ព័ត៌មានជាតិ

សម្តេចតេជោ ផ្ញើសារអរគុណ លោក ស៊ី ជីនភីង ចំពោះសារលិខិតអបអរសាទរ ខួបលើកទី៧០ នៃទិវាបុណ្យឯករាជ្យជាតិ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានថ្លែងអំណរគុណ ដល់លោក ស៊ី ជីនភីង អគ្គលេខាធិការមជ្ឈឹមបក្សកុម្មយនីសចិន ចំពោះសារលិខិតអបអរសាទរ ក្នុងឱកាសខួបលើកទី៧០ នៃទិវាបុណ្យឯករាជ្យជាតិ របស់ព្រះរាជាណាចក្រកម្ពុជា ប្រកបដោយអត្ថន័យយ៉ាង ជ្រាលជ្រៅចំពោះមិត្តភាពដែកថែបកម្ពុជា-ចិន ។

ការផ្ញើសារអរគុណ របស់សម្តេចតេជោ ធ្វើឡើងនាថ្ងៃទី៩ វិច្ឆិកានេះ ដោយក្នុងនោះសម្តេចតេជោ បានមានប្រសាសន៍ថា “ខ្ញុំសូមឆ្លៀតឱកាសនេះ សម្តែងនូវការអបអរសាទរ ចំពោះការរៀបចំវេទិកាខ្សែក្រវ៉ាត់ និងផ្លូវលើកទី៣ នៅទីក្រុងប៉េកាំង ប្រកបដោយជោគជ័យ និងសូមស្វាគមន៍គំនិតផ្តួចផ្តើមសកលថ្មីៗ ក្រោមការដឹកនាំរបស់ ឯកឧត្តមអគ្គលេខាធិការ។ ខ្ញុំជឿជាក់ថា ប្រទេសចិននឹងដើរតួនាទីថ្មី នៅក្នុងការជំរុញភាពជាដៃគូពិភពលោកឱ្យ រស់ឡើងវិញ តាមរយៈកិច្ចសន្ទនាដើម្បីលើកកម្ពស់ការយោគយល់គ្នា និងភាពជឿជាក់គ្នាទៅវិញទៅមកក្នុង ចំណោមគណបក្សនយោបាយ រដ្ឋាភិបាល និងប្រជាជនដើម្បីសន្តិភាពនិងវិបុលភាពរួម ជាពិសេសជាកម្លាំង ចលករនៃការងើបឡើងវិញនៃសេដ្ឋកិច្ចក្នុងតំបន់ និងពិភពលោក” ។

សម្តេចប្រធានគណបក្សប្រជាជនកម្ពុជា មានប្រសាសន៍បន្តថា “ខ្ញុំសូមគាំទ្រដល់រដ្ឋាភិបាលនៃប្រទេសទាំងពីរ ចំពោះការកំណត់ឆ្នាំ២០២៤ ជាឆ្នាំនៃការផ្លាស់ប្តូរប្រជា ជន និងប្រជាជនរវាងកម្ពុជានិងចិន ហើយខ្ញុំជឿជាក់យ៉ាងមុតមាំថា កិច្ចសហប្រតិបត្តិការត្បូងពេជ្យ រួមទាំង កិច្ចសហប្រតិបត្តិការបក្សនិងរដ្ឋក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគីនានា នឹងផ្ដល់ប្រយោជន៍ជាក់ស្តែងដល់
ប្រជាជននៃប្រទេសទាំងពីរ”។

សម្តេចតេជោ បន្ថែមទៀតថា “ក្នុងនាមជាប្រធានគណបក្សប្រជាជនកម្ពុជា ខ្ញុំរីករាយនឹងទទួលយកកិច្ចសហប្រតិបត្តិការនិងឆន្ទៈធ្វើការរួមគ្នា ដើម្បីការផ្លាស់ប្ដូរនិងទំនាក់ទំនងទ្វេភាគីកម្ពុជា-ចិនកាន់តែស៊ីជម្រៅនៅក្នុងសហគមន៍ជោគវាសនា រួម ក្នុងយុគសម័យថ្មីដែលមានគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដារខ្ពស់ ផ្តល់ផលប្រយោជន៍ជាក់ស្តែងដល់ ប្រទេស និងប្រជាជនទាំងពីរ”៕

To Top