ព័ត៌មានជាតិ

រដ្ឋមន្ត្រីអប់រំ ៖ អ្នកពាក់ព័ន្ធត្រូវខិតខំបំពេញភារកិច្ច ដោយការទទួលខុសត្រូវខ្ពស់ ដើម្បីធានាការប្រឡងបាក់ឌុប ប្រព្រឹត្តដោយរលូន

ភ្នំពេញ ៖ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងលើកទឹកចិត្ត ឲ្យគណៈមេប្រយោគ គណៈកម្មការនានា និងអ្នកពាក់ព័ន្ធការរៀបចំដំណើរការប្រឡង សញ្ញាបត្រមធ្យមសិក្សាទិយភូមិ (បាក់ឌុប) នៅថ្ងៃ៦-៧វិច្ចិកា ខិតខំបំពេញភារកិច្ចរៀងៗខ្លួន ដោយការទទួលខុសត្រូវខ្ពស់ ដើម្បីធានាដល់ការប្រឡងប្រព្រឹត្តទៅដោយគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន ។

តាមរយៈវីដេអូផ្ដាំផ្ញើដល់បុគ្គលិកអប់រំ និងអ្នកពាក់ព័ន្ធ នាថ្ងៃទី២ វិច្ឆិកា លោករដ្ឋមន្ត្រីអប់រំបញ្ជាក់ថា «នៅក្នុងការប្រឡង សញ្ញាបត្រមធ្យមសិក្សាទិយភូមិ សម័យប្រឡង៖ ៦ វិច្ឆិកា ២០២៣ ខាងមុខនេះ ក្នុងនាមថ្នាក់ដឹកនាំក្រសួងអប់រំយុវជន និងកីឡា ខ្ញុំសូមលើកទឹកចិត្តឲ្យ គណៈមេប្រយោគ គណៈកម្មការនានា និងអ្នកពាក់ព័ន្ធការរៀបចំដំណើរការប្រឡងនៅឆ្នាំនេះ សូមខិតខំបំពេញភារកិច្ចរៀងៗខ្លួន ដោយការទទួលខុសត្រូវខ្ពស់ ប្រកបដោយវិជ្ជាជីវៈ និងមានប្រសិទ្ធភាពទាំងការងាររដ្ឋបាល ទាំងការងារគ្រប់គ្រង បច្ចេកទេស សន្តិសុខ វិធានការសុខភាព និងសុវត្ថិភាព ដើម្បីធានាថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទិយភូមិ ប្រព្រឹត្តទៅដោយគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន» ។

ទន្ទឹមគ្នានោះដែរលោករដ្ឋមន្ត្រី ក៏បានជូនពរដល់គណៈមេប្រយោគ គណៈកម្មការនានា និងអ្នកពាក់ព័ន្ធទាំងអស់ ឲ្យទទួលបានជោគជ័យ ប្រកបដោយសុខសុវត្ថិភាព គ្រប់ៗគ្នា ។

ទន្ទឹមនឹងនេះដែរ នាព្រឹកព្រលឹមស្រាងៗ ប្រធានគណៈមេប្រយោគទូទាំងប្រទេស ប្រចាំរាជធានី-ខេត្តបានមកទទួលផ្ទៀងផ្ទាត់ និងដឹកជញ្ជូនហឹបប្រធានវិញ្ញាសា ទៅកាន់បណ្ដារាជធានីខេត្តរៀងៗខ្លួន ដើម្បីត្រៀមសម្រាប់ការប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡង ៦ វិច្ឆិកា ខាងមុខ។

គួរបញ្ជាក់ថា សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិរយៈពេល២ថ្ងៃ គឺថ្ងៃ៦៧-វិច្ឆិកា ក្នុងនោះមានមណ្ឌលប្រឡងសរុប២២៧មណ្ឌល ត្រូវជា៥.៥៤៣បន្ទប់ បេក្ខជនចុះឈ្មោះប្រឡងសរុប ១៣៧.៤១២នាក់ ស្រី៧៣.២៧៨នាក់។ គណៈមេប្រយោគ និងគណៈកម្មការផ្សេងៗដែលត្រូវចូលរួមក្នុងដំណើរការប្រឡងគ្រប់ដំណាក់កាលសរុប២៩.៥២៥នាក់ ក្នុងនោះថ្នាក់ក្រសួង៤.១២៦នាក់ និងថ្នាក់រាជធានីខេត្ត២៥.៣៩៩នាក់៕

To Top