស និង១គ្រឿងទៀតពណ៌ខ្មៅ កាំផ្កាយពណ៌ស ដេញតាមពីក្រោយកូន របស់ខ្លួន ហើយបានវាយ និងកាប់ទៅលើកូន របស់ខ្លួនចំនួន២កាំបិត ត្រូវចំខ្នងបណ្តាលឲ្យរងរបួសធ្ងន់ ហូរឈាមជោគខ្លួន ហើយក៏ត្រូវបានបញ្ជូន ទៅសង្គ្រោះ នៅមន្ទីរពេទ្យខេត្តស្វាយរៀង ដោយរបួសធ្ងន់ពេក ត្រូវបញ្ជូនបន្តទៅសង្គ្រោះ នៅមន្ទីរពេទ្យ នៅរាជធានីភ្នំពេញ ភ្លាមនោះខ្លួនមិនបានប្តឹង រាយការ ជូនសមត្ថកិច្ចទេ ។ លុះដល់ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៣ ទើបមកដាក់ពាក្យបណ្តឹង នៅអធិការដ្ឋាននគរបាលក្រុង ស្វាយរៀង ឲ្យជួយអន្តរាគមន៍តែម្តង។ 

លោកវីរៈសេនីយ៍ឯកកែន រិទ្ធី បានបញ្ជាក់ថា ក្រោយពីទទួលបានពាក្យបណ្តឹងនេះភ្លាម កម្លាំងជំនាញនៃអធិការដ្ឋាន នគរបាលក្រុង ស្វាយរៀង សហការជាមួយកម្លាំង ប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្វាយរៀង ចុះទៅស្រាវជ្រាវដល់កន្លែងកើតហេតុ និងស្រាវជ្រាវបន្តរហូត ដល់ថ្ងៃទី៧ខែតុលា ឆ្នាំ២០២៣ ទើបសមត្ថកិច្ចអាចកំណត់មុខសញ្ញាសង្ស័យ និងឃាត់ខ្លួនជនសង្ស័យបានចំនួន៤នាក់ បញ្ជូនទៅការិយាល័យជំនាញ ខេត្តចាត់ការតាមច្បាប់។

លោកលោកវរសេនីយ៍ឯក បានបញ្ជាក់ថា ក្រោមការដឹកនាំ របស់គណៈបញ្ជាការឯកភាពខេត្ត និងមានការបញ្ជាផ្ទាល់ ពីលោកស្នងការ នគរបាលខេត្តស្វាយរៀង កម្លាំងអធិការដ្ឋាននគរបាលក្រុងស្វាយរៀង តែងតែចុះប្រតិបត្តិការ បង្ក្រាបបទល្មើសផ្សេងៗ នៅមូលដ្ឋានបានជាបន្តបន្ទាប់ ដូចជាករណីក្មេងទំនើង ដែលដេញកាប់ប្រហារគ្នានេះផងដែរ ៕
ដោយសហការី

To Top