ព័ត៌មានជាតិ

លោក ស៊ី ជីនពីង ឯកភាពលើការកំណត់យកឆ្នាំ២០២៤ ជាឆ្នាំផ្លាស់ប្តូររវាងប្រជាជន កម្ពុជា-ចិន

រូបភាព៖ នាយករដ្ឋមន្ត្រីកម្ពជា

ភ្នំពេញ៖ លោក ស៊ី ជីនពីង បានឯកភាពលើគំនិតផ្តួចផ្តើមរបស់ សម្តេធធិបតី ហ៊ុន ម៉ាណែត ក្នុងការកំណត់យកឆ្នាំ២០២៤ ជាឆ្នាំនៃការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន កម្ពុជា-ចិន ដែលជាគន្លឹះជួយជំរុញកិច្ចសហប្រតិបត្តិការទេសចរណ៍, ពាណិជ្ជកម្ម និងវិនិយោគ រវាងប្រទេសទាំងពីរឲ្យកាន់តែសកម្ម និងរស់រវើក។

ការឯកភាពរវាងថ្នាក់ដឹកនាំទាំងពីរនេះ ធ្វើឡើងនាព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ ក្នុងពេលសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានជួបពិភាក្សាការងារជាមួយ លោក ស៊ី ជីនពីង ប្រធានាធិបតីចិន ក្នុងឱកាសចូលរួមក្នុង “វេទិកាខ្សែក្រវាត់ និងផ្លូវ លើកទី៣” នៅរដ្ឋធានីប៉េកាំង ។

ក្នុងឱកាសនេះ ប្រធានាធិបតីចិនប្រកាសថា នៅតែប្រកាន់ជំហរបង្កើនកិច្ចសហប្រតិបត្តិការ ជាមួយកម្ពុជា និងគាំទ្រដល់យុទ្ធសាស្ត្រ បញ្ចកោណរបស់រាជរដ្ឋាភិបាល អាណត្តិទី៧ ។

ជាមួយគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានចូលរួមអបអរសាទរ ចំពោះជោគជ័យនៃការរៀបចំ ធ្វើជាម្ចាស់ផ្ទះនៃ “វេទិកាខ្សែក្រវាត់ និងផ្លូវ លើកទី៣” ស្របពេលនៃខួបគម្រប់ ១០ ឆ្នាំ នៃគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ ក៏ដូចជាជោគជ័យ នៃការរៀបចំព្រឹត្តិការណ៍កីឡា Asian Games លើកទី១៩ ព្រមជាមួយនឹងការអរគុណ ចំពោះការយកចិត្តទុកដាក់ទទួលស្វាគមន៍ ព្រះរាជវត្តមានរបស់ព្រះករុណាព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី នៅក្នុងពិធីបើកនៃព្រឹត្តិការណ៍កីឡាអន្តរជាតិនេះ នៅក្នុងទីក្រុង Hangzhou ។

ក្នុងជំនួបនេះ ថ្នាក់ដឹកនាំទាំងពីរ បានឯកភាពគ្នាលើការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការល្អ ដែលមានស្រាប់ក្នុងកម្រិតខ្ពស់ និងគ្រប់ជ្រុងជ្រោយ ជាពិសេស តាមរយៈការជំរុញការអនុវត្ត កិច្ចសហប្រតិបត្តិការត្បូងពេជ្រ និងការបង្កើត “ច្រករបៀងមច្ឆា និងអង្ករ” និង “ច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា” ។

ជាងនេះទៅទៀត ថ្នាក់ដឹកនាំទាំងពីរ ក៏បានពិភាក្សាគ្នាផងដែរ អំពីទិសដៅនៃការបន្តពង្រឹងមិត្តភាពដែកថែប តាមរយៈការបង្កើនកិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យ ជាពិសេស វិស័យទេសចរណ៍, ថាមពល, ពាណិជ្ជកម្ម, វិនិយោគ និងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន ៕

To Top