ព័ត៌មានជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ យុទ្ធសាស្ត្រជាតិលើកស្ទួយ សេដ្ឋកិច្ចក្រៅប្រព័ន្ធ ជាគោលនយោបាយឈ្នះឈ្នះ

រូបភាព៖ ហ្វេសប៊ុកសម្ដេចតេជោ ហ៊ុន សែន

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានគូសបញ្ជាក់ថា ការដាក់ចេញឲ្យអនុវត្ត នូវយុទ្ធសាស្ត្រជាតិ ចំពោះអ្នកនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ គឺជាគោលនយោបាយឈ្នះឈ្នះ រដ្ឋក៏ឈ្នះ អ្នក្រៅប្រព័ន្ធក៏ឈ្នះ “ជាតិយើងឈ្នះទាំងមូល” ។

ការលើកឡើងរបស់សម្តេចធិបតីនេះ នាឱកាសអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសដាក់អនុវត្តជាផ្លូវការ “យុទ្ធសាស្ត្រជាតិ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨” នាព្រឹកថ្ងៃ១០ តុលា ។

សម្តេចធិបតីមានប្រសាសន៍ថា “ការចុះបញ្ជីរបស់បងប្អូននៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ រដ្ឋបានអ្វី? រដ្ឋបានព័ត៌មាន ដើម្បីរៀបចំផែនការជួយ ឲ្យបានចំគោលដៅ ជួយឲ្យចំតម្រូវការនិងទាន់ពេលវេលា នឹងរដ្ឋបានមកវិញបែបហ្នឹង ។ រដ្ឋក៏បានមួយទៀតនូវធនធានមនុស្ស និងកម្លាំងសេដ្ឋកិច្ច កាន់តែមានសក្កានុពលចូលរួមនៅក្នុងការលើកស្ទួយសេដ្ឋកិច្ចជាតិ នេះជាអ្វីដែលរដ្ឋបាន។ អ្វីទៅដែលប្រជាពលរដ្ឋ នៅក្នុងក្រៅប្រព័ន្ធបាន គឺការជួយអនុគ្រោះ ការគាំទ្រ និងការថែបំប៉ន នៅក្នុងគោលការណ៍ទាំងប៉ុន្មាន ដើម្បីឲ្យគាត់កាន់តែរឹងមាំ ។ ចឹងគោលនយោបាយនេះ គឺគោលនយោបាយឈ្នះឈ្នះ រដ្ឋក៏ឈ្នះ ប្រជាពលរដ្ឋ ជាពិសេសអ្នកក្រៅប្រព័ន្ធក៏ឈ្នះ ជាតិយើងឈ្នះទាំងមូល” ។

សម្តេចនាយករដ្ឋមន្ត្រីបន្តថា “នេះហើយគឺជាគោលគំនិត នៃយុទ្ធសាស្ត្រជាតិ នៅក្នុងការដាក់ឲ្យអនុវត្ត ហើយយើងនឹងឈានជាជំហាន វិសាលភាពរបស់យើង នឹងខិតខំដើម្បីពង្រីកឲ្យបានច្រើនជាជំហាន នេះហើយគឺជាអ្វី ដែលរាជរដ្ឋាភិបាល បានយកចិត្តទុកដាក់ ដែលខ្ញុំទៅថ្ងៃមុនរឿង ម៉ែកូនពៅ ប៉ុន្តែត្រូវយល់ថា ទោះក្នុងកាលៈទេសៈណាក៏ដោយ ទោះជាលទ្ធភាពរដ្ឋយើងមានប៉ុន្មាន មិនអាចមានធំដុំ ដូចប្រទេសជាច្រើនលើពិភពលោក ដែលមានលទ្ធភាពធំ តែរដ្ឋយើងមិនបាននៅស្ងៀម នៅក្នុងការជួយដល់ប្រជាពលរដ្ឋយើង នៅគ្រប់បែបយ៉ាង គ្រប់ពេលវេលា គ្រប់លទ្ធភាពដែលធ្វើទៅបាន និងគ្រប់មធ្យោបាយ ជាពិសេស ប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រ និងងាយរងគ្រោះនេះគឺជាការប្តេជ្ញាចិត្តរបស់យើង” ។

សូមរំលឹកថា យុទ្ធសាស្ត្រជាតិស្តីពី ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨ នឹងជួយលើកកម្ពស់ការគាំពារ និងការពង្រឹងសមត្ថភាព ផលិតភាព និងភាពធន់នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ព្រមទាំងជំរុញ និងពន្លឿនការចូលរួមទៅក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធ ដើម្បីធានាភាពធន់ ភាពប៉ាន់ប្រមាណ ភាពរីកចម្រើនទៅមុខ នៃការធ្វើធុរកិច្ចពាណិជ្ជកម្ម ការវិនិយោគ និងការប្រកបអាជីវកម្ម មុខរបរ ព្រមទាំងការងារចិញ្ចឹមជីវិត៕

To Top