ព័ត៌មានជាតិ

សម្តេចធិបតី រំលឹកថា ពេលសម្តេចចាប់កំណើត ក្នុងផ្ទៃពោះបាន៧ខែ ត្រូវជាប់គុកជាមួយម្តាយ

រូបភាព ម៉ៅ ដារ៉ាត់

ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា បានរំលឹកពីអតីតកាលថា នៅពេលដែលសម្តេច បានមកចាប់កំណើត ក្នុងផ្ទៃ៧ខែ ត្រូវជាប់គុកជាមួយម្តាយ នៅក្នុងសម័យប៉ុលពត ។

នាឱកាសអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ ខេត្តព្រះសីហនុ នៅព្រឹកថ្ងៃ៧ វិច្ឆិកា សម្ដេចធិបតីបានថ្លែងថា ទារកកើតនៅអំឡុងពេលនេះ មានសំណាងខ្ពស់ជាង ឪពុក-ម្ដាយ របស់ខ្លួន ដែលកើតក្នុងអំឡុងរបបខ្មែរក្រហម ។

ចំណុចនេះហើយបានធ្វើឲ្យសម្ដេច នឹកឃើញកាលពីរូបសម្តេចស្ថិតនៅក្នុងផ្ទៃពោះរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ហ៊ុន សែន ហើយរំលឹកថា «ថ្ងៃមុន ខ្ញុំធ្លាប់ប្រាប់គេថា ខ្ញុំធ្លាប់ជាប់គុក នៅជំនាន់ប៉ុលពត។ គេថាម៉េចអីចឹង? មកពីកាលជំនាន់ប៉ុលពត ពុកគាត់រត់ចេញទៅតស៊ូ អីចឹងគេដាក់ម៉ែក្នុងគុក ហើយខ្ញុំអាយុ ៧ខែ នៅក្នុងពោះ ហើយជាប់គុកដែរ»។

សម្ដេចបន្ដថា នៅពេលសម្ដេចបានកើតចេញមកឃើញពិភពលោកក៏ប៊ិះនឹងស្លាប់ទៀត ព្រោះពេលនោះបានក្តៅខ្លួនជាខ្លាំង ដោយមិនមានថ្នាំសង្កូវព្យាបាលនោះទេ ខណៈសម្ដេចថា បងប្រុសទីមួយរបស់សម្ដេច ត្រូវបានស្លាប់ដោយសារធ្លាក់ពីលើដៃគ្រូពេទ្យ។

សម្ដេចនាយករដ្ឋមន្ដ្រីបន្ថែមថា ប៉ុន្ដែឥឡូវនេះ កូនដឹងសុខភាព និងភេទ តាំងពីក្នុងពោះម្ដាយ ហើយក៏មានពេទ្យនៅមូលដ្ឋានជាប់ជាប្រចាំផងដែរ។ សម្ដេចចាត់ទុកថា «ទាំងនេះហើយ ជាការវិវត្តន៍របស់ប្រទេសកម្ពុជា»៕

To Top