ព័ត៌មានជាតិ

ថ្ងៃនេះ! ភ្នំពេញ និងខេត្តមួយចំនួន នៅតំបន់វាលទំនាប អាចមានភ្លៀងធ្លាក់

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ដោយទទួលរងឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ពីចិន និងខ្យល់មូសុងឦសានមានឥទ្ធិពលខ្សោយ មកលើភាគខាងជើង និងភាគឦសានកម្ពុជា។ ទន្ទឹមនឹងនេះនៅភាគខាងត្បូងរបស់កម្ពុជា មានខ្យល់ក្ដៅហើយសើមបក់មកពីទិសខាងកើត និងទិសអាគ្នេយ៍ ពីសមុទ្រចិនខាងត្បូង។

ស្ថានភាពបែបនេះ នឹងធ្វើឲ្យធាតុអាកាស នៅថ្ងៃ៩ វិច្ឆិកា នេះក្នុងតំបន់វាលទំនាបមានសីតុណ្ហភាពអប្បបរមាពី ២៤-២៦អង្សាសេ និងសីតុណ្ហភាពអតិបរមាពី ៣០-៣២អង្សាសេ ហើយខ្យល់បក់មកពីទិសឦសាន ទិសខាងកើត និងទិសអាគ្នេយ៍ក្នុងល្បឿនពី ១-៣ម៉ែត្រក្នុងមួយវិនាទី។ ចំពោះបណ្តាខេត្តនៅភាគពាយ័ព្យ អាចពុំមានភ្លៀង ឬមានភ្លៀងតិចតួច។ រីឯបណ្តាខេត្តមួយចំនួន និងរាជធានីភ្នំពេញ អាចមានភ្លៀងធ្លាក់នៅក្នុងកម្រិតពីខ្សោយទៅមធ្យម ដែលអាចគ្របដណ្តប់លើផ្ទៃដីពី ៣០% ទៅ ៤០%។

ចំពោះ តំបន់ខ្ពង់រាបមានសីតុណ្ហភាពអប្បបរមាពី២៣-២៥អង្សាសេ និងសីតុណ្ហភាពអតិបរមាពី២៩-៣២អង្សាសេ ហើយខ្យល់បក់មកពីទិសឦសានក្នុងល្បឿនពី២-៤ម៉ែត្រក្នុង១វិនាទី ។ អាចមានភ្លៀងធ្លាក់នៅក្នុងកម្រិតខ្សោយ ដែលអាចគ្របដណ្ដប់លើផ្ទៃដីពី ១០% ទៅ ២០%។

ដោយឡែក តំបន់មាត់សមុទ្រមានសីតុណ្ហភាពអប្បបរមាពី ២៥-២៧អង្សាសេ និងសីតុណ្ហភាពអតិបរមាពី២៩-៣១អង្សាសេ ហើយខ្យល់បក់មកពីទិសខាងកើតក្នុងល្បឿនពី១-៣ម៉ែត្រក្នុង១វិនាទី។ អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីខ្សោយទៅមធ្យម លាយឡំជាមួយផ្គររន្ទះ ដែលអាចគ្របដណ្តប់លើផ្ទៃដីពី ២០% ទៅ ៣០% ។ ចំណែកនៅលើផ្ទៃសមុទ្រវិញ ក៏អាចមានភ្លៀងធ្លាក់នៅក្នុងកម្រិតខ្សោយ ហើយខ្យល់បក់មកពីទិសខាងកើតក្នុងល្បឿនពី១-៣ម៉ែត្រក្នុង១វិនាទី និងរលកសមុទ្រមានកម្ពស់ពី ០,៥-១ម៉ែត្រ ៕

To Top