ព័ត៌មានជាតិ

លោក គិន ភា យល់ថា ដំណើរចូលរួម វេទិកាខ្សែក្រវ៉ាត់ និងផ្លូវរបស់ចិន ពីសំណាកសម្តេចធិបតី ផ្តល់ឱកាសឲ្យកម្ពុជាលុបបំបាត់ភាពក្រីក្រ

ភ្នំពេញ ៖ លោកបណ្ឌិត គិន ភា មន្រ្តីជាន់ខ្ពស់នៃរាជបណ្ឌិតសភាកម្ពុជា បានបង្ហាញនូវគំនិតផ្ទាល់ខ្លួនថា ការអញ្ជើញចូលរួម វេទិកាខ្សែក្រវ៉ាត់និងផ្លូវ លើកទី៣របស់ចិន ដែលកំពុងដំណើរការពីសំណាក់សម្តេចធិបតី​ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នឹងទាញប្រយោជន៍ដ៏ធំធេង ជាពិសេស ជះឥទ្ធិពលជាវិជ្ជមានដល់ការអភិវឌ្ឍ ផ្តល់ឱកាសដល់កម្ពុជាក្នុងការលុបបំបាត់ភាពក្រីក្រ ។

ថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នាថ្ងៃទី១៨តុលានេះ លោក គិន ភា បានលើកឡើងថា វត្តមានរបស់សម្តេចធិបតីចូលរួម ក្នុងវេទិកា ខ្សែក្រវ៉ាត់ និងផ្លូវ លើកទី៣ នៅរដ្ឋធានីប៉េកាំងនេះ បង្ហាញឲ្យឃើញនូវទំ​នាក់ទនងស៊ីជម្រៅគ្រប់ជ្រុងជ្រោយ និងរឹងមាំដូចដែកថែបរបស់កម្ពុជា-ចិន ។

លោកថា “វត្តមានរបស់សម្តេចធិបតី នៅក្នុងឱកាសដ៏មានអត្ថន័យជាប្រវត្តិសាស្ត្រនេះ គឺបង្ហាញឲ្យឃើញពីការប្តេជ្ញាចិត្តជាថ្មី នៃទំនាក់ទំនងកម្ពុជា ជាមួយប្រទេសចិន ដែលយើងតែងតែ គោរពនូវគោលនយោបាយចិនតែមួយ និងគោរពនូវគោលការណ៍ បញ្ចសិលា សន្តិសហវិជ្ជមាន ជាមួយប្រទេសចិន ហើយកម្ពុជា និងចិន បន្តលើកកម្ពស់កម្រិតទំនាក់ទំនង រវាងប្រទេសទាំងពីរ ឲ្យកាន់តែមានភាពប្រសើរឡើង ស៊ីជម្រៅឡើង និងរឹងមាំថែមទៀត” ។

លោក គិន ភា បានអះអាងថា “សម្រាប់គំនិតខ្ញុំ គំនិតផ្តួចផ្តើម ខ្សែក្រវ៉ាត់ និងផ្លូវនេះ បានរួមចំណែកច្រើនសម្រាប់ការអភិវឌ្ឍនៅក្នុងប្រទេសកម្ពុជា ។ ជារួមគំនិតផ្តួចផ្តើម ខ្សែក្រវ៉ាត់ និងផ្លូវនេះ គឺបានរួមវិភាគទានច្រើនណាស់ ក្នុងការពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រត្តិបត្តិការ រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារដ្ឋប្រជាមានិតចិន ជាពិសេសជះឥទ្ធិពលជាវិជ្ជមាន ដល់ការអភិវឌ្ឍនៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់ឱកាសដល់កម្ពុជា ក្នុងការលុបបំបាត់ភាពក្រីក្រ លើកកម្ពស់ផល់ប្រយោជន៍ ទៅវិញទៅមក លទ្ធផលដែលឈ្នះទាំងសងខាង ដែលចាក់ឬជ្រៅ នៅក្នុងបេះដូងប្រជាជននៃប្រទេសទាំងពីរ”។

ក្នុងនោះ លោកបានរំលឹកដែរថា “រយៈពេល១០ឆ្នាំមកនេះ គំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ បានដើរតួនាទីច្រើន នៅក្នុងការអភិវឌ្ឍហេដ្ឋារចនារូបវន្ត នៅក្នុងប្រទេសកម្ពុជា ការតភ្ជាប់ ដូចជាយើងឃើញមាន ផ្លូវជាតិជាច្រើនខ្សែ ដែលត្រូវបានកសាងឡើង ក្រោមគម្រោងគំនិតផ្តួចផ្តើម ខ្សែក្រវ៉ាត់ និងផ្លូវ យើងឃើញមានស្ពាន មានផ្លូវរទេះភ្លើង មានព្រលានយន្តហោះ មានផែ មានវារីអគ្គិសនី រោងចក្រអគ្គិសនី តំបន់សេដ្ឋកិច្ចពិសេស ជាច្រើនកន្លែង ហើយផ្លូវល្បឿនលឿន ដែលយើងមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រកម្ពុជា ហើយចំណុចសំខាន់ថ្មី គឺពហុកីឡដ្ឋានជាតិមរតតេជោ ដែលជាសមទ្ធផលដ៏ថ្មីស្រឡាងមួយ ក្រោមគំនិតផ្តួចផ្តើម ខ្សែក្រវ៉ាត់ និងផ្លូវ ដែលផ្តល់លទ្ធភាពឲ្យយើងអាចធ្វើជាម្ចាស់ផ្ទះ ស៊ីហ្គេមបាន កាលពីឧសភាកន្លងទៅ” ។

មន្ត្រីជាន់ខ្ពស់នៃរាជ្យបណ្ឌិតសភារូបនេះបន្តថា “គម្រោងជាច្រើន បានចូលរួមវិភាគទាន ក្នុងការតភ្ជាប់ផ្ទៃក្នុង ក៏ដូចជាការតភ្ជាប់ពីកម្ពុជា ទៅកាន់ប្រទេស​ជិតខាង ទាំងផ្លូវទឹក និងផ្លូវគោក ទាំងការហោះហើរផ្លូវអាកាស និងធានានូវលទ្ធភាព នូវការផ្គត់ផ្គង់អគ្គិសនីដែលមានស្ថេរភាពជាងមុនដែលយើងអាចធានា បម្រើដល់តម្រូវការ នៃការវិនិយោគផ្សេងៗ ដែលមានតម្រូវការអគ្គិសនី ។ ទន្ទឹមនេះ យើងឃើញថា ក្រោមគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់និងផ្លូវនេះ ក៏វាផ្តល់នូវឧត្តមភាព ប្រកួតប្រជែងក្នុងវិស័យសេដ្ឋកិច្ច ដែលយើងមានលទ្ធភាពធ្វើពិពិធកម្ម នៃប្រភពសម្រាប់កំណើនសេដ្ឋកិច្ចរបស់យើង កាត់បន្ថយភស្តភាកម្ម នៅក្នុងប្រទេសកម្ពុជា”។

លោកបន្តលើកឡើងថា “ក្នុងចំណោមគម្រោងពិសេសធំៗ ដែលខ្ញុំចាប់អារម្មណ៍ជាពិសេស ​ដូចដែលយើងឃើញ គឺផ្លូវល្បឿនល្បឿន ពីភ្នំពេញទៅកាន់ក្រុងព្រះសីហនុ គឺជាគម្រោងមួយដែលលិចធ្លោជាងគេ ដែលមិនធ្លាប់មាន នៅក្នុងប្រទេសកម្ពុជារបស់យើង​ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ក៏ផ្តល់ឱកាសការងារច្រើនកន្លែង ក្រុមហ៊ុនរាប់រយ ទាំងក្រុមហ៊ុនបជ្ឈឹមប្រទេស ទាំងក្រុមហ៊ុននៅអាស៊ីរបស់យើង ក៏បានទុនរកស៊ី​ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ និងតំបន់សេដ្ឋកិច្ចពិសេសរាធានីភ្នំពេញ ក៏ដូចបាវិត ដែលទាំងអស់នេះ សុទ្ធសឹងតែជាសមទ្ធផល ដែលកើតចេញពីគម្រោងខ្សែក្រវ៉ាត់ និងផ្លូវ”។

លោកក៏បានបង្ហាញក្តីសង្ឃឹមថា តាមរយៈ​គំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ រួមបញ្ចូលគ្នាជាមួយកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កម្ពុជា-ចិន ក៏ដូចជាកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ច គ្រប់ជ្រុងជ្រោយតំបន់ (RCEP)អាចរួមចំណែកធ្វើឲ្យកម្ពុជាអាចសម្រេចចក្ខុវិស័យ ប្រែក្លាយជាប្រទេសប្រាក់ចំណូលមធ្យម កម្រិតខ្ពស់នៅឆ្នាំ២០៣០ ​និងជាប្រទេសមានប្រាក់ចំណូលខ្ពស់ នៅក្នុងឆ្នាំ២០៥០ ។

លោក គិន ភា មានប្រសាសន៍បន្ថែមថា “យើងសង្ឃឹមថា តាមរយៈវេទិកា ខ្សែក្រវ៉ាត់និងផ្លូវ លើកទី៣នេះ គឺយើងឃើញហើយ សម្តេចធិបតី របស់យើង បានជួបជាមួយក្រុមហ៊ុនយក្សធំៗ របស់ចិនច្រើន ដែលយើងសង្ឃឹមថា នឹងមានការត្រឡប់មកវិញនៃវិនិយោគចិន ដែលបានផ្អាកក្នុងតំណាក់កាលកូវីដ និងសង្ឃឹមមាន វិនិយោគថ្មីរបស់ចិន មកកាន់ព្រះរាជាណាចក្រកម្ពុជា របស់យើងទៀត “៕

To Top