ព័ត៌មានជាតិ

សម្តេចធិបតី ៖ ក្រៅពីផ្តល់សេវារដ្ឋបាល ការពារសន្តិសុខ ក្រសួងមហាផ្ទៃ ដើរតួនាទីដ៏សំខាន់ ជំរុញគោលនយោបាយ រដ្ឋាភិបាល

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា ក្រៅពីផ្តល់សេវារដ្ឋបាល និងការគាំពារ សន្តិសុខសាធារណៈក្រសួងមហាផ្ទៃ បានដើរតួនាទីដ៏សំខាន់មួយទៀត ជាសេនាធិការ របស់រាជរដ្ឋាភិបាល ក្នុងការជំរុញឲ្យគោលនយោបាយរបស់រដ្ឋាភិបាល ក្លាយទៅជាសកម្មភាពជាក់ស្តែង ដែលផ្តល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋ ។

ក្នុងឱកាស អញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ អគារទីស្តីការក្រសួងមហាផ្ទៃថ្មី នាថ្ងៃទី៦ វិច្ឆិកា សម្តេចធិបតីមានប្រសាសន៍ថា “អាគារទីស្តីការក្រសួងមហាផ្ទៃ ដ៏ធំស្គឹមស្កៃនេះ ជាសក្ខីភាពឆ្លុះបញ្ចាំង អំពីសារៈសំខាន់នៃតួនាទី និងភារកិច្ចរបស់ក្រសួងមហាផ្ទៃ នៅក្នុងរាជរដ្ឋាភិបាលដែលជាឆ្អឹងខ្នង និងជាសេនាធិការដ៏សំខាន់របស់រាជរដ្ឋាភិបាល នៅក្នុងការអនុវត្តគោលនយោបាយ របស់រាជរដ្ឋាភិបាល ជាពិសេស ការផ្តល់សេវារដ្ឋបាល និងការគាំពារសន្តិសុខសាធារណៈ ជូនដល់ប្រជាពលរដ្ឋ ។ ជាមួយគ្នានេះ ក្រសួងមហាផ្ទៃ ក៏ដើរតួនាទីជាស្ពាន ផ្សារភ្ជាប់គោលនយោបាយថ្នាក់ជាតិដែលដាក់ចេញ ដោយរាជរដ្ឋាភិបាល ទៅជាការអនុវត្ត ដែលភាគច្រើន ធ្វើឡើងដោយរដ្ឋបាលថ្នាក់ក្រោមជាតិ និងនៅជាប់ផ្ទាល់បញ្ហា តាមមូលដ្ឋាន” ។

សម្តេចនាយករដ្ឋមន្ត្រីបញ្ជាក់ថា “ពិតណាស់ គោលនយោបាយ នឹងអាចនៅទ្រឹងនៅលើក្រដាសប៉ុណ្ណោះ បើសិនជាគ្មានអ្នកយកទៅអនុវត្ត ហើយការអនុវត្តនោះទៀត និងមិនបានទទួលនូវជោគជ័យនោះទេ ប្រសិនបើគ្មានស្ថាប័នរួម ជាអ្នកសម្របសម្រួល ក្នុងន័យនេះ ក្រៅពីផ្តល់សេវារដ្ឋបាល និងការគាំពារ សន្តិសុខសាធារណៈ ជូនដល់ប្រជាពលរដ្ឋ ក្រសួងមហាផ្ទៃ បានដើរតួនាទីដ៏សំខាន់មួយទៀត ជាសេនាធិការ របស់រាជរដ្ឋាភិបាល ក្នុងការជំរុញឲ្យគោលនយោបាយរបស់រដ្ឋាភិបាល ក្លាយទៅជាសកម្មភាពជាក់ស្តែង ដែលផ្តល់ផលប្រយោជន៍ ដល់ប្រជាពលរដ្ឋ” ។

ជាមួយគ្នានេះ សម្តេចធិបតីក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះមន្ត្រីគ្រប់ជាន់ថ្នាក់ របស់ក្រសួងទាំងក្របខណ្ឌនគបាលជាតិ និងស៊ីវិលដែលបានខិតខំបំពេញភារកិច្ចក្នុងការបម្រើជាតិ និងប្រជាពលរដ្ឋ គ្រប់កាលទេសៈពេលកន្លងមក ដែលជាកត្តាសំខាន់ក្នុងការប្រែក្លាយគោលនយោបាយ របស់រដ្ឋាភិបាល ទៅជាលទ្ធផលជាក់ស្តែងនៅតាមមូលដ្ឋានជូនពលរដ្ឋ ហើយការចូលរួមរបស់មន្ត្រីគ្រប់ជាន់ថ្នាក់ ទាំងក្របខណ្ឌនគបាលជាតិ និងស៊ីវិលរបស់ក្រសួងនឹងត្រូវបន្តជាកត្តាសំខាន់ ក្នុងការអនុវត្តនូវគោលនយោបាយផ្សេងៗ ឲ្យមានប្រសិទ្ធភាពទូលំទូលាយ ។

សម្តេចធិបតីបន្តថា “ខណៈដែលយើងកំពុងសម្ពោធសមិទ្ធផល ជាទីមោទនភាព ពោលគឺអាគារថ្មីនៃទីស្តីការក្រសួងមហាផ្ទៃថ្ងៃនេះ ខ្ញុំសូមក្រឿនរំលឹក និងបំផុសស្មារតី ថ្នាក់ដឹកនាំ និងមន្ត្រីរបស់ក្រសួងមហាផ្ទៃផងដែរថា ជាមួយនឹងតួនាទីដ៏សំខាន់របស់ក្រសួង រាជរដ្ឋាភិបាល ក៏មានក្តីរំពឹងខ្ពស់ លើក្រសួងមហាផ្ទៃ ហើយក្តីរំពឹងនេះ នឹងទាមទារ នូវភាពជាអ្នកដឹកនាំដ៏ឈ្លាសវៃ មានមន្ត្រីដ៏សកម្ម និងជាពិសេសមាននូវមនសិការ ក្នុងការបម្រើជាតិ និងប្រជាជន ដោយមិនគិតពី ឧបសគ្គ និងការនឿយហត់ណាមួយឡើយ” ។

សម្តេចធិបតីសង្កត់ធ្ងន់ថា “ក្រោមការដឹកនាំ របស់ឯកឧត្តម សន្តិអភិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ខ្ញុំជឿជាក់ទាំងស្រុងថា ក្រសួងមហាផ្ទៃ នឹងអាចឆ្លើយតបបាន ទៅនឹងក្តីរំពឹងនេះ”៕

To Top