ព័ត៌មានជាតិ

សម្តេចធិបតី ថា ក្រុមប្រឆាំងអត់មានការធ្វើ បាននៅតែយករឿងផ្ទាំងប៉ាណូ មកវិភាគ

ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងចំអកទៅក្រុមប្រឆាំងថា អស់មានអ្វីស្រែក ទើបបានជានាំគ្នាយកផ្ទាំងប៉ាណូ(រូបសម្តេចធិបតី)ដែលបុរសជនជាតិខ្មែរដើមកំណើតអាមេរិកម្នាក់ ដាក់ដើម្បីអបអរសាទរសម្ដេចមកវិភាគ ។

ក្នុងពិធីជួបសំណេះសំណាលជាមួយនាថ្ងៃទី២៥ តុលា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា មានយុវជនខ្មែរសញ្ជាតិអាមេរិកាំង ចង់មកចូលរួមស្វាគមន៍ សម្ដេច ជាមួយពលរដ្ឋខ្មែរជាង២ពាន់នាក់ទៀតពេលសម្តេចទៅចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិ ប៉ុន្តែដោយសាររូបគេនៅខេត្តផ្សេងពុំអាចចូលរួម​បាន ។ សម្ដេចថា ម្យ៉ាងទៀតរូបគាត់ក៏ធ្វើការនៅក្រុមហ៊ុនផ្សព្វផ្សាយពាណិជ្ជកម្ម នៅទូទាំងសហរដ្ឋអាមេរិក គាត់ក៏បានដាក់រូបសម្ដេចលើផ្ទាំងប៉ាណូ ដើម្បីអបអរសម្ដេចក្នុងឱកាសអញ្ជើញថ្លែងសុន្ទរកថា “ក្នុងកិច្ចពិភាក្សាទូទៅ នៃមហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៧៨” នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក កាលថ្ងៃទី២២ កញ្ញា ។

ជុំវិញករណីនេះសម្ដេចធិបតី លើកឡើងថា តែមានអ្នកវិភាគមួយចំនួន បានចោទថា សម្ដេចយកលុយរដ្ឋរាប់សែន រាប់លានដុល្លារ ដើម្បីជួលគេឲ្យជួយផ្សព្វផ្សាយពីរូបភាពសម្ដេច លើផ្ទាំងប៉ាណូនៅអាមេរិក ។ សម្ដេចថា ម្ដងចោទចាយលុយរាប់លានដុល្លារ ម្ដងចោទថាអត់បានចាយលុយរដ្ឋទេ គឺជារូបភាពកាត់តទៅវិញ ។

សម្ដេចធិបតីនាយករដ្ឋមន្ត្រីបញ្ជាក់ថា «ខ្ញុំទៅញូវយ៉កថ្ងៃមុន ខ្ញុំឃើញ ប្រហែលជាអស់អីស្រែក យូរៗមកវិភាគរឿង គេអបអរសាទរខ្ញុំ ដាក់ផ្ទាំងប៉ាណូ នៅញូវយ៉ក មានប្អូនប្រុសម្នាក់ជាជនជាតិខ្មែរ សញ្ជាតិអាមេរិកាំង ចង់មកចូលរួមស្វាគមន៍ ជាមួយពលរដ្ឋខ្មែរជាង ២ពាន់នាក់ តែគាត់ចូលរួមពុំបាន ដោយសារគាត់នៅខេត្តផ្សេង តែក្រុមហ៊ុនគាត់ធ្វើការ សម្រាប់ផ្សព្វផ្សាយពាណិជ្ជកម្មជាង១០-២០កន្លែង នៅទូទាំងប្រទេស ។ កន្លែង Time Square គាត់ដាក់ផ្សាយឲ្យ គាត់ថាអត់បានចូលរួមផ្ទាល់មែន តែនេះជាទឹកចិត្តគាត់» ។

សូមរំលឹកថា កូនខ្មែរ ដើមកំណើតអាមេរិកឈ្មោះ David Soth ធ្វើការនៅក្រុមហ៊ុនផ្សាយពាណិជ្ជកម្ម មួយនៅទីក្រុងញូវយ៉ក បានផ្សព្វផ្សាយរូបភាពរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែតនៅលើ Billboard ប្រមាណ១០ទីតាំង ជាពិសេសនៅទីតាំង Time Square ដោយរាជរដ្ឋាភិបាលមិនបានចំណាយលុយសូម្បីតែមួយសេន ៕

To Top