ព័ត៌មានជាតិ

ថ្នាក់ដឹកនាំចិន បន្តសហការគាំទ្រដល់យុទ្ធសាស្រ្តបញ្ចកោណរាជរដ្ឋាភិបាលកម្ពុជា

ភ្នំពេញ ៖ លោក ឆាយ ឈី (Cai Qi) សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ នៃការិយាល័យនយោបាយ គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្ដចិន និងជាប្រធានការិយាល័យកិច្ចការទូទៅ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្ដចិន បានបញ្ជាក់ពីឆន្ទៈ ក្នុងការបន្តសហការគាំទ្រដល់យុទ្ធសាស្រ្តបញ្ចកោណ របស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់អាណត្តិទី៧នេះ។

នាឱកាសអញ្ជើញជួបពិភាក្សាការងារជាមួយ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ក្នុងឱកាសការចូលរួម «វេទិកាខ្សែក្រវាត់ និងផ្លូវ លើកទី៣» នៅរដ្ឋធានីប៉េកាំង នាថ្ងៃទី១៧ តុលា លោក ឆាយ ឈី បានបញ្ជាក់ថា ឆ្នាំនេះ គឺជាខួបលើកទី៦៥ នៃចំណងការទូតផ្លូវការកម្ពុជា-ចិន ដែលជាចំណងមិត្តភាពដែកថែប។ តាមរយៈកិច្ចពិភាក្សាជាមួយ សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ទាល់ នាឱកាសនេះ លោកបានបង្ហាញការជឿជាក់ថា ក្រោមការដឹកនាំរបស់ សម្តេចធិបតី ដំណើរការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន នឹងកាន់តែត្រូវបានពង្រឹង និងពង្រីកខ្លាំងក្លាបន្ថែមទៀត ។

ទន្ទឹមគ្នានេះ លោក ឆាយ ឈី ក៏បានបញ្ជាក់ពីឆន្ទៈ ក្នុងការបន្តសហការគាំទ្រដល់យុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ និងបានរំឭកផងដែរអំពីសមិទ្ធផលដ៏ត្រចះត្រចង់មួយចំនួន ដែលកកើតឡើងពីកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌ នៃគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ រវាងកម្ពុជា-ចិន អស់រយៈកាលជាង១០ ឆ្នាំ កន្លងមកនេះ តួយ៉ាង ដូចជា៖ ការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ, ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ, អាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មី និងគម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត។

ជាការឆ្លើយតប សម្តេចធិបតីបញ្ជាក់ថា នេះគឺជាឱកាសលើកទី២ ដែលសម្តេចធិបតី បានដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចនៅចិន បន្ទាប់ពីការបង្កើតរាជរដ្ឋាភិបាលអាណត្តិទី៧ កាលពីខែសីហា ឆ្នាំ២០២៣ ដែលនេះគឺជាការឆ្លុះបញ្ចាំងអំពីឆន្ទៈរបស់កម្ពុជា ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយភាគីមិត្តចិន កាន់តែរឹងមាំបន្ថែមទៀត ហើយក៏ជាការបន្តមរតកនៃទំនាក់ទំនងល្អ ដែលបន្សល់ដោយរាជរដ្ឋាភិបាលកម្ពុជាក្នុងបណ្តាអាណត្តិកន្លងទៅ ព្រមទាំងចំណងមិត្តភាពជាប្រវត្តិសាស្ត្រដែលព្រះបរមរតនកោដ្ឋ និងថ្នាក់ដឹកនាំចិនជំនាន់មុនៗ បានកសាងតាំងពីអតីតកាល រហូតមកដល់បច្ចុប្បន្ន ។

ក្នុងន័យនេះ សម្តេចធិបតី បានឯកភាពចំពោះទស្សនៈរបស់ លោក ឆាយ ឈី បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងរវាងប្រទេសទាំងពីរ ក្នុងរយៈកាល ៦៥ ឆ្នាំ កន្លងមកនេះ និងបានផ្តល់សារៈសំខាន់ចំពោះការបន្តពង្រឹង និងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឱ្យកាន់តែរីកលូតលាស់រឹងមាំជាលំដាប់ ព្រមជាមួយនឹងការបន្តគាំទ្រគ្នាទៅវិញទៅមក ទាំងក្នុងកម្រិតទ្វេភាគី និងលើឆាកអន្តរជាតិ ។

ជាមួយគ្នានេះ សម្តេចធិបតី ក៏បានគូសបញ្ជាក់ផងដែរអំពីសារៈសំខាន់នៃ «កិច្ចសហប្រតិបត្តិការត្បូងពេជ្រ» រវាងប្រទេសទាំងពីរ ដែលផ្តោតលើវិស័យអាទិភាពចំនួន ៦ រួមមាន៖ នយោបាយ, គុណភាព និងសមត្ថភាពផលិតកម្ម, កសិកម្ម, ថាមពល, សន្តិសុខ និងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន ។

ក្រៅពីនេះ ថ្នាក់ដឹកនាំទាំងពីរ ក៏បានពិភាក្សាផងដែរ អំពីទំនាក់ទំនងរវាងគណបក្ស និងគណបក្ស សំដៅបន្តពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀត តាមរយៈការផ្លាស់ប្តូរទស្សនកិច្ចថ្នាក់ដឹកនាំជាន់ខ្ពស់ និងការផ្លាស់ប្តូររវាងយុវជន និងយុវជន ដែលជាផ្នែកមួយដ៏សំខាន់សម្រាប់ពង្រឹងទំនាក់ទំនងរវាង ប្រទេសទាំងពីរឱ្យបានរឹងមាំ និងយូរអង្វែង ៕

To Top