ព័ត៌មានជាតិ

វិទ្យាស្ថានសម្រាប់ការសិក្សាសង្គ្រាម៖ រុស្ស៊ីទំនងជាប្រើវិបត្តិ អ៊ីស្រាអែល-ហាម៉ាស ដើម្បីជាប្រយោជន៍របស់ខ្លួន លើសង្គ្រាមជាមួយអ៊ុយក្រែន

VOA

បរទេស៖ ការព្រមានថ្មីកាលពីថ្ងៃអាទិត្យថា វិមានក្រឹមឡាំង គឺ “រួចរាល់ហើយ ហើយទំនងជានឹងបន្តប្រើប្រាស់ការ វាយប្រហាររបស់ពួកហាម៉ាសលើអ៊ីស្រាអែល” ដើម្បីបំផ្លើសវោហាសាស្ត្ររបស់ខ្លួនប្រឆាំងនឹង ការជ្រៀតជ្រែករបស់បស្ចិម ប្រទេសក្នុងប្រទេសអ៊ុយក្រែន ធ្វើឱ្យអ៊ុយក្រែនបាក់ទឹកចិត្ត និងធានាដល់ប្រជាជនរុស្ស៊ីថា ការផ្តោតអារម្មណ៍របស់បស្ចិមលោកលើ វិបត្តិអ៊ីស្រាអែលនឹងបង្វែរការយកចិត្តទុកដាក់ ចេញពីសង្គ្រាមនៅអ៊ុយក្រែន, នេះបើតាមវិទ្យាស្ថានសម្រាប់ការសិក្សាសង្គ្រាម (ISW)។

យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៣ បានឱ្យដឹងថា បន្ទាប់ពីការវាយប្រហាររបស់ពួកហាម៉ាស ក្នុងប្រទេសអ៊ីស្រាអែលកាលពីថ្ងៃទី ៧ ខែតុលា វិមានក្រឹមឡាំងបានស្តីបន្ទោសជាចម្បង ចំពោះលោកខាងលិចចំពោះការមិនយកចិត្តទុកដាក់ ទៅលើជម្លោះនៅមជ្ឈិមបូព៌ាដើម្បីគាំទ្រដល់អ៊ុយក្រែន ហើយបានអះអាងថា សហគមន៍អន្តរជាតិនឹងបង្វែរការ យកចិត្តទុកដាក់របស់ខ្លួនចំពោះវិបត្តិមជ្ឈិមបូព៌ា ហើយនឹងឈប់ផ្តោតលើអ៊ុយក្រែន។

របាយការណ៍ពី ISW បានឱ្យដឹងដោយផ្អែកតាមការលើកឡើងរបស់លោក Dmitry Medvedev អនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី បាននិយាយថា សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត គួរតែ “រវល់” ជាមួយការងារលើ “ការតាំងទីលំនៅប៉ាឡេស្ទីន-អ៊ីស្រាអែល” ហើយកុំ “ជ្រៀតជ្រែក” ក្នុងកិច្ចការរបស់រុស្ស៊ី និងផ្តល់ជំនួយយោធាដល់អ៊ុយក្រែន ។

វិទ្យាស្ថានសម្រាប់ការសិក្សាសង្គ្រាម បានឱ្យដឹងទៀតថា អ្នកឃោសនារុស្ស៊ីដ៏លេចធ្លោលោក Sergei Mardan និងអ្នកសរសេរប្លុកព័ត៌មានរុស្ស៊ីផ្សេងទៀត មានបំណងប្រើប្រាស់ឥទ្ធិពល របស់ពួកគេលើទស្សនិកជន និងធ្វើឱ្យអ្នកស្តាប់អ៊ុយក្រែនបាក់ទឹកចិត្ត ដោយបញ្ជាក់ថា រុស្ស៊ីនឹងទទួលបានអត្ថប្រយោជន៍ពីការ កើនឡើងភាពតានតឹងនៅអ៊ីស្រាអែល ខណៈដែលពិភពលោកនឹងដកខ្លួន ចេញពីអ៊ុយក្រែនមួយរយៈ ហើយរវល់ជាថ្មីទៀតដើម្បីពន្លត់ភ្លើង ដែលគ្មានទីបញ្ចប់នៅមជ្ឈិមបូព៌ា” ។

ក្រុមនេះបានបន្ថែមថា ការនិទានរឿងរបស់វិមានក្រឹមឡាំងដែលថា អ៊ុយក្រែននឹងបាត់បង់ការគាំទ្រពីអន្តរជាតិ គឺមានបំណងធានាដល់ទស្សនិកជនរុស្ស៊ីថា សង្គមអន្តរជាតិនឹងមិនអើពើនឹងកិច្ចប្រឹងប្រែង សង្គ្រាមរបស់អ៊ុយក្រែននោះទេ ៕

ប្រែសម្រួលៈ ណៃ តុលា

To Top