ព័ត៌មានជាតិ

រដ្ឋមន្ដ្រីមហាផ្ទៃ ជំរុញមន្រ្តីច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ត្រូវផ្តល់សេវាជូនភ្ញៀវ ឱ្យកាន់តែល្អប្រសើរ

ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានជំរុញទៅកាន់មន្រ្តីមានសមត្ថកិច្ចទាំងអស់ប្រចាំច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតត្រូវមានស្មារតីលះបង់ខ្ពស់ ស្របពេលច្រកទ្វារអន្តរជាតិមួយនេះកំពុងធ្វើកំណែទម្រង់បង្កើនការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលជាប្រភពចំណូលសេដ្ឋកិច្ចជាតិបានពីវិស័យទេសចរណ៍ ធុរកិច្ច និងវិស័យផ្សេងៗទៀត។

ការជំរុញនេះ ធ្វើឡើងក្នុងឱកាស លោកឧបនាយករដ្ឋមន្ដ្រី ស សុខា អញ្ជើញចុះជួបសំណេះ សំណាលជាមួយមន្ត្រីនគរបាលជាតិប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងអ្នកពាក់ព័ន្ធផ្សេងៗទៀត នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣។

លោកឧបនាយករដ្ឋមន្ដ្រី ថ្លែងបញ្ជាក់ថា ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានចាត់ទុកថា ជាប៉ូលសេដ្ឋកិច្ចដ៏សំខាន់មួយកំពុងទទួលលំហូរភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ការដឹកទំនិញចេញចូល ដែលតម្រូវឱ្យមន្រ្តីផ្តល់សេវាកម្មត្រូវយកចិត្តទុកដាក់បង្កើនការផ្តល់សេវាប្រកបដោយស្នាមញញឹមរាក់ទាញ បង្កើនសមត្ថភាពផ្តល់សេវារហ័សទាន់ចិត្តប្រកបដោយទំនុកចិត្ត មានសន្តិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពល្អប្រសើរសម្រាប់ភ្ញៀវ។

ថ្លែងចំពោះមុខមន្រ្តីនាឱកាសនោះដែរ លោកឧបនាយករដ្ឋមន្ដ្រី បានលើកឡើងនូវបញ្ហាជាអទិភាពចំនួន៤ធំៗ ត្រូវយកចិត្តទុកដាក់ធ្វើឱ្យមានវឌ្ឍនភាពកាន់តែល្អប្រសើរ ពោលគឺបញ្ហាសន្តិសុខតាមបន្ទាត់ព្រំដែន ពិសេសក្នុងតំបន់ច្រកទ្វារព្រំដែនអន្តរជាតិនេះ។ មួយទៀតត្រូវបង្កើនប្រសិទ្ធភាពផ្តល់សេវាច្រកចេញចូលតែមួយ ដែលគួរសិក្សាបង្កើតអគារឬបន្ទប់ផ្តល់សេវាច្រកចេញចូលតែមួយ ងាយស្រួលសម្រាប់មហាជនទូទៅទទួលសេវាកម្ម។ ក្នុងនោះផងដែរ ត្រូវគ្រប់គ្រងគន្លងផ្លូវចេញចូលសម្រាប់ភ្ញៀវជាតិនិងអន្តរជាតិ និងច្រកសម្រាប់ចេញចូលទំនិញឱ្យមានលំហូរជាក់លាក់។ ចំណែកបញ្ហាសំខាន់មួយទៀតនោះ គឺការផ្តល់ឯកសារធ្វើយ៉ាងឱ្យប្រាដកថាមានភាពងាយស្រួលជាងពេលកន្លងទៅ ពោលគឺកាត់បន្ថយភាពយឺតយ៉ាវសម្រាប់ភ្ញៀវ។

លើសពីនេះ លោកឧបនាយករដ្ឋមន្ដ្រី បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង របស់មន្រ្តីពាក់ព័ន្ធកន្លងទៅ បច្ចុប្បន្ន និងការបង្កើនប្រសិទ្ធភាពការងារនាពេលអនាគតបន្តទៅមុខទៀត។ ជាមួយគ្នានេះដែរ វឌ្ឍនភាពនៃអគារនិងហេដ្ឋារចនាសម្ព័ន្ធនានា បូករួមជាមួយប្រព័ន្ធបច្ចេកវិទ្យាទំនើបពិនិត្យលិខិតឆ្លងដែន(ស្កេន QR code) នៅច្រកចេញចូលនេះ លោកឧបនាយករដ្ឋមន្ដ្រី មានជំនឿជាក់ថា ការងារផ្តល់សេវាមួយនេះនឹងកាន់តែមានភាពងាយស្រួល ឆាប់រហ័ស ចំណេញពេលវេលាដល់ភ្ញៀវចេញចូលប្រទេសកម្ពុជា៕

To Top