ព័ត៌មានជាតិ

សម្តេចធិបតី ឲ្យក្រសួងមហាផ្ទៃ ត្រូវពង្រឹងទប់ស្កាត់ រាល់បាតុភាពអវិជ្ជមាន

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានធ្វើការណែនាំ ទៅដល់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ជាពិសេសថ្នាក់ក្រោមជាតិ ត្រូវចាំបាច់ ពង្រឹងការទប់ស្កាត់ នូវរាល់បាតុភាព រួមទាំងគ្រោះថ្នាក់ចរាចរណ៍ អំពើជួញដូរ និងការប្រើប្រាស់គ្រឿងញៀន ការលួចឆក់ប្លន់ ល្បែងស៊ីសង គ្រប់ប្រភេទ និងបញ្ហាក្មេងទំនើងជាដើម ។

ការលើកឡើងរបស់សម្តេចធិបតីខាងលើនេះ ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ អគារទីស្តីការក្រសួងមហាផ្ទៃថ្មី នាថ្ងៃ៦ វិច្ឆិកា ស្ថិតនៅអគារទីស្តីការក្រសួងមហាផ្ទៃថ្មី ។

នាឱកាសនេះ សម្តេចធិបតី ក៏បានគូសរំលេច នូវគោលនយោបាយ និងទិសដៅការងារមួយចំនួន ដែលរាជរដ្ឋាភិបាលនីតិកាលទី៧ បាននិងកំពុងយកចិត្តទុកដាក់ ហើយមានឧបនិស្ស័យពាក់ព័ន្ធទៅនឹងក្រសួងមហាផ្ទៃ ជាក់ស្តែងវិធានការគន្លឹះមួយ នៅក្នុងវិធានការគន្លឹះ៥ របស់រាជរដ្ឋាភិបាល អាណត្តិទី៧ គឺការពង្រឹងការអនុវត្តគោលនយោបាយ ភូមិឃុំ សង្កាត់ មានសុវត្ថិភាព ដែលផ្តោតយកចិត្តទុកដាក់ ជាពិសេស ទៅលើការប្រយុទ្ធប្រឆាំងគ្រឿងញៀន ។

សម្តេចធិបតីសង្កត់ធ្ងន់ថា “ជាក់ស្តែង ក្រសួងមហាផ្ទៃចាំបាច់ត្រូវ ពង្រឹងការទប់ស្កាត់ នូវរាល់បាតុភាព រួមទាំងគ្រោះថ្នាក់ចរាចរណ៍ អំពើជួញដូរ និងការប្រើប្រាស់គ្រឿងញៀន ការលួចឆក់ប្លន់ ល្បែងស៊ីសង គ្រប់ប្រភេទ និងបញ្ហាក្មេងទំនើងជាដើម ហើយរដ្ឋបាលថ្នាក់ក្រោមជាតិ ក៏ចាំបាច់ត្រូវចូលរួម ផ្តល់សេវាយុត្តិធម៌ក្រៅប្រព័ន្ធតុលាការ ជូនបងប្អូនប្រជាពលរដ្ឋផងដែរ” ។

ក្នុងនោះដែរ សម្តេចនាយករដ្ឋមន្ត្រី ក៏បានលើកឡើង ពីកិច្ចការងារមួយចំនួន ដែលជាស្នាដៃរបស់កងកម្លាំង ដែលបានចាត់វិធានការជាច្រើន ជាបន្តបន្ទាប់ទាក់ទងទៅនឹងការបង្ក្រាប ទីតាំងល្បែងស៊ីសង ការប្រើប្រាស់គ្រឿងញៀន ។

សម្តេចធិបតីមានប្រសាសន៍ថា “កិច្ចការងារនេះនៅច្រើន វាទាមទារឲ្យយើងត្រូវបន្តឥតឈប់ឈរ ហើយខិតខំ រិះរកមធ្យោបាយ រួមសហការគ្នា ដើម្បីទប់ទល់ទៅលើបញ្ហានេះបន្តទៀត ព្រោះកិច្ចការងារនេះ វាពាក់ព័ន្ធផ្ទាល់ជាមួយនឹងយើងតែម្តង ពាក់ព័ន្ធទៅនឹងមូលដ្ឋាន នៅជុំវិញកន្លែងបរិស្ថាន ដែលយើងត្រូវរស់នៅ បរិស្ថានដែលកូនចៅយើងត្រូវទៅរៀន ត្រូវទៅប្រកបរបរ ដូច្នេះកិច្ចការងារនេះ គឺសុំបន្ត យើងរួមគ្នាដើម្បីធ្វើកិច្ចការងារទៀត”៕

To Top