ភ្នំពេញ ៖ អគ្គស្នងការដ្ឋាន នគរបាលជាតិកម្ពុជា និងនគរបាលបច្ចេកទេសបារាំង នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣ បានរៀបចំពិធីបើកវគ្គបំប៉នជំនាញ បច្ចេកទេស ត្រួតពិនិត្យកន្លែងកើតហេតុ ក្រោមអធិបីភាព លោកឧត្តមសេនីយ៍ឯក មួង សុធា អគ្គស្នងការរង នគរបាលជាតិ ទទួលបន្ទុកដឹកនាំនាយកដ្ឋាន កណ្ដាលនគរបាលយុត្តិធម៌ និង លោកស្រី ណាតាលី កាលីយ៉េ (Nathalie CARLIER) មេបញ្ជាការនគរបាលបារាំង និងជាអនុព័ន្ធសន្ដិសុខផ្ទៃក្នុង ទទួលបន្ទុកប្រទេសកម្ពុជា នៃនាយកដ្ឋានកិច្ចសហប្រតិបត្តិការសន្តិសុខ អន្តរជាតិ នៃក្រសួងមហាផ្ទៃបារំាង។
![](https://dap-news.com/wp-content/uploads/2023/10/photo_2023-10-23_14-56-42-1024x782.jpg)
នាឱកាសនោះ លោកស្រី ណាតាលី កាលីយ៉េ (Nathalie CARLIER) បានលើកឡើងថា វគ្គបណ្ដុះបណ្ដាលនេះ មានរយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី២៣-២៧ ខែតុលា ឆ្នាំ២០២៣ ស្ដីពីបច្ចេកទេសគ្រប់គ្រងកន្លែងកើតហេតុ ។ សកម្មភាពកិច្ចសហប្រតិបត្តិការបច្ចេកទេសនេះ គឺជាផ្នែកមួយ នៃកិច្ចសន្ទនា ប្រកបដោយការជឿទុកចិត្ត ដ៏យូរអង្វែងរវាង ក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងមហាផ្ទៃបារាំង។ ដូច្នេះ វគ្គបណ្ដុះបណ្ដាលនេះ គឺជាឱកាសមួយ ដើម្បីចែករំលែកចំណេះដឹងរៀងៗខ្លួនផងដែរ។
![](https://dap-news.com/wp-content/uploads/2023/10/photo_2023-10-23_14-56-45-1024x752.jpg)
លោកឧត្តមសេនីយ៍ឯក មួង សុធា បានគូសបញ្ជាក់ថា វគ្គសិក្សានេះពិតជាមានសារៈសំខាន់ណាស់ ចំពោះសិក្ខាកាមទាំងអស់ ដែលនឹងទទួលបាននូវ ជំនាញ និងបទពិសោធន៍ថ្មីៗ ពីអ្នកជំនាញនគរបាល បច្ចេកទេស នៃសាធារណរដ្ឋបារាំង ប្រចាំទីក្រុងប៉ារីស ។ វគ្គបណ្ដុះបណ្ដាលនេះ ក៏ជាវគ្គពិសេសមួយ ដែលបានបង្កើនសមត្ថភាព មន្ដ្រី នគរបាលកម្ពុជា ក្នុងការស៊ើបអង្កេត វិភាគ និងវាយតម្លៃ នៅកន្លែងកើតហេតុ និងធ្វើសេចក្ដីសន្និដ្ឋាន បានយ៉ាងច្បាស់លាស់ផងដែរ។
![](https://dap-news.com/wp-content/uploads/2023/10/photo_2023-10-23_14-56-51-1024x630.jpg)
លោកឧត្តមសេនីយ៍ឯក បានជឿជាក់ថា សិក្ខាកាមទាំងអស់ នឹងទទួលបាននូវជំនាញថ្មីៗ ហើយច្បាស់លាស់គ្រប់ៗគ្នា ក្រោយបញ្ចប់វគ្គសិក្សាជំនាញបច្ចេកទេស ត្រួតពិនិត្យកន្លែងកើតហេតុ ៕
![](https://dap-news.com/wp-content/uploads/2023/10/photo_2023-10-23_14-56-59-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)