ស្វាយរៀង៖ លោក តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង បានថ្លែងថា ការចុះអនុស្សរណៈរវាងវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង និងក្រុមហ៊ុនហ្សាវ ហ៊ួយហ្វីលធ័រឯ.ក គឺជាវឌ្ឍនភាពថ្មីមួយទៀត ដែលវិស័យឯកជន និងវិស័យសាធារណៈ បានធ្វើការជាមួយគ្នាយ៉ាងស្អិតរមួត ក្នុងន័យលើកកម្ពស់ផលិតភាពការងារ និងការអប់រំ បណ្ដុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ។
ការថ្លែងលើកឡើងបែបនេះរបស់លោកបណ្ឌិតតូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង បានធ្វើឡើងខណៈដែលលោកតំណាងលោកអភិបាលខេត្តស្វាយរៀងអញ្ជើញចូលរួមក្នុងពិធីពិធីចុះអនុស្សរណៈយោគយល់គ្នា រវាងវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង និងក្រុមហ៊ុនហ្សាវហ៊ួយហ្វីលធ័រឯ.ក.ដែលប្រព្រឹត្តទៅនៅសាលប្រជុំវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោ សែនស្វាយរៀងនាព្រឹកថ្ងៃទី២ខែវិច្ឆិកាឆ្នាំ២០២៣។
លោកបណ្ឌិតបានថ្លែងថា វិស័យអប់រំជាវិស័យស្នូលដ៏មានសារៈសំខាន់ដែលមិនអាចខ្វះបាន ក្រោមការដឹកនាំដ៏ឈ្លាសវៃ និង ប៉ិនប្រសព្វរបស់សម្ដេចធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវ យុទ្ធសាស្ត្របញ្ចកោណ ដោយបានកំណត់អាទិភាព មនុស្ស ផ្លូវ ភ្លើង ទឹក និងបច្ចេកវិទ្យា ទាំងនេះបានបង្ហាញ ឱ្យឃើញច្បាស់អំពីការគិតគូររបស់ថ្នាក់ដឹកនាំប្រទេស អំពីភាពរីកចម្រើន ត្រូវពឹងផ្អែកលើធនធាន មនុស្ស និងបច្ចេកវិទ្យា។
ជាមួយគ្នានេះ លោកបណ្ឌិត ក៏សូមស្នើដល់ ភាគីទាំងពីរត្រូវស្វែងរកប្រយោជន៍រួមគ្នា និងសម្រេចឯកភាពគ្នាក្នុងពេលចុះអនុស្សរណៈយោគយល់គ្នា និង បន្តសហការគ្នាធ្វើការជាមួយគ្នាប្រកបដោយការទទួលខុសត្រូវខ្ពស់ និងសាមគ្គីភាពល្អ ដើម្បីលើកកម្ពស់ភាព ជាដៃគូរវាងវិស័យសាធារណៈ និងវិស័យឯកជន ជាពិសេសគឺបង្កើនលទ្ធភាពបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ស្របតាមតម្រូវការងារ ក្នុងខេត្តស្វាយរៀងបន្ថែមទៀត ។
បើតាមលោកមុត ចិន្តា នាយកវិទ្យាស្ថានភូមិភាគតេជោសែនស្វាយរៀងបានថ្លែងថា វិទ្យាស្ថានបានបណ្តុះបណ្តាលជំនាញបច្ចេកទេសចាប់ពីកម្រិត វិញ្ញាបនបត្រ រហូតដល់កម្រិតវិស្វករ បរិញ្ញាបត្របច្ចេកវិទ្យា លើជំនាញជាច្រើនដូចជា អគ្គិសនី អេឡិចត្រូនិក មេកាដូនិក មេកានិកឧស្សាហកម្ម វិទ្យាសាស្ត្រកុំព្យូទ័រ មេកានិករថយន្ត បរិក្ខារត្រជាក់ ផ្សារអគ្គិសនី ប្រព័ន្ធបញ្ហាម៉ូទ័រ គណនេយ្យ និងមានជំនាញជាច្រើនទៀត ស្របតាមតម្រូវការទីផ្សារ។
លោកនាយកបានបញ្ជាក់ថា បច្ចុប្បន្ន សិស្ស និស្សិត កំពុងសិក្សាសរុបចំនួន ១៣២៨នាក់ ស្រីចំនួន៣៨៥នាក់។ ជារៀងរាល់ឆ្នាំមានសិស្ស និស្សិតចុះឈ្មោះចូលរៀន និងបញ្ចប់ការសិក្សាប្រមាណ ១០០០នាក់ (ចាប់ពីកម្រិតវិញ្ញាបនបត្រ ដល់កម្រិតបរិញ្ញាបត្របច្ចេកវិទ្យា)។ ដោយឡែកឆ្នាំសិក្សាថ្មីនេះ តទៅ វិទ្យាស្ថាននឹងធ្វើការជ្រើសរើសសិស្ស និស្សិតចូលរៀន ប្រមាណ ២០០០នាក់ ដើម្បីបំពេញនូវ តម្រូវការក្នុងទីផ្សារ និងស្របតាមហេដ្ឋារចនាសម្ព័ន្ធដែលបានសាង់សង់រួចជាស្រេច។
លោកបានបន្ថែមថា ភាគីយើងទាំងពីរនឹងបន្តសហការ ដើម្បីបំពេញនូវតម្រូវការគ្នាទៅវិញទៅមក ស្របតាមចក្ខុវិស័យ របស់រាជរដ្ឋាភិបាលដែលបានដាក់ចេញក្នុងយុទ្ធសាស្ត្របញ្ចកោណ ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១.៥លាន ក្នុងរយៈពេល៥ឆ្នាំ និយាយដោយឡែក នៅខេត្តស្វាយរៀង – វិទ្យាស្ថាន នឹងត្រូវបណ្តុះបណ្តាលដល់គ្រួសារមានបណ្ណសមធម៌កម្រិត១ និងកម្រិត២ និងជនរងហានិភ័យ ប្រមាណ៣៤,០០០នាក់។
លោកបានបន្ថែមថា វិទ្យាស្ថាន និង ហ្សាវហួយ ហ្វីលធ័រ ឯ.ក នឹងចូលរួមជាមួយគ្នាក្នុងការបំប៉ន សមត្ថភាពគ្រូបន្ថែម ការបំប៉នសមត្ថភាពសិស្ស និស្សិត ការបន្តទទួលសិស្ស ចុះកម្មសិក្សា និងការងារ ការបណ្តុះបណ្តាល បំប៉នសមត្ថភាពកម្មករ បុគ្គលិក ក្រុមហ៊ុនហ្សាវហួយ ហ្វីល ធ័រ និងកិច្ចសហការតាមរូបភាពផ្សេងទៀត ក្នុងករណីមានតម្រូវការចាំបាច់ផងដែរ៕
ដោយសហការី