ព័ត៌មានជាតិ

Update៖ លោក Zelensky ស្វាគមន៍ចំពោះអនុសាសន៍របស់ EU ដើម្បីបើកផ្លូវចចារគ្នាស្តីពីការចូលជាសមាជិករបស់សហភាពអឺរ៉ុប

រូបភាពពី៖​ AFP

គៀវ៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៣ថា កាលពីថ្ងៃពុធ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានស្វាគមន៍ចំពោះអនុសាសន៍របស់គណៈកម្មការអឺរ៉ុប ដើម្បីបើកការចរចាជាមួយនឹងប្រទេសអ៊ុយក្រែន ស្តីពីការចូលជាសមាជិកសហភាពអឺរ៉ុប ហៅកាត់ថា (EU) របស់ខ្លួន ។
លោក Zelensky បានសរសេរនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X ដែលពីមុនគេស្គាល់ថា ជាបណ្តាញសង្គម Twitter យ៉ាងដូច្នេះថា “នេះគឺជាជំហានដ៏រឹងមាំ និងជាប្រវត្តិសាស្ត្រដែលត្រួសត្រាយផ្លូវទៅកាន់សហភាពអឺរ៉ុបដ៏រឹងមាំជាមួយអ៊ុយក្រែនក្នុងនាមជាសមាជិករបស់ខ្លួន” ។

លោក Zelensky បានថ្លែងថា ក្រុងគៀវ ទន្ទឹងរង់ចាំការសម្រេចចិត្តរបស់ក្រុមប្រឹក្សាអឺរ៉ុបនៅក្នុងខែធ្នូ ថាតើ ត្រូវចាប់ផ្តើមកិច្ចចរចាសមាជិកភាពជាមួយអ៊ុយក្រែនឬយ៉ាងណា ហើយលោក Zelensky បានថ្លែងដោយសង្កត់ធ្ងន់ថា ដំណើរការកំណែទម្រង់នៅក្នុងប្រទេសរបស់លោកនៅតែបន្តធ្វើដដែល ។

គួររំលឹកថា កាលព្រឹកថ្ងៃដដែល គណៈកម្មាធិការអឺរ៉ុបបានផ្តល់អនុសាសន៍ដល់ក្រុមប្រឹក្សាអឺរ៉ុបឱ្យចាប់ផ្តើមការចរចាចូលជាធរមានជាមួយនឹងប្រទេសអ៊ុយក្រែន និងអនុម័តក្របខ័ណ្ឌចរចានៅគ្រាដែលអ៊ុយក្រែនបានអនុម័តវិធានការសំខាន់ៗមួយចំនួន ។

គេបានដឹងថា អ៊ុយក្រែនត្រូវបានទទួលយកជាបេក្ខជនសម្រាប់សមាជិកភាពសហភាពអឺរ៉ុបក្នុងខែមិថុនាឆ្នាំ២០២២ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top