ព័ត៌មានជាតិ

កម្ពុជា-ចិន កំណត់យកឆ្នាំ២០២៤ ជាឆ្នាំនៃការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន ដែលជាមូលដ្ឋាននៃការលើកកម្ពស់ វិស័យទេសចរណ៍

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា និងលោក លី ឈាង (Li Qiang) នាយករដ្ឋមន្ត្រីចិន បានឯកភាព កំណត់យកឆ្នាំ២០២៤ ជាឆ្នាំនៃការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន ដែលជាមូលដ្ឋាននៃការលើកកម្ពស់វិស័យទេសចរណ៍ និងការតភ្ជាប់រវាងប្រទេស និងប្រទេស។

ក្នុជំនួបទ្វេភាគីនៅរសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ លោក លី ឈាង បានស្វាគមន៍ចំពោះវត្តមានរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត និងគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា នៅក្នុងប្រទេសចិន សារជាថ្មីម្តងទៀត ក្នុងឆ្នាំ២០២៣នេះ ជាឆ្នាំខួបអនុស្សាវរីយ៍លើកទី៦៥ នៃចំណងការទូតផ្លូវការកម្ពុជា-ចិន ដែលជាចំណងមិត្តភាពជិតស្និទ្ធ រឹងមាំ និងយូរអង្វែង សំដៅឆ្ពោះទៅកាន់ការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ។

លោកលី ឈាង ក៏បានរំលេចផងដែរនូវសមិទ្ធផលនានាជាច្រើន ដែលកើតចេញពីកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសយើងទាំងពីរ លើគម្រោងជាច្រើន ជាពិសេស ការបើកឱ្យដំណើរការជាផ្លូវការ នូវអាកាសយានដ្ឋានអន្តរជាតិថ្មី នៅក្នុងខេត្តសៀមរាប កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ ថ្មីៗនេះ ក៏ដូចជាការចុះអនុស្សារណៈនៃការយោគយល់ (MOU) ពាក់ព័ន្ធនឹងគម្រោងមួយចំនួន នៅក្នុងក្របខ័ណ្ឌនៃគំនិតផ្តួចផ្តើម ខ្សែក្រវាត់ និងផ្លូវ ។

ជាការឆ្លើយតប សម្តេចធិបតី បានថ្លែងអំណរគុណចំពោះបដិសណ្ឋារកិច្ចស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់បក្ស និងរដ្ឋាភិបាលចិនចំពោះគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា និងបានបង្ហាញនូវក្តីសោមនស្សរីករាយ ដែលបានជួប លោកនាយករដ្ឋមន្ត្រី លី ឈាង ជាលើកទី៤ ក្នុងរយៈពេលត្រឹមប៉ុន្មានខែកន្លងទៅនេះ ព្រមជាមួយនឹងការអរគុណផងដែរចំពោះការរៀបចំទទួលដំណើរយាងពិនិត្យព្រះរាជសុខភាព ថ្វាយព្រះករុណាព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី និង សម្ដេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ។

ឆ្លៀតក្នុងឱកាសនោះ សម្តេចធិបតី ក៏បានចូលរួមអបអរសាទរចំពោះ ជោគជ័យនៃការរៀបចំព្រឹត្តិការណ៍កីឡា Asian Games លើកទី១៩ នៅក្នុងប្រទេសចិន ព្រមទាំងបានចូលរួមសម្តែងនូវមរណៈទុក្ខ និងការសោកស្តាយចំពោះការបាត់បង់ជីវិតរបស់ប្រជាជនចិនចំនួនបួនរូប និងបាត់ខ្លួនពីររូប នៅក្នុងប្រទេសអ៉ីស្រាអែល ។

ចំពោះវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-ចិន, សម្តេចធិបតី បានសម្តែងនូវក្តីពេញចិត្តចំពោះ ការសម្រេចបាននូវការចុះហត្ថលេខាលើ MOU ចំនួនប្រាំបី ដែលនឹងជួយជំរុញកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ ឱ្យកាន់តែរឹងមាំបន្ថែមទៀត ។

ក្រៅពីនេះ ថ្នាក់ដឹកនាំទាំងពីរ ក៏បានពិភាក្សាផងដែរអំពីទិសដៅនៃកិច្ចសហប្រតិបត្តិការក្នុងវិស័យផ្សេងៗទៀត រួមមាន៖ វិស័យវិនិយោគ, កសិកម្ម, ពាណិជ្ជកម្ម, អប់រំ, កីទ្បា, ការពារជាតិ, សុខាភិបាល និងការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ក្នុងក្របខ័ណ្ឌនៃគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ ។
លោក លី ឈាង ក៏បានឯកភាពតាមសំណើរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ពាក់ព័ន្ធនឹងគម្រោងនៃការកំណត់យកឆ្នាំ២០២៤ ជាឆ្នាំនៃការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន ដែលជាមូលដ្ឋាននៃការលើកកម្ពស់វិស័យទេសចរណ៍ និងការតភ្ជាប់រវាងប្រទេស និងប្រទេស ដោយយកកត្តាប្រជាជនជាគោល ៕

To Top