ព័ត៌មានជាតិ

បទអត្ថាធិប្បាយ ៖ កម្ពុជាបានបោះជំហាន យ៉ាងស្វាហាប់ ឆ្ពោះទៅរកភាពជោគជ័យ លើសមរភូមិកូវីដ-១៩

 ប្រទេសកម្ពុជា ក៏ដូចជាពិភពលោកទាំងមូលផងដែរ បានរងនូវការវាយលុកយ៉ាងខ្លាំងពីជំងឺកូវីដ-១៩ ដែលបង្កឱ្យខាតបង់សេដ្ឋកិច្ច និងបណ្តាលឱ្យប្រជាជនជាច្រើននាក់បានស្លាប់។ ការណ៍នេះបានជំរុញឱ្យរាជរដ្ឋាភិបាល និងអ្នកពាក់ព័ន្ធខិតខំរកគ្រប់មធ្យោបាយសហការគ្នាប្រយុទ្ធប្រឆាំងជំងឺដ៏កាចសាហាវនេះ ដើម្បី សង្គ្រោះអាយុជីវិតប្រជាជន និងសេដ្ឋកិច្ចឱ្យមានភាពប្រកតីឡើងវិញ។

ការគ្រប់គ្រងបាននូវជំងឺកូវីដ១៩នៅកម្ពុជានេះ ពិតជាមិនអាចកាត់ផ្តាច់ពីជំនួយបរិក្ខាវេជ្ជសាស្ត្រ បច្ចេកទេស និងជំនួយវ៉ាក់សាំងរបស់ចិនបានទេ  ខណៈដែលកន្លងមកនេះ សម្តេចតេជោ ហ៊ុនសែនបានប្រកាសថា ចិនជាប្រទេសដែលផ្តល់វ៉ាក់កូវីដ-១៩មិនចេះរីងស្ងួត ហើយថែមទាំងបានយកប្រទេសចិនជាបង្អែកយុទ្ធសម្រាប់ផ្គត់ផ្គង់វ៉ាក់សាំងកូវីដ-១៩ថែមទៀតផង  ហើយប្រភពផ្សេងៗទៀត ជាប្រភពគាំទ្រ។ ចំណែក លោក វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាវិញ ក៏ធ្លាប់បានប្រកាសដែរថា ដរាបណាកូវីដ-១៩នៅតែមាន ដរាបនោះប្រទេសចិននៅតែផ្តល់ជំនួយវ៉ាក់សាំងដល់កម្ពុជារហូត។ មកដល់ពេលនេះ ប្រទេសចិនបានសម្រេចផ្តល់វ៉ាក់សាំងជូនដល់ប្រទេសកម្ពុជាប្រមាណ៥៧លានដូសហើយ ក្នុងនោះមានជំនួយជាង២៨លានដូស និងការបញ្ជាទិញរបស់កម្ពុជា   ពីរដ្ឋាភិបាលចិនមានប្រមាណ២៩លានដូស។  ដោយវ៉ាក់សាំងទាំងអស់នេះ ត្រូវបានបញ្ជូនមកកម្ពុជាជាបន្តបន្ទាប់ និងតំណាក់កាលផ្សេងៗគ្នា។

លោកបណ្ឌិតគិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា បានប្រាប់វិទ្យុមិត្តភាពកម្ពុជាចិនថា  ជោគជ័យលើការងារប្រយុទ្ធប្រឆាំងកូវីដ-១៩នៅកម្ពុជា មានកក្តាសំខាន់ៗចំនួន៣ ទី១ ៖ គឺភាពច្បាស់លាស់របស់រាជរដ្ឋាភិបាលដែលសម្រេចចិត្តផ្នែកនយោបាយដ៏ត្រឹមត្រូវ លើការ​​ងារ​​ចាក់វ៉ាក់សាំងកូវីដ-១៩ជូនប្រជាពលរដ្ឋទាន់ពេលវេលា។  ក្នុងនោះសម្តេចតេជោ ហ៊ុនសែនបានជ្រើសរើសចិនអ្នកផ្គត់ផ្គង់វ៉ាក់សាំងយុទ្ធសាស្រ្តចាប់តាំងពីដើមទីមកម្លេះ។ ចំណុចទី២៖ ការរួមចំណែករបស់ប្រជាជនជាមួយរាជរដ្ឋាភិបាល បើប្រជាពលរដ្ឋមិនចូលរួមនោះទេ ក៏មិនអាចជោគជ័​យ​​​​លើការងារទប់ស្កាត់កូវីដ១៩បានដែរ ។  ចំណុចទី៣ ៖ គឺការរួមពីសហគមន៍អន្តរជាតិ ជាពិសេសប្រទេសចិនដែលបានផ្តល់ជំនួយទាំងវ៉ាក់សាំងការពារកូវីដ-១៩ បរិក្ខាពេទ្យ បច្ចេកទេសផ្សេងៗនិងការបញ្ជូនគ្រូពេទ្យ​​ស្ម័គចិត្តមកកម្ពុជា ពោគឺប្រទេសចិនជាផ្នែកមួយ ដ៏សំខាន់បំផុតក្នុងការប្រឆាំងកូវីដ-១៩នេះ។ ក្រៅពីនេះក៏មានដៃគូអន្តរជាតិមួយចំនួនទៀតដែលបានផ្តល់វ៉ាក់សាំង សម្ភារៈផ្សេងៗទាំងក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគីផងដែរ។

លោកបណ្ឌិតគិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា

ដោយមានការខិតខំគ្រប់បែបយ៉ាងរបស់រាជរដ្ឋាភិបាល និងការចូលរួមពីប្រជាពលរដ្ឋ ព្រមទាំងការប្តេជ្ញា​ចិត្តដោយស្មោះត្រង់របស់មិត្តចិនធ្វើឱ្យស្ថានភាពជំងឺកូវីដ-១៩នៅកម្ពុជាបានថយចុះពីតួលេខ៤ខ្ទង់​រហូត​​ធ្លាក់មកដល់២ខ្ទង់ ពោលគឺពីមុនមាន​​អ្នកឆ្លងច្រើនជាង១ពាន់នាក់ក្នុងមួយថ្ងៃ ប៉ុន្តែបច្ចុប្បន្ននេះ ធ្លាក់​ចុះមក​​ត្រឹមតែជាង១០នាក់ប៉ុណ្នោះក្នុងមួយថ្ងៃ។

ផ្ទាំងពាណិជ្ជកម្ម

ប្រទេសកម្ពុជាត្រូវបានគេវាយតម្លៃថា បានឈ​លើ​​​លេខរៀងទី២ ក្នុងនាមជាប្រទេសដែលមានសមត្ថភាពស្ដារ​​ខ្លួន​​​ងើប​​ចេញពី COVID-19លឿនជាងគេ នៅ​លើពិភពលោក   ខណៈ ​លេខរៀងទី១​​គឺប្រទេស​​អេមីរ៉ាតអារ៉ាប់រួម ។

បន្ទាប់ពីបានតាមដាននិងគ្រប់គ្រងពីស្ថានភាពកូវីដ-១៩យ៉ាងប្រុងប្រយ័ត្នមកតាមរយៈសារជាសំឡេង​ពិសេសជូនជន​រួមជាតិ កាល​​ពីល្ងាចថ្ងៃទី១០ ខែមេសា ឆ្នាំ២០២២សម្ដេចអគ្គម​ហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជា​​ណាចក្រកម្ពុជា បានម្រេចដាក់ខេត្ត រតនគិរី មណ្ឌលគិរី ស្ទឹងត្រែង និងព្រះវិហារ ជាខេត្តដែលទុកលទ្ធភាពឱ្យបុគ្គលជាអ្នកសម្រេចថា ត្រូវពាក់​​ ឬមិនពាក់ម៉ាស់  មិនបង្ខំ ឬតម្រូវចាំបាច់ ដូចមុនទៀតទេ។  សម្តេចតេជោបានបញ្ជាក់ថា ការសាកល្បងនេះមិនមែនយកអាយុជីវិតរបស់ប្រជាជន មកសាកល្បងឡើយ ក៏ប៉ុន្តែយើងចង់ដឹងអំពីភាពធន់ភាពសុំាសហគមន៍របស់យើង ទាំង​​ទីក្រុងនិងជនបទ ហើយ​​ខេត្តដែលដាក់ឱ្យអនុវត្តនេះជាខេត្តដែលគ្មានឆ្លង បើមានក៏មានតិចតួចណាស់ ក្នុង​​រយៈកា​លកន្លងមកនេះ។

សរុបសេចក្តីមក ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវ៉ៃ ប៉ិនប្រសពរបស់សម្តេចតេជោ ហ៊ុនសែន​នាយ​​ក​​ដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងមានការគាំទ្រពីប្រទសចិន រួមទាំងអង្គការអន្តរជាតិ ប្រទេស​ដៃគូមួយចំនួន ពេលកន្លងមកនេះ គេអាចមើលឃើញយ៉ាងច្បាស់ថា  ប្រទេសកម្ពុជាបានកំពុងបោះជំហាន​​​យ៉ាងស្វា​​ហាប់​​​ឆ្ពោះទៅរកភាពជោគជ័យលើសមរភូមិកូវីដ-១៩ហើយ៕

(អត្ថបទវិទ្យុមិត្តភាពកម្ពុជា -ចិន )

To Top