ព័ត៌មានជាតិ

លោក ខៀវ កាញារីទ្ធ បង្ហាញសំណេរពលរដ្ឋរិះគន់ខ្លាំងៗលើផ្លាកសាលាសង្កាត់ក្សេមក្សាន្ត ក្រុងឧដុង្គម៉ែជ័យ

ភ្នំពេញ៖ លោក ខៀវ កាញារីទ្ធ អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ចាម បានបង្ហាញសំណេររបស់ប្រជាពលរដ្ឋដែលបានស ម្តែងការមិនពេញចិត្ត និងរិះគន់យ៉ាងខ្លាំងក្លាទៅលើផ្លាកសាលាសង្កាត់ក្សេមក្សាន្តដែលមានឈ្មោះអ្នកឧបត្ថម្ភ ដាក់នៅពីក្រោមឈ្មោះរបស់សាលាសង្កាត់។

សំណេររបស់ប្រជាពលរដ្ឋបានលើកឡើងថា ផ្លាកសាលាសង្កាត់ ជាផ្លាករបស់រដ្ឋ តំណាងក្នុងសង្កាត់ក្សេមក្សាន្តទាំងមូល និងម្យ៉ាងទៀត ជននោះមិនមែនជាឥស្សរជន ឬជាវីរៈជនរបស់ជាតិឡើយ ដែលត្រូវឲ្យប្រជាពលរដ្ឋ ដែលត្រូវការប្រើសេវាសាធារណៈ រួមទាំងថ្នាក់ដឹកនាំ ត្រូវដើរឆ្លងកាត់ពីក្រោម ឈ្មោះជនទាំងនោះជារៀងរាល់ថ្ងៃ ហើយជននោះថែមទាំង ធ្លាប់មានរឿងរ៉ាវបង្កជម្លោះ ជាមួយប្រជាពលរដ្ឋ ជេប្រមាថគំរាមកំហែងមេភូមិ មេឃុំ និង មន្ត្រីក្នុងមូលដ្ឋានផងដែរ។

សំណេររបស់ប្រជាពលរដ្ឋដែលលោក ខៀវ កាញារីទ្ធ យកមកបង្ហាញលើបណ្ដាញសង្គមហ្វេសប៊ុក បានឱ្យដឹងផងដែរថា «
«សូមគោរពឯកឧត្តម ពូ សូមឯកឧត្តមជួយផ្សព្វផ្សាយ សំណូមពរប្រជាពលរដ្ឋ អោយបានដល់ថ្នាក់ដឹកនាំ បានដឹង នឹង ធ្វើការកែតំរូវផង កន្លងមកប្រជាជនក្នុង សង្កាត់បានធ្វើការទទូចថ្នាក់ដឹកនាំសង្កាត់អោយ សរសេរឈ្មោះម្ចាស់អំណោយមកខាងសរសរ ប៉ុន្តែ មានការព្រងើយកន្តើយ មិនដោះស្រាយសោះឡើយ។ បងប្អូនខ្លះបានពឹងពាក់សាពត៌មានផ្សាយនៅតែ មិនមានចំណាត់ការ ចុងក្រោយមានតែ សូមអោយឯកឧត្តមជួយផ្សព្វផ្សាយផង ដោយក្តីអនុគ្រោះ »។

តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក លោក ខៀវ កាញារីទ្ធ បានបញ្ចេញមតិបន្ថែមលើសំណេររបស់ប្រជាពលរដ្ឋថា «តើជាការពិតទេ ? តែចំពោះខ្ញុំៗមិនដែលសរសេរឈ្មោះលើក្លោងទ្វារដែលមានទាំងសង្ឃ ទាំងគ្រហស្ថ ចូលតាមក្រោមទេ»៕

To Top