ព័ត៌មានជាតិ

ថ្ងៃទី២ នៃការប្រឡងបាក់ឌុប បានចាប់ផ្ដើមដំណើរការហើយ

ភ្នំពេញ ៖ ថ្ងៃទី២ នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) បានចាប់ផ្ដើមដំណើរការហើយនៅព្រឹកថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ។

តាមរយៈគេហទំព័រហ្វេសប៊ុករបស់ ក្រសួងអប់រំ នាថ្ងៃទី៧ វិច្ឆិកា នេះ បានឲ្យដឹងថា ការបើកហឹបវិញ្ញាសា នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ  នៅតាមមណ្ឌលប្រឡងទាំងអស់ មានការអញ្ជើញចូលរួមពីគណៈមេប្រយោគ គណៈកម្មការអប្បមាទទូទាំងប្រទេស ជំនួយការអប្បមាទ ប្រធាន-អនុប្រធាននៅតាមមណ្ឌល និងក្រោមការត្រួតពិនិត្យដោយមន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយ។

ចំពោះវិញ្ញាសាទី១ នាព្រឹកថ្ងៃទី២ នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ គឺ៖ អក្សរសាស្ត្រខ្មែរ ពីម៉ោង ៧:៣០ ដល់ ៩:០០ សម្រាប់ថ្នាក់វិទ្យាសាស្ត្រ  និងគណិតវិទ្យា ពីម៉ោង ៧:៣០ ដល់ម៉ោង ៩:០០ សម្រាប់ថ្នាក់វិទ្យាសាស្ត្រសង្គម។ នាព្រឹកថ្ងៃទី២នេះ ស្ថានភាពក្នុងដំណើរការប្រឡង មានភាពស្ងប់ស្ងាត់ និងមានសណ្ដាប់ធ្នាប់របៀបរៀបរយល្អទាំងនៅក្នុង និងក្រៅមណ្ឌលប្រឡង ដំណើរការប្រឡងបានប្រព្រឹត្តទៅតាមពេលវេលាដែលបានកំណត់។

ក្រសួងអប់រំ យុវជន និងកីឡា បានអំពាវនាវដល់បេក្ខជនទាំងអស់ត្រូវគោរពបទប្បញ្ញត្តិនៃការប្រឡងឱ្យបានល្អប្រសើរ ជាពិសេសមិនត្រូវលាក់ទុកជាប់នឹងខ្លួននូវឧបករណ៍អេឡិចត្រូនិចគ្រប់ប្រភេទចូលក្នុងមណ្ឌលប្រឡង ឬបន្ទប់ប្រឡងជាដាច់ខាត។ ក្នុងករណីរកឃើញថាបានប្រព្រឹត្តសកម្មភាពផ្ទុយនឹងបទប្បញ្ញត្តិ និងកម្រិតវិន័យ បេក្ខជននឹងត្រូវបានកំណត់ឱ្យធ្លាក់ជាស្វ័យប្រវត្តិ។

សូមបញ្ជាក់ថា សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៦ វិច្ឆិកា ២០២៣ មានបេក្ខជនចុះឈ្មោះប្រឡងសរុប ១៣៧ ៤១២នាក់ ស្រី ៧៣ ២៧៨នាក់ មណ្ឌលប្រឡងសរុប ២២៧ ស្មើនឹង ៥ ៥៤៣បន្ទប់។

ក្រសួងអប់រំ យុវជន និងកីឡា គ្រោងនឹងប្រកាសលទ្ធផលប្រឡងនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្រាប់រាជធានីភ្នំពេញ និងខេត្តកណ្ដាល និងថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្រាប់ខេត្តផ្សេងទៀត ព្រមទាំងមានផ្សាយនៅលើទំព័រហ្វេសប៊ុកផ្លូវការក្រសួងអប់រំ យុវជន និងកីឡា៕

To Top