ព័ត៌មានជាតិ

ថ្នាក់ដឹកនាំខេត្តកំពង់ចាម ចុះពិនិត្យទីតាំងរៀបចំពិធីប្រណាំងទូក ង នៅថ្ងៃទី ២៨-២៩ ខែតុលា ខាងមុខនេះ

កំពង់ចាម៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី ២០ ខែតុលា ឆ្នាំ២០២៣ នេះ បានដឹកនាំមន្ត្រីពាក់ព័ន្ធ និងអាជ្ញាធរក្រុងកំពង់ចាម ចុះពិនិត្យទីតាំង រៀបចំពិធីប្រណាំងទូក ង, ទូកខ្នាតអន្តរជាតិ បណ្តែតប្រទិប អុចកាំជ្រួច និងតាំងពិព័រណ៍សមិទ្ធផលនានា នៅថ្ងៃទី ២៨-២៩ ខែតុលា ឆ្នាំ២០២៣ ដើម្បីអបអរសាទរបុណ្យចេញព្រះវស្សា ។

បើតាមមន្ត្រីរដ្ឋបាលខេត្តកំពង់ចាម ថា លោកអភិបាលខេត្ត បានផ្តួចផ្តើមរៀបចំពិធីប្រណាំងទូក ង បណ្តែតប្រទិប អុចកាំជ្រួច នេះ ក្នុងគោលបំណង ដើម្បីថែរក្សាប្រពៃណី លើកស្ទួយវិស័យកីឡាអុំទូក និងបង្កបរិយាកាសសប្បាយរីករាយ ជូនបងប្អូនប្រជាពលរដ្ឋក្រោមម្លប់សុខសន្តិភាព ។ ពិធីប្រណាំងទូក ង នេះ គឺ មាន ការប្រណាំងទូកខ្នាតអន្តរជាតិផងដែរ ស្ថិតនៅ ក្នងក្រុងកំពង់ចាម ។

មន្ត្រីដដែល ឲ្យដឹងទៀតថា នៅពេលរាត្រី មានការរៀបចំបណ្ដែតប្រទីប និងអុចកាំជ្រួច ព្រមជាមួយការតាំងពិព័រណ៍ សមិទ្ធផលរបស់រដ្ឋបាលក្រុង-ស្រុក មន្ទីរ-អង្គភាពជុំវិញខេត្ត,ពិព័រណ៍ផលិតផលនានា និងការប្រគុំតន្រ្តី មានរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី ២៨- ៣០ ខែតុលា ឆ្នាំ២០២៣ ផងដែរ ។

ទន្ទឹមនិងនោះ ខាងរដ្ឋបាលខេត្តកំពង់ចាម ក៏បានធ្វើការអំពាវនាវដល់សម្តេច ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា លោកអភិបាលនៃគណៈអភិបាលក្រុង-ស្រុក លោក-លោកស្រីប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត ម្ចាស់ក្រុមហ៊ុន ពាណិជ្ជករ អាជីវករនានា និងលោក-លោកស្រី សូមមេត្តាជួយឧបត្ថម្ភ គាំទ្រជាថវិកា និងសម្ភារៈផ្សេងៗ ដល់គណៈកម្មការខេត្តរៀបចំពិធី ដើម្បីមានលទ្ធភាព ក្នុងការទ្រទ្រង់ដល់ក្រុមកីឡាករអុំទូក និងចាត់ចែងរៀបចំពិធីប្រណាំងទូក ង នេះ ឲ្យទទួលបានលទ្ធផលល្អប្រសើរផងដែរ ៕

To Top