ព័ត៌មានជាតិ

ហឹបសន្លឹកកិច្ចការបេក្ខជន ប្រឡងបាក់ឌុប ត្រូវបានដឹកមកដល់មណ្ឌលកំណែវិទ្យាល័យព្រះស៊ីសុវត្ថិ ជាបណ្ដើរៗ និងរក្សាទុកយ៉ាងត្រឹមត្រូវ

ភ្នំពេញ ៖ ហឹបសន្លឹកកិច្ចការរបស់បេក្ខជន នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ តាមបណ្ដារាជធានី-ខេត្ត ដែលបានដឹកមកដល់មណ្ឌលកំណែវិទ្យាល័យព្រះស៊ីសុវត្ថិ ជាបណ្ដើរៗ និងបានរក្សាទុកយ៉ាងត្រឹមត្រូវ ដោយសុវត្ថិភាព ក្រោមការត្រួតពិនិត្យយ៉ាងម៉ត់ចត់ ពីគណៈមេប្រយោគទូទាំងប្រទេសប្រចាំរាជធានី-ខេត្ត អប្បមាទទូទាំងប្រទេស និងអង្គភាពប្រឆាំងអំពើពុករលួយ។

ជាមួយគ្នានោះលោកបណ្ឌិតសភាចារ្យ ណាត ប៊ុនរឿន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងគណៈប្រតិភូនាថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានអញ្ជើញចុះពិនិត្យហឹបសន្លឹកកិច្ចការរបស់បេក្ខជនផងដែរ ។

សូមជម្រាបថា ក្នុងដំណើរការសំណេរនៅតាមមណ្ឌលប្រឡងនីមួយៗ មានដំណើរការល្អ មានសភាពស្ងប់ស្ងាត់ និងរបៀបរៀបរយល្អ ព្រមទាំងបាន អនុវត្តតាមសេចក្ដីណែនាំរបស់ ក្រសួងអប់រំ យុវជន និងកីឡា។ ទោះបីជានៅតាមបណ្ដាខេត្តមួយចំនួនមានភ្លៀងធ្លាក់ក៏ដោយ ប៉ុន្តែមិនបានប៉ះពាល់ដល់ដំណើរការសំណេររបស់បេក្ខជនឡើយ។

គណៈមេប្រយោគទូទាំងប្រទេស គណៈកម្មការអប្បមាទទូទាំងប្រទេស ជំនួយការអប្បមាទ ប្រធាន
អនុប្រធានមណ្ឌល គណៈកម្មការកណ្ដាល គណៈកម្មការត្រួតពិនិត្យអគារ និងគណៈកម្មការអនុរក្សបានបំពេញការងារប្រកបដោយការយកចិត្តទុកដាក់ និងទំនួលខុសត្រូវ និងដោយមានកិច្ចសហការល្អពីសំណាក់អង្គភាពប្រឆាំងអំពើពុករលួយ សហភាពសហព័ន្ធយុវជនកម្ពុជា ភ្នាក់ងារសុខាភិបាល កងកម្លាំងនិងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ។ បេក្ខជនបានគោរពបទបញ្ញត្តិនៃការប្រឡងបានយ៉ាងល្អ ស្ទើរតែពុំមាននាំមកជាប់ខ្លួននូវសំណៅឯកសារ និងឧបករណ៍ហាមឃាត់។ បេក្ខជនប្រព្រឹត្តកំហុសឆ្គងមាន១ករណីគត់ ។

សូមបញ្ជាក់ថា សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ៦ វិច្ឆិកា ២០២៣ មានបេក្ខជនចុះឈ្មោះប្រឡងសរុប ១៣៧ ៤១២នាក់ ស្រី ៧៣ ២៧៨នាក់ មណ្ឌលប្រឡងសរុប ២២៧ ស្មើនឹង ៥ ៥៤៣បន្ទប់។ ក្រសួងអប់រំ នឹងប្រកាសលទ្ធផលប្រឡងនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្រាប់រាជធានីភ្នំពេញ និងខេត្តកណ្ដាល និងថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្រាប់ខេត្តផ្សេងទៀត ព្រមទាំងមានផ្សាយនៅលើទំព័រហ្វេសប៊ុកផ្លូវការក្រសួងអប់រំ យុវជន និងកីឡា៕

To Top