ព័ត៌មានជាតិ

សម្ដេចធិបតី បញ្ជាកងទ័ពត្រៀមលក្ខណៈ ព្រោះអត់មានអ្នកណាទាយថា «ភេរវកម្ម មិនអាចកើតមាននៅកម្ពុជា»

ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា បានបញ្ជាឲ្យកងទ័ពទាំងអស់ ត្រូវត្រៀមលក្ខណៈឲ្យបានរួចរាល់ទុកជាមុន ព្រោះអត់មានអ្នកណាទាយថា «ភេរវកម្ម មិនអាចកើតមានលើទឹកដីកម្ពុជានោះទេ»

នាឱកាសអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី ២៨ ថ្ងៃបង្កើតបញ្ជាការដ្ឋានទ័ពពិសេស ( ៩ វិច្ឆិកា ១៩៩៥-៩ វិច្ឆិកា ២០២៣ ) នាព្រឹកថ្ងៃ១០ វិច្ឆិកា សម្ដេចធិបតីបានមានប្រសាសន៍ថា នាពេលកន្លងទៅកងទ័ព បានទប់ស្កាត់អំពើភេរវកម្មជាច្រើនករណី ដូច្នេះកងទ័ពទាំងអស់ ត្រូវត្រៀមលក្ខណៈផងដែរ។

សម្ដេចធិបតីបញ្ជាក់ថា «ប្រយុទ្ធប្រឆាំងអំពើភេរវកម្មដែលអាចកើតមានឡើង ហើយកិច្ចការងារនេះ ជាការងារសំខាន់ យើងសង្ឃឹមថា វាមិនកើត តែយើងត្រៀមលក្ខណៈប្រសិនវាកើត អត់មានពីណាទាយបានថា ភេរវកម្ម មិនអាចកើតមានលើទឹកដីកម្ពុជានោះទេ ហើយយើងក៏ធ្លាប់មានករណីជាច្រើនដែលយើងអាចទប់ស្កាត់ និងអាចបង្ការបាន នៅពេលភេរវករ ក្នុងការវៃប្រហារនៅលើទឹកដីរបស់យើង»

លើសពីនេះ សម្ដេចធិបតី ក៏បានណែនាំកងទ័ពត្រូវត្រៀមលក្ខណៈ ការពារនៅតំបន់មួយចំនួន ដូចជា នៅខេត្តព្រះសីហនុ ខេត្តសៀមរាប និងរាជធានីភ្នំពេញ ដែលមានវត្តមានភ្ញៀវទេចណ៍ជាច្រើននាក់ ព្រោះថា ការគំរាមគំហែង បែបមិនប្រព្រៃណីនេះ គឺជាឆ្លងព្រំដែន។ សម្ដេចថា ជនជាតិមួយ ជាមុខសញ្ញាអាចរងការវាយប្រហារនៅលើប្រទេសផ្សេងៗ រួមទាំងកម្ពុជា ដូច្នេះត្រូវត្រៀមលក្ខណៈគ្រប់ទីកន្លែង និងគ្រប់ពេលវេលា។

សម្តេចថា ជាក់ស្ដែងបញ្ហាកើតឡើងទាក់ទងទៅនឹងការប្រឆាំងភេរកម្ម, ការប្រយុទ្ធនឹងឧក្រិដ្ឋកម្មឆ្លងដែន និងការឆ្លើយតបទៅនឹងគ្រោះមហន្ដរាយ នឹងក្លាយទៅជាឧទាហរណ៍មួយចំនួន នៃសមរភូមិបែបថ្មីនៅក្នុងសតវត្សទី ២១នេះ។ សម្ដេចធិបតីបន្ថែមថា ការកើនឡើងនៃបញ្ហាទាំងនេះ សក្ខីភាពនៃភាពចាំបាច់នៃអង្គភាពទ័ពពិសេសមួយ ដែលមានសមត្ថភាពខ្ពស់ អាចឆ្លើយតបបានឆាប់រហ័ស និងទាន់វេលា ៕

To Top