ព័ត៌មានជាតិ

លោក ហេង សួរ ថ្លែងអំណរគុណរដ្ឋាភិបាលស្វីស ដែលជួយជ្រោមជ្រែងវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅកម្ពុជា

ភ្នំពេញ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី៩ ខែតុលានេះ បានជួបសំណេះសំណាលជាមួយលោក PEDRO ZWAHLEN ឯកអគ្គរដ្ឋទូតស្វីសប្រចាំនៅកម្ពុជា ថៃ ឡាវនៅទីស្តីការក្រសួង។

ក្នុងជំនួបនោះ លោករដ្ឋមន្ត្រីក្រសួងការងារ បានថ្លែងអំណរគុណដល់ឯកអគ្គរដ្ឋទូតស្វីសដែលបានអបអសាទរចំពោះការតែងតាំងលោកជារដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈសម្រាប់អាណត្តិទី៧។

បន្ថែមពីនេះ លោករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់រដ្ឋាភិបាលស្វីសដែលបានជួយបណ្តុះបណ្តាលវិស័យបច្ចេកទេសដល់គ្រូឧទ្ទេស និងសិក្ខាកាមរបស់កម្ពុជាជាពិសេសការអប់រំបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈបៃតងនៅតាមតំបន់ភូមិភាគឦសាន្តរបស់កម្ពុជាលើជំនាញ ការថែទាំ និងជួសជុលម៉ាស៊ីនត្រជាក់ ការដំឡើងបណ្តាញអគ្គិសនីក្នុងអគារ ការជួសជុលថែទាំទោចក្រយានយន្ត ការងារកំបោរ និងការងារការ៉ូ និងជួសជុល អគ្គិសនីទូទៅជាដើម។

ក្រៅពីនេះ ភាគីទាំងពីរ ក៏បានព្រមព្រៀងដើម្បីពិភាក្សាបន្ថែមលើការពង្រាងច្បាប់ស្តីពីការអប់រំបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈសម្រាប់កម្ពុជាក្រោយភាគីទាំងពីរបានចុះកិច្ចព្រមពៀង។
ក្រៅពីវិស័យបណ្តុះបណ្តាលវិជ្ជាជីវៈ លោករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណបន្ថែមទៀតចំពោះរដ្ឋាភិបាលស្វីសដែលបានជួយគាំទ្រ និងការបណ្តុះបណ្តាលសមត្ថភាពយុវជនកម្ពុជាចំពោះគម្រោងការទទួលបានការងារសមរម្យដែលបានអនុវត្តតាំងពីឆ្នាំ២០១៧តាមរយៈទីភ្នាក់ងារជាតិ និងមុខរបរនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

ក្នុងកិច្ចសន្ទនាប្រកបដោយភាពស្និទ្ធស្នាលនោះ លោកឯកអគ្គរដ្ឋទូត បានសន្យាជាមួយលោករដ្ឋមន្ត្រី បន្តគាំទ្រការបណ្តុះបណ្តាលជំនាញបច្ចេកទេស ដើម្បីកសាងសមត្ថភាពសិក្ខាកាមកម្ពុជាឱ្យរីកចម្រើនបន្ថែមទៀត។ ក្រៅពីនេះភាគីទាំងពីរ បានជជែកពិភាក្សា​និងផ្លាស់ប្តូរបទពិសោធន៍ទៅវិញទៅមក​ លើការបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ ដែលមានភាពចាំបាច់ក្នុងដំណើរការសង្វាក់ផលិតកម្មសេដ្ឋកិច្ច ក្នុងក្របខណ្ឌប្រទេសកម្ពុជា និងស្វីស៕

To Top