ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាអតីតនាយករដ្ឋមន្រ្តីកម្ពុជា នៅរសៀលថ្ងៃទី២៧ តុលានេះ បានផ្ញើសារលិខិតរំលែកទុក្ខជូនលោក ស៊ី ជិនពីងប្រធានាធិបតីចិន ចំពោះមរណភាពរបស់លោក លី ខឺឈាង (Li Keqiang) អតីតនាយករដ្ឋមន្ត្រីចិនដែលបានទទួលមរណភាពកាលពីរាត្រីថ្ងៃ២៧ តុលា ក្នុងជន្មាយុ៦៨ឆ្នាំ ដោយសារគាំងបេះដូង។
ជាមួយនឹងសាររំលែកទុក្ខផ្ញើទៅលោក ស៊ី ជិនពីងតាមរយៈសារលិខិតជាភាសាអង់គ្លេសក្នុងនាមប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចតេជោ បានសង្កត់ធ្ងន់ថា “ឯកឧត្តម លី គឺជាមិត្តដ៏ល្អរបស់កម្ពុជា ហើយប្រជាជនកម្ពុជានឹងចង់ចាំជានិច្ចនូវការរួមចំណែកដ៏មានតម្លៃរបស់ឯកឧត្តម ចំពោះទំនាក់ទំនងមិត្តភាពដ៏ជិតស្និតរវាងប្រជាជាតិ និងប្រជាជននៃប្រទេសយើងទាំង២ដែលត្រូវបានគូសបញ្ជាក់ដោយទំនាក់ទំនងនយោបាយដ៏រឹងមាំរវាងគណបក្សយើងទាំង២(ប្រជាជនកម្ពុជានិងបក្សកុម្មុយនិស្តចិន)”។
ទូរទស្សន៍រដ្ឋរបស់ចិន CCTV បានផ្សាយថា លោក លី ខឺឈាង បានសម្រាកនៅទីក្រុងសៀងហៃក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ ហើយមានអាការៈគាំងបេះដូងភ្លាមៗកាលពីថ្ងៃ២៦ តុលា ប៉ុន្តែបន្ទាប់ពីការជួយរបស់ក្រុមគ្រូពេទ្យ ពុំទទួលបានជោគជ័យ រូបលោកបានទទួលមរណភាពនាវេលាម៉ោង១២ និង១០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃ២៧ ខែតុលា ។
សូមបញ្ជាក់ថា លោក Li Keqiang ជាអតីតនាយករដ្ឋមន្ត្រីចិន និងជាប្រធានខុទ្ទកាល័យរបស់ប្រទេសចិនបានបម្រើការក្រោមការដឹកនាំរបស់ប្រធានាធិបតីចិន លោក Xi Jinping អស់រយៈពេលមួយទសវត្សរ៍ចាប់ពីឆ្នាំ២០១៣ ហើយលោកក៏ចូលនិវត្តន៍កាលពីខែមីនា ឆ្នាំ២០២៣នេះ៕