ព័ត៌មានជាតិ

ព្រះមហាក្សត្រកម្ពុជា គាំទ្រឱ្យបន្ដការអភិវឌ្ឍ ធនធានមនុស្សក្នុងវិស័យអភិរក្ស និងស្រាវជ្រាវ

ភ្នំពេញ ៖ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា មានព្រះរាជបន្ទូលគាំទ្រ ឱ្យបន្តការអភិវឌ្ឍធនធានមនុស្ស ក្នុងវិស័យអភិរក្ស និងស្រាវជ្រាវរបស់កម្ពុជា តាមគ្រប់រូបភាព និងគ្រប់ទម្រង់ជាមួយស្ថាប័ននានា នៃប្រទេសជប៉ុន។

ព្រះមហាក្សត្រនៃកម្ពុជាមានព្រះរាជបន្ទូលបែបនេះ នាឱកាសដែលទ្រង់យាងជាព្រះរាជធិបតីដ៏ខ្ពង់ខ្ពស់បំផុត សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «ស្ពានហាលខាងលិចប្រាសាទអង្គរវត្ត» នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅខេត្តសៀមរាប។

ព្រះមហាក្សត្រ បានមានព្រះរាជបន្ទូលថ្លែងអំណរគុណទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន-JICA សាកល វិទ្យាល័យសូហ្វីយ៉ា ជាពិសេសលោកសាស្ត្រាចារ្យ យ៉ូស៊ីអាគី អ៊ីស៊ីសាវ៉ា ដែលផ្តល់នូវការគាំទ្រដ៏មានសារៈសំខាន់ក្នុងការជំរុញកិច្ចការអភិរក្ស ស្រាវជ្រាវ បណ្តុះបណ្តាលក្នុងរមណីយដ្ឋានអង្គរ ឱ្យប្រព្រឹត្តទៅដោយចីរភាព និងជាពិសេសដោយឡែកសម្រាប់ការឧបត្ថម្ភគាំទ្រ រហូតដល់បញ្ចប់ការងារជួសជុលជាស្ថាពរ នូវស្ពានហាលប្រាសាទអង្គរវត្ត និងជារួមសម្រាប់កិច្ចការជួសជុលប្រាសាទជាច្រើនផ្សេងទៀត អមដោយការបណ្តុះបណ្តាលធនធានមនុស្សកម្ពុជា ព្រមទាំងបានផ្សព្វផ្សាយប្រវត្តិសាស្ត្រ និងវប្បធម៌ខ្មែរឱ្យសាធារណជនលើពិភពលោកបានជ្រួតជ្រាប។

ព្រះអង្គ មានព្រះបន្ទូលបញ្ជាក់ថា «ក្នុងន័យនេះ ខ្ញុំ សូមលើកទឹកចិត្ត និងគាំទ្រឱ្យបន្តការអភិវឌ្ឍធនធានមនុស្ស ក្នុងវិស័យអភិរក្ស និងស្រាវជ្រាវរបស់កម្ពុជា តាមគ្រប់រូបភាព និងគ្រប់ទម្រង់ជាមួយស្ថាប័ននានា នៃប្រទេសជប៉ុន ព្រមទាំងជាមួយដៃគូជាតិ និងអន្តរជាតិ ស្របតាមចក្ខុវិស័យនៃយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលអាណត្តិថ្មី ស្មារតីនៃចក្ខុវិស័យ ១០ឆ្នាំទៅមុខទៀត នៃយន្តការអាយស៊ីស៊ី (ICC) អង្គរ-សំបូរព្រៃគុក និងអនុលោមទៅតាមកិត្តិនាមជាប្រទេសកំពុងឈានមុខគេ ក្នុងចំណោមបណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍ ក្នុងនាមអង្គរជាទីតាំងបុរាណវិទ្យាដ៏ធំជាងគេរបស់យូណេស្កូ សម្រាប់កិច្ចការបណ្ដុះបណ្តាលធនធានមនុស្ស សម្រាប់ វិស័យ បេតិកភណ្ឌវប្បធម៌»។

ព្រះអង្គ មានព្រះបន្ទូលបន្ដថា ដើម្បីសម្តែងនូវអំណរគុណជាថ្មីម្ដងទៀតដល់ បណ្តាប្រទេសជាមិត្ត អ្នកជំនាញការជាតិ និងអន្តរជាតិ ក្រសួង ស្ថាប័ន អាជ្ញាធរដែនដី កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទាំងអស់ដែលបានរួមគ្នា ដើម្បីរក្សាតម្លៃលេចធ្លោ ជាសកលរបស់រមណីយដ្ឋានអង្គរ ជាបេតិកភណ្ឌពិភពលោកឱ្យគង់វង្ស។

ព្រះអង្គ មានព្រះបន្ទូលសង្ឃឹមថា ស្មារតីដើម្បីអង្គរ និងវប្បធម៌ជាតិនេះ នឹងនៅស្ថិតស្ថេរ ដើម្បីអនុញ្ញាត ឱ្យអាជ្ញាធរជាតិអប្សរា និងស្ថាប័នវប្បធម៌កម្ពុជាផ្សេងៗទៀត អាចនឹងបន្តដំណើរការល្អ បំពេញភារកិច្ចរបស់ខ្លួន ទទួលបានជោគជ័យដ៏ធំធេងក្នុងការងារអភិរក្ស និងអភិវឌ្ឍន៍ រមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរ ព្រមទាំងបេតិកភណ្ឌវប្បធម៌ និងធម្មជាតិពាក់ព័ន្ធផ្សេងៗ ទៀត សម្រាប់ជាឧត្តមប្រយោជន៍ជូនជាតិមាតុភូមិ និងប្រជារាស្ត្រកម្ពុជា៕

To Top