ព័ត៌មានជាតិ

ពលរដ្ឋខ្មែរនៅថៃ រៀបចំពិធីបុណ្យភ្ជុំបិណ្ឌ យ៉ាងរីករាយក្រោមស្មារតីសាមគ្គីភាព

ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រុមការងារយុវជនESEA បានសហការជាមួយស្ថានទូតកម្ពុជា នៅប្រទេសថៃ និងសមាគម ACRA សមាគមមិត្តយើង រួមទាំងសមាគខ្មែរ បានរៀបចំពិធីកាន់បិណ្ឌនិងបុណ្យភ្ជុំបិណ្ឌដោយមានការចូលរួមពីពលករខ្មែរ និងនិស្សិតខ្មែរដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃតាមគន្លងប្រពៃណីជាតិយ៉ាងសប្បាយរីករាយក្រោមស្មារតីសាមគ្គីក្នុងនាមជាខ្មែរតែមួយ។

លោក ឈឹម វិបុល អនុព័ន្ធការងារប្រចាំស្ថានទូតខ្មែរនៃព្រះរាជាណាចក្រថៃ បានឱ្យដឹងថា កម្មវិធីដាក់បិណ្ឌ បានធ្វើឡើងចាប់ពីថ្ងៃទី២៤ ខែកញ្ញា ដល់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣ចំនួន១៣ទីតាំងផ្សេងៗគ្នាដែលមានអ្នកចូលរួមជាង១ម៉ឺននាក់។

លោកបញ្ជាក់ថា៖“ពលករខ្មែរសប្បាយរីករាយ និងបានចូលរួម យ៉ាងច្រើនកុះករដោយដាក់បិណ្ឌចាប់តាំងតែពីសប្តាហ៍ទី៤ខែកញ្ញាមក…”។
លោកបន្តថា ក្រៅប្រារព្ធពិធីកាន់បិណ្ឌ និងភ្ជុំបិណ្ឌដែលរៀបចំ និងដឹកនាំដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រុមការងារយុវជនESA ស្ថានទូត និងសហមាគមមិត្តយើង រួមទាំងសមាសហគមន៍ផ្សេងៗទៀត បងប្អូនពលករ និងពលរដ្ឋខ្មែរ និងក្រុមការងាររៀបចំកម្មវិធី ក៏បានរៀបចំកម្មវិធីអាហារសាមគ្គីរួមគ្នាក្នុងនាមជាបងប្អូនខ្មែរ ។

យ៉ាងណាក៏ដោយចំពោះការរៀបចំពិធីកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌនេះ បងប្អូនប្រជាពលរដ្ឋខ្មែរនៅប្រទេសថៃ បានថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានខិតខំប្រឹងប្រែងនិងយកចិត្តទុកដាក់ ដល់ពលករខ្មែរដែលកំពុងបម្រើការងារនៅប្រទេសថៃ ឱ្យបានចូលរួមពិធីកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌ ដែលជាពិធីសាសនាដ៏ធំរបស់ជាតិដូចពលរដ្ឋខ្មែរ ដែលរស់នៅក្នុងប្រទេសកំណើតដូច្នេះដែរ៕

To Top