ភ្នំពេញ៖ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុតក្នុងពិធីពន្លត់ទៀនជ័យនៃទិវាបុណ្យឯករាជ្យជាតិ នារសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅវិមានឯករាជ្យ។
នាឱកាសពិធីដ៏មហោឡារិកនោះ ក៏មានការអញ្ជើញចូលរួមពីសំណាក់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ព្រមទាំងថ្នាក់ដឹកនាំកំពូលៗរបស់រាជរដ្ឋាភិបាល ក្រសួង ស្ថាប័ន អង្គភាព មន្ត្រីរាជការ កងកម្លាំងទាំង៣ប្រភេទ ប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។
ក្នុងឱកាសដ៏វិសេសវិសាលនោះ ក៏មានការចូលរួមពីសំណាក់លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ព្រមទាំងគណៈប្រតិភូក្រសួង។
គួរជម្រាបថា ឆ្នាំ២០២៣នេះ គឺជាខួបអនុស្សាវរីយ៍លើកទី៧០ (១៩៥៣-២០២៣) ដែលប្រជាជាតិកម្ពុជាទាំងមូលបានរំដោះខ្លួនទាំងស្រុងចេញពីអាណានិគមនិយមបារាំង (១៨៦៣-១៩៥៣) ក្រោមព្រះរាជបូជនីយកិច្ចដឹកនាំយ៉ាងក្លៀវខ្លារបស់ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯករាជ្យជាតិខ្មែរ «ព្រះបរមរតនកោដ្ឋ»៕




















