ភ្នំពេញ ៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានជំរុញប្រជានេសាទឲ្យទៅចុះបញ្ជីនាវានេសាទ មុនបំណាច់ឆ្នាំ២០២៣ បើពុំដូច្នេះទេ ក្រោយឆ្នាំ២០២៣ អ្នកដែលមិនបានមកចុះបញ្ជី នឹងមិនត្រូវបានអនុញ្ញាតឲ្យនេសាទក្នុងលម្ហសមុទ្រ នៃដែនសមត្ថកិច្ចរបស់រដ្ឋបាលខេត្តព្រះសីហនុឡើយ ព្រោះធ្វើឲ្យប៉ះពាល់គុណតម្លៃជាតិ។
ការជំរុញនេះ ក្នុងឱកាសលោកអភិបាលខេត្ត ដឹកនាំប្រជុំពិនិត្យវឌ្ឍនភាព នៃការចុះបញ្ជីនាវានេសាទ (ទូកនេសាទ) ក្នុងភូមិសាស្រ្តខេត្តព្រះសីហនុ នៅថ្ងៃ១ វិច្ឆិកា ។

តាមរបាយការណ៍របស់លោក គង់ វិតាណៈ អភិបាលរងខេត្តព្រះសីហនុទទួលបន្ទុកការងារកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ព្រះសីហនុ បានឲ្យដឹងថា ខេត្តមានទូកនេសាទចំនួន២៥២៣គ្រឿង ក្នុងនោះ នាវានេសាទដែលបានចុះបញ្ជីមានចំនួន៤៨៨គ្រឿងបានចុះបញ្ជីរួចមុនពេលយុទ្ធនាការជំរុញការចុះបញ្ជី ហើយគិតចាប់ពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ អង្គភាពច្រកចេញចូលតែមួយនៃរដ្ឋបាលខេត្តបានទទួលសេវាចុះបញ្ជី និងត្រួតពិនិត្យលក្ខណៈបច្ចេកទេសទូកនេសាទ សរុបចំនួន៣៣៧ គ្រឿង និងប្រមូលចំណូលសរុបបានចំនួន២៧.៥៥០.០០០រៀល ជាមួយនឹងសម្របសម្រួល លើកទឹកចិត្ត និងបញ្ចុះតម្លៃ ៥០ភាគរយ នៃតម្លៃសេវាសរុប។

ក្នុងឱកាសនោះដែរ ដើម្បីបន្តជំរុញការចុះបញ្ជីទូកនេសាទ និងដោះស្រាយបញ្ហាប្រឈម លោក គួច ចំរើន ក៏បានធ្វើការណែនាំដល់ក្រុង ស្រុក បន្តផ្សព្វផ្សាយលើកទឹកចិត្ត ប្រជានេសាទមកទទួលសេវាការសុំចុះបញ្ជីទូកនេសាទ មុនបំណាច់ឆ្នាំ២០២៣ ដោយរដ្ឋបាលខេត្តនឹងជួយសម្រួល នៃការបញ្ចុះតម្លៃសេវារហូត ៥០ភាគរយ ហើយក្រោយពីឆ្នាំ២០២៣ អ្នកដែលមិនបានមកចុះបញ្ជី នឹងមិនត្រូវបានអនុញ្ញាតឲ្យនេសាទ ក្នុងលម្ហសមុទ្រ នៃដែនសមត្ថកិច្ចរបស់រដ្ឋបាលខេត្តព្រះសីហនុឡើយ ធ្វើឲ្យប៉ះពាល់គុណតម្លៃរបស់ជាតិ។

លោក គួច ចំរើន បន្ថែមថា ក្នុងករណីបានមកស្នើសុំសេវាចុះបញ្ជីហើយ ប៉ុន្តែមិនទាន់បានទទួលប័ណ្ណសម្គាល់ទូកនេសាទ ឱ្យតែមានបង្កាន់ដៃទទួលពាក្យ និងបង្កាន់ដៃបង់ប្រាក់របស់អង្គភាពច្រកចេញចូលតែមួយដែលបញ្ជាក់ថាបានស្នើសុំសេវារួចហើយនោះ រដ្ឋបាលខេត្តអនុញ្ញាតឱ្យធ្វើអាជីវកម្មនេសាទក្នុងដែនសមុទ្រជាធម្មតា រួចរង់ចាំទទួលប័ណ្ណសម្គាល់ទូកនេសាទតាមក្រោយ។

លោក គួច ចំរើន បានធ្វើការណែនាំដល់រដ្ឋបាលក្រុង ស្រុក ជួយសម្របសម្រួល ការធ្វើអត្តសញ្ញាណកម្មរបស់ម្ចាស់នាវានេសាទ ដើម្បីមានភាពងាយស្រួលមកបំពេញបែបបទ ចុះបញ្ជីបានលឿនឆាប់ ដើម្បីគាំទ្រប្រជានេសាទ ឱ្យមានភាពងាយស្រួល ក្នុងការទទួលបានលិខិតអនុញ្ញាតសម្រាប់ការធ្វើនេសាទ។ ចំពោះទាក់ទងនឹងការចុះបញ្ជីនាវានេសាទ ពួកគាត់ទទួលបានសិទ្ធិក្នុងការធ្វើនេសាទ ដូច្នេះអ្នកដែលមានការពាក់ព័ន្ធទាំងអស់ ត្រូវបន្តការខិតខំប្រមូលផ្តុំស្មារតី ទទួលខុសលើកទឹកចិត្ត ជំរុញចលនាធ្វើយ៉ាងណាឱ្យប្រជានេសាទមកស្នើសុំការចុះបញ្ជីទូកនេសាទរបស់ខ្លួន ឱ្យបានគ្រប់ៗគ្នា ដើម្បីពួកគាត់ទទួលបានសិទ្ធ ក្នុងការធ្វើនេសាទ ក្នុងដែនសមុទ្រដោយស្របច្បាប់។
អភិបាលខេត្តបញ្ជាក់ថា “យើងគ្រោងនឹងចុះទៅធ្វើការជួបជាមួយបងប្អូនប្រជានេសាទ ក៏ប៉ុន្តែដោយសារតែកត្តាពេលវេលា យើងមិនទាន់មានពេលទៅជួបពួកគាត់ យើងនឹងព្យាយាមរកពេលវេលាណាមួយសមស្រប ដើម្បីទៅជួបបងប្អូនប្រជានេសាទ ដើម្បីឈ្វេងយល់អំពីសុខទុក និងកង្វល់របស់ពួកគាត់ ថាតើមានបញ្ហាអ្វី រឿងអ្វី ក្នុងនាមយើងជាអាជ្ញាធរ ត្រូវចូលរួមចំណែកលើកទឹកចិត្តឲ្យបងប្អូនប្រជានេសាទរបស់យើងមានលទ្ធភាព ចេញទៅធ្វើនេសាទដោយស្របច្បាប់ ទទួលបានផលនេសាទ យកមកចិញ្ចឹមក្រុមគ្រួសារ បង្កើនជីវភាពគ្រួសាររបស់ពួកគាត់ បានល្អប្រសើរបន្ថែមទៀតនៅពេលខាងមុខ” ៕
