ព័ត៌មានជាតិ

បទវិភាគ ៖ សំឡេងអំពាវនាវ ឱ្យឆ្ពោះទៅរក “សន្តិសុខរួម”របស់វេទិកា Xiangshan ក្រុងប៉េកាំង គួរឱ្យពិភពលោកគិតពិចារណា

ថ្ងៃទី៣១ ខែតុលា វេទិកា Xiangshan ក្រុងប៉េកាំងលើកទី ១០ បានបិទបញ្ចប់នៅក្រុងប៉េកាំង ។ ក្នុងអំឡុងពេលវេទិកា លើកនេះ តំណាងចំនួនជាង១៨០០នាក់ ដែលមកពីប្រទេស និងតំបន់ចំនួនជាង១រយ និងអង្គការអន្តរជាតិ បានធ្វើកិច្ចសន្ទនា និង ការផ្លាស់ប្តូរអំពីប្រធានបទ “សន្តិសុខរួម សន្តិភាពយូរអង្វែង” ចំនួននិងសមាសភាពតំណាង ចូលរួមបានបំបែកកំណត់ត្រាថ្មី ក្នុងប្រវត្តិសាស្ត្រ ។

នេះជាលើកទីមួយហើយ ដែលវេទិកា Xiangshan ក្រុងប៉េកាំងបានរៀបចំធ្វើនៅទីតាំង ផ្ទាល់បន្ទាប់ពីរំលង អស់រយៈពេល៤ឆ្នាំ ។ ក្នុងបរិបទបច្ចុប្បន្ន ដែលវិបត្តិ អ៊ុយក្រែន និង ការប៉ះទង្គិចរវាងប៉ាឡេស្ទីន និងអ៊ីស្រាអែល បានទាក់ទាញក្រសែភ្នែករបស់អ្នកផងទាំងពួង “ប្រជាប្រិយភាពខ្លាំង” របស់វេទិកាលើកនេះ បានប្រមូលផ្តុំនូវក្តីបំណង របស់មនុស្សគ្រប់គ្នា ដែលចង់រួមគ្នាពិគ្រោះពិភាក្សា ពីបញ្ហាសន្តិសុខ និងបង្កើនការប្រាស្រ័យ ទាក់ទងនិងកិច្ចសន្ទនា ។ អ្នកជំនាញដែលចូលរួមវេទិកាលើកនេះ បាននាំគ្នាបញ្ចេញសេចក្តីអំពាវនាវ អំពីសន្តិភាពនិងសន្តិសុខ ដោយបានគូសបញ្ជាក់ពី “ការខិតខំប្រឹងប្រែងផ្លូវទូតកាន់តែច្រើន កិច្ចចរចាកាន់តែច្រើន និងការផ្លាស់ប្តូរកាន់តែច្រើន” ។

បច្ចុប្បន្ននេះ គំនិតផ្តួចផ្តើម ស្តីពីសន្តិសុខ សកល ដែលប្រទេសចិន បានលើកឡើងនោះ បានក្លាយទៅជាគម្រោង ដោះស្រាយដ៏សំខាន់ លើវិស័យអភិបាល កិច្ចសន្តិសុខសកល ហើយទទួលបានប្រតិកម្ម យ៉ាងសកម្មពីប្រទេស ចំនួនជាង១រយនិងអង្គការអន្តរជាតិ ។ ក្នុងនាមជាវេទិកា និងយន្តការដ៏សំខាន់ សម្រាប់អនុវត្តគំនិតផ្តួចផ្តើម ស្តីពីសន្តិសុខសកល វេទិកា Xiangshan ក្រុងប៉េកាំងបានរៀបចំឡើង ក្រោមប្រធានបទ “សន្តិសុខរួម សន្តិភាពយូរអង្វែង” ប្រការនេះបានបង្ហាញឱ្យឃើញនូវទស្សនៈគន្លឹះរបស់គំនិត ផ្តួចផ្តើមនេះ ហើយក៏បានផ្តល់ ឱកាសសម្រាប់ឱ្យបណ្តាភាគីនានា ស្វែងរកវិធីសាស្ត្ររក្សាសន្តិសុខ និងជំរុញកិច្ចសហប្រតិបតិ្តការ លើវិស័យសន្តិសុខផងដែរ ។

កន្លងមក វេទិកា Xiangshan ក្រុងប៉េកាំងមានលក្ខណៈពិសេសយ៉ាងច្បាស់លាស់មួយជាប់រហូត ពោលគឺឱ្យប្រទេសកំពុងអភិវឌ្ឍន៍កាន់តែច្រើនកាន់ “មីក្រូ” និងមាន “សិទ្ធិបញ្ចេញមតិ” ។ បើមើលពីការរៀបចំ របស់វេទិកាអាចឃើញថា វេទិកានេះមិនត្រឹមតែបានរៀបចំកិច្ចប្រជុំពេញអង្គ ដើម្បីពិភាក្សាពីតួនាទី របស់ប្រទេសកំពុងអភិវឌ្ឍន៍ ក្នុងសន្តិសុខសកលប៉ុណ្ណោះទេ ថែមទាំងក៏បានរៀបចំកិច្ចប្រជុំចែកជាក្រុម ដើម្បីពិភាក្សាពីបញ្ហា ដូចជា “សកលខាងត្បូង (Global South)” ការបន្ថែមរដ្ឋ សមាជិករបស់“ប្រទេស BRICS ” និងសន្តិសុខ នៅតាមបណ្តោយ“ខ្សែក្រវាត់និងផ្លូវ”ជាដើមទៀតផង ដើម្បីបង្ហាញ ឱ្យឃើញនូវការយកចិត្តទុកដាក់ និងតម្រូវការដ៏សមហេតុផល របស់ប្រទេសកំពុងអភិវឌ្ឍន៍ ។

“ឱកាសសម្រាប់អង្គុយជាមួយគ្នាដើម្បីធ្វើកិច្ចសន្ទនាដ៏ស្មោះត្រង់” នេះជាចំណាប់អារម្មណ៍ របស់អ្នកផងទាំងពួងចំពោះវេទិកាXiangshan ។ បើចង់ទទួលបាន សន្តិសុខរួម នោះការប្រកាន់ខ្ជាប់ការដោះស្រាយវិវាទ និងការខ្វែងគំនិត រវាងប្រទេស និងប្រទេសដោយ សន្តិវិធីតាមរយៈកិច្ចសន្ទនា និងពិគ្រោះពិភាក្សា គឺមានសារសំខាន់ណាស់ ។ ក្នុងវេទិកាលើកនេះ តំណាងនៃភាគីប៉ះទង្គិច ដូចជាតំណាងប្រទេសអ៊ីស្រាអែលនិងប្រទេសអារ៉ាប់ រុស្ស៊ីនិងអ៊ុយក្រែន សុទ្ធតែបានចូលរួមកិច្ចសន្ទនានិងពិគ្រោះពិភាក្សាតាមការអញ្ជើញ ។ ដូចការចង្អុលបង្ហាញរបស់អ្នកវិភាគ ដែលបានលើកឡើងថា ពិតមែនតែក្នុងកិច្ចប្រជុំតែមួយលើក ពិបាកដោះស្រាយបញ្ហាសន្តិសុខដ៏ស្មុគស្មាញក៏ដោយ ក៏ប៉ុន្តែឱ្យតែបណ្តាភាគី នានាអាចអង្គុយជាមួយគ្នា ដើម្បីចាប់ផ្តើមចរចា និងបង្កើនការប្រាស្រ័យទាក់ទងនិងការផ្លាស់ប្តូរ នោះនឹងមានសង្ឃឹមរកឃើញ វិធីសម្រាប់ដោះស្រាយវិវាទ ។

វេទិកា Xiangshan ក្រុងប៉េកាំង លើកទី ១០ក្នុងឆ្នាំនេះ ចំពេលខួបទី១០ នៃដែលប្រទេសចិន លើកឡើង នូវទស្សនៈស្តីពីការបង្កើតសហគមន៍ រួមវាសនារបស់មនុស្សជាតិ ។ ក្នុងស្ថានការណ៍អន្តរជាតិ ដ៏ស្មុគស្មាញនិងតឹងរ៉ឹង អ្នកផងទាំងពួង កាន់តែដឹងថា សន្តិសុខជាបុរេលក្ខខណ្ឌរបស់ការអភិវឌ្ឍ មនុស្សជាតិជាសហគមន៍ សន្តិសុខរួមដែលមិនអាចពុះបំបែកបាន ។ សំឡេងអំពាវនាវឱ្យឆ្ពោះទៅរក “សន្តិសុខរួម”របស់វេទិកា Xiangshan ក្រុងប៉េកាំងលើកនេះ គួរឱ្យពិភពលោកគិតពិចារណា ៕ ដោយវិទ្យុមិត្តភាពកម្ពុជាចិន

To Top