ព័ត៌មានជាតិ

សម្ដេចធិបតី ៖ កម្ពុជា មិនខ្ចីលុយបរទេស រហូតដល់វ័ណ្ឌកទេ

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានឲ្យដឹងថា កម្ពុជាមិនដល់ថ្នាក់ខ្ចីលុយបរទេសរហូតដល់វ័ណ្ឌកនោះទេ គឺខ្ចីលុយមក ដើម្បីបម្រើដល់សេដ្ឋកិច្ច មិនមែនខ្ចីមកទិញរថយន្ត ឬយន្តហោះឡើយ ដើម្បីសំញែងភាពហ៊ឺហារទេ ។

ក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ នៅខេត្តកណ្តាល សម្តេចធិបតីបានរំលឹកថា កាលពេលមុនគេនិយាយពីសម្តេចតេជោ ហ៊ុន សែន ពេលចេញទៅក្រៅប្រទេសម្តងៗ ដើម្បីសុំកម្ចីជាថវិកា មកវិនិយោគហេដ្ឋារចនាសម្ព័ន្ធ ប៉ុន្តែមានគេជេរមិនចេះចប់ និងរិះគន់មិនចេះហើយ តែអ្នកជេរហ្នឹង ពេលស្ពានធ្វើហើយ ក៏គេប្រើដែរ។ ពេលសម្តេចតេជោ ខ្ចីលុយជប៉ុនយកមកធ្វើស្ពានគីសូណា អ្នកដែលជេរ សម្តេច រឿងខ្ចីលុយ ស្ពានធ្វើហើយក៏ឆ្លងដែរ។

សម្ដេចបន្ដថា ចំពោះអ្នកជេរ សម្តេចតេជោទៅទាក់ទងតែវិនិយោគិនចិន ហើយដល់ពេលនេះជេរទាំងសម្តេចធិបតីទៀត ដែលថាទាក់ទងតែវិនិយោគិនចិន នាំឲ្យបាត់បង់អធិបតេយ្យភាព តែដល់ពេលចិនមកបើករោងចក្រ ខ្លះឲ្យកូនចៅទៅធ្វើការឲ្យចិន និងបានប្រាក់ខែខ្ពស់។

សម្ដេចគូសបញ្ជាក់ថា «ដើម្បីប្រយោជន៍រួម យើងមិនមែនបាត់អធិបតេយ្យភាពទៅប្រទេសណាទេ ហើយយើងក៏គ្មានទៅខ្ចីបំណុល រហូតដល់ជំពាក់គេវ័ណ្ឌក ដូចគេថានោះទេ លើពិភពលោក តិចបំផុតដែលថាប្រទេសអត់មានបំណុល។ ប្រទេសខ្លះអត់មានបំណុល ក៏ចេញបំណុលខ្ចីប្រជាពលរដ្ឋខ្លួនឯងដែរ។ ជប៉ុន អាមេរិក និងបារាំង (ខ្ចីគេ) ដូចតែគ្នាទេ ដើម្បីការវិនិយោគដល់ប្រជាពលរដ្ឋ។ ប៉ុន្តែ វិនិយោគដើម្បីទទួលខុសត្រូវ មិនមែនយកលុយមកដើម្បីទិញឡាន ទិញកប៉ាល់ហោះ ដើម្បីទិញអ្វីអត់បម្រើការនោះទេ គឺយើងយកលុយមកដើម្បីវិនិយោគ លើហេដ្ឋារចនាសម្ព័ន្ធធំៗ បម្រើឲ្យសេដ្ឋកិច្ច បម្រើឲ្យជាតិរបស់យើង»

To Top