ភ្នំពេញ ៖ តាមរយៈសេចក្ដីថ្លែងសារព័ត៌មានរួមរវាងភាគីពាក់ព័ន្ធ មកពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រដ្ឋបាលជលផល និងតំណាងពីអង្គការ WWF កម្ពុជា ប្តេជ្ញាចិត្តខ្ពស់ក្នុងការអភិរក្សសត្វផ្សោតទឹកសាប ក្នុងប្រទេស។
ការប្តេជ្ញានេះ បន្ទាប់ពីកម្ពុជាបានចូលរួមកិច្ចប្រជុំជាអន្តរជាតិមួយស្តីពី «ការថ្លែងជាសកលក្នុងការការពារសត្វផ្សោតទឹកសាបពិភពលោក» នៅប្រទេសកូឡំបី កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣ ។ ក្នុងកិច្ចប្រជុំនោះក៏បានបង្ហាញវិដេអូបទចម្រៀង «ផ្សោតដួងចិត្ត» ច្រៀងដោយអ្នកនាង មាស សុខសោភាផងដែរ ដែលនេះបង្ហាញយ៉ាងមោទក នៃវត្តមានផ្សោត ទន្លេមេគង្គកម្ពុជា ។
កញ្ញា អ៊ឹម រចនា អនុរដ្ឋលេខាធិការ និងជាមន្រ្តីនាំពាក្យក្រសួងកសិកម្ម មានប្រសាសន៍ថា «នៅក្នុងការចូលរួមប្រជុំនៅប្រទេសកូឡំប៊ីនាឱកាសនេះ កម្ពុជាបានបង្ហាញពីសក្តានុពលនៃធនធានជលផល និងការប្តេជ្ញាចិត្តយ៉ាងមុះមុតរបស់កម្ពុជាក្នុងការការពារសត្វផ្សោតទន្លេមេគង្គដ៏មានតំលៃឥតគណនា។ រាជរដ្ឋាភិបាលកម្ពុជា ផ្តោតការយកចិត្តទុកដល់កិច្ចការពារអភិរក្សសត្វផ្សោត និងធនធានវារីសាស្រ្តក្នុងតំបន់ ស្របតាមគោលនយោបាយបញ្ចកោណ ដោយគាំទ្រ និងជំរុញការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធរាប់ចាប់ពីអ្នកសិល្បៈ សហគមន៍មូលដ្ឋាន អ្នកបច្ចេកទេសវិទ្យាសាស្រ្ត ដៃគូអភិវឌ្ឍន៍ជាតិនិងអន្តរជាតិនានារួមគ្នា ដើម្បីធានាចីរភាពនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ធន់នឹងការប្រែប្រួលអាកាសធាតុ»។
ចំណែក លោក សេង ទៀក នាយកអង្គការ WWF ឲ្យដឹងដែរថា «ការចូលរួមពីគ្រប់ភាគីទាំងអស់ គឺពិតជាមានសារៈសំខាន់ណាស់ ក្នុងការការពារ និងអភិរក្សសត្វផ្សោតទន្លេមេគង្គ។ តួយ៉ាងនៅក្នុងការថ្លែងជាសកលរួមគ្នាក្នុងការការពារសត្វផ្សោតទឹកសាបនាពេលនេះ កម្ពុជាបានពាំនាំការចូលរួមពីអ្នកមានប្រជាប្រិយភាពក្នុងសង្គមដូចជាអ្នកនាងសោភា អ្នកបច្ចេកទេសវិទ្យាសាស្រ្តពីរាជរដ្ឋាភិបាលដោយធ្វើការក្នុងភាពជាដៃគូយ៉ាងជាមួយអង្គការ WWF បង្ហាញពីសុឆន្ទៈរួមដ៏សំខាន់ ដើម្បីផ្តល់ក្តីសង្ឃឹមដល់ការរស់រានមានជីវិតរបស់សត្វផ្សោតទន្លេមេគង្គ»។
សម្រាប់អ្នកនាង មាស សុខសោភា តារាចម្រៀង ដែលមានអ្នកគាំទ្រជាង៥លាននាក់ ក្នុងបណ្តាញហ្វេសប៊ុក បានលើកឡើងថា «ខ្ញុំមានមោទនភាពណាស់ដែលបានច្រៀង និងបង្ហាញពីសម្បត្តិធម្មជាតិរបស់កម្ពុជាទៅអន្តរជាតិ ជាពិសេសសអំពី សត្វផ្សោតទន្លេមេគង្គដែលត្រូវបានចាត់ទុកថាជារតនសម្បត្តិជាតិមានជីវិត។ នេះគឺជាមោទកភាពមួយយ៉ាងធំធេង ដែលយើងទាំងអស់គ្នាត្រូវចូលរួមថែរក្សាការពារ និងគាំទ្រការអភិរក្សសត្វផ្សោតទន្លេមេគង្គទាំងអស់គ្នា ដើម្បីរក្សាបរិស្ថានធម្មជាតិ និងទាក់ទាញភ្ញៀវទេសចរមកកម្ពុជាកាន់តែច្រើនឡើង»។
សូមរំលឹកថា កម្ពុជា ជាប្រទេសមួយក្នុងចំណោមប្រទេសចំនួន១៤ប៉ុណ្ណោះក្នុងពិភពលោក ដែលនៅមានវត្តមានសត្វផ្សោតទឹកសាបដ៏កំររស់នៅក្នុងទន្លេ(មេគង្គ)។ សត្វផ្សោតទឹកសាបសរុប៦ប្រភេទកំពុងប្រឈមនឹងការផុតពូជ ដូច្នេះហើយទើបប្រទេសនានាដែលនៅមានវត្តមានសត្វផ្សោតទឹកសាប ចូលរួមបង្ហាញការប្តេជ្ញាចិត្តរួមគ្នាដើម្បីការពារសត្វផ្សោត និងទីជម្រករបស់ពួកវា ក្នុងការប្រជុំនៅប្រទេសកូឡ៊ំប៊ី នាថ្ងៃទី២៣-២៤ ខែតុលា ឆ្នាំ២០២៣នេះ៕