ភ្នំពេញ ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអ្នកឧកញ៉ាគិត ម៉េង ប្រធាន សភាពាណិជ្ជកម្ម រួមទាំងប្រធានសមាគម និយោជក សរុបចំនួន១៨ នៅព្រឹកថ្ងៃសៅរ៍ ទី១១ ខែវិច្ឆិកានេះ បានចុះអនុស្សរណៈយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការ លើការហាត់ការ និងកម្មសិក្សាដើម្បីគាំទ្រ ដល់ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដែលធ្វើឡើង នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ ។

លោករដ្ឋមន្ត្រី បានឱ្យដឹងថា ការចុះអនុស្សរណៈយោគយល់គ្នាដ៏ធំនេះ នឹងបើកផ្លូវឱ្យមានការហាត់ការ សម្រាប់អ្នកសិក្សាជំនាញ បច្ចេកទេស និងវិជ្ជាជីវៈឱ្យមានសមត្ថភាព ជាក់លាក់ ដើម្បីអាចក្លាយជាកម្លាំងពលកម្ម ដ៏មានប្រសិទ្ធភាពក្នុងសង្វាក់ការងារ ដោយសារតែជាការផ្សារភ្ជាប់ទ្រឹស្តី ជាមួយនឹងការអនុវត្ត ក្នុងការចូលរួមចំណែកជួយកសាង អភិវឌ្ឍ និងពង្រឹងធនធានមនុស្សនៅកម្ពុជា ។

លោករដ្ឋមន្ត្រី បានបន្ថែមថា កិច្ចសហប្រតិបត្តិការនេះ នឹងផ្តល់ជំនាញ បង្កើនជំនាញ ផ្លាស់ប្តូរជំនាញ និងបង្កើនផលិតភាពការងារ ដើម្បីធានាថា ពលរដ្ឋកម្ពុជាមានជំនាញមួយពិតប្រាកដ ដែលអាចទទួលបានការងារ និងមុខរបរសមរម្យ និងមានស្ថិរភាពចំណូលស្របតាមការអំពាវនាវរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ។

ទន្ទឹមនឹងនេះ អ្នកឧកញ៉ា គិត ម៉េង ប្រធាន សភាពាណិជ្ជកម្មកម្ពុជា បានប្រកាសគាំទ្រ ការចុះអនុស្សរណៈនេះ ដើម្បីចូលរួមជាមួយ រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបណ្តុះបណ្តាល ជំនាញបច្ចេកទេស និងវិជ្ជាជីវៈដើម្បីអភិវឌ្ឍធនធានមនុស្សកម្ពុជា ឱ្យមានជំនាញ ជាក់លាក់ច្បាស់លាស់ សម្រាប់ធានាការ ប្រកួតប្រជែង និងទាក់ទាញការ វិនិយោគបន្ថែម ៕




