ព័ត៌មានជាតិ

នាយករដ្ឋមន្ត្រី​ឯកភាពឱ្យកីឡាករ កីឡាការិនី២៦រូប​ដែល​ដណ្ដើម​បាន​មេដាយ ​ក្នុង​ការ​​ប្រកួត​កីឡាស៊ីហ្គេមលើកទី៣២ជាប់បាក់ឌុប ឆ្នាំ២០២៣ ដោយស្វ័យប្រវត្តិ

រូបភាព៖ ដើមអម្ពិល

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានសម្រេចឯកភាព ផ្តល់ការលើកទឹកចិត្តចំពោះកីឡាករ កីឡាការិនី ២៦រូប ដែលចូលរួមប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ទទួលបានមេដាយដែលត្រូវប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំ២០២៣នេះ ជាប់ដោយស្វ័យប្រវត្តិតែម្តង ។

ការសម្រេចផ្តល់ជូនខាងលើនេះ ត្រូវបានសម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ក្នុងឱកាស អញ្ជើញជាអធិបតី ក្នុងពិធី “ជប់លៀងអបអរសាទរជោគជ័យ Sea Games-ASEAN Para Games ឆ្នាំ២០២៣” នាល្ងាចថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ នៅពហុកីឡដ្ឋានជាតិមរតកតេជោ។

សម្តេចធិបតី នាយករដ្ឋមន្រ្តីកម្ពុជា បានមានប្រសាសន៍ថា “ចំពោះកីឡាករ ការិនី តាមខ្ញុំដឹង គឺតាំងពីចប់ប្រកួត SeaGame ទី៣១ គឺត្រូវជាពាក្យសាមញ្ញ គឺចាក់សោរ គឺចូលប្រមូលផ្តុំ ព្រោះយើងការពារ ការពារទី១ គឺការពារជំងឺកូវីដ ការឆ្លងរីករាលដាល នឹងធ្វើឲ្យប៉ះពាល់ ដល់ការហ្វឹកហ្វឺនត្រៀមលក្ខណៈរបស់យើង ទី២ គឺការប្រមូលផ្តុំ នៅក្នុងការហ្វឹកហ្វឺនដើម្បីបំប៉នកម្លាំង ព្រោះការត្រៀមលក្ខណៈធ្វើជាម្ចាស់ផ្ទះការប្រកួតនេះ ត្រូវការរយៈពេលវែង ចឹងគឺការខិតខំប្រឹងប្រែងណាស់ ។ មានប្អូនៗសិក្សានុសិស្សមួយចំនួន ក៏បានចូលរួម​ ហើយក៏សុំ គឺថាគោលការណ៍ គឺឲ្យមករៀននៅកន្លែងនេះតែម្តង តាមរបាយការណ៍ឯកឧត្តម ហង់ ជួនណារ៉ុន ឧបនាយករដ្ឋមន្ត្រី មកបង្រៀន មករៀនកន្លែងនេះតែម្តង (ពហុកីឡដ្ឋាន) ពេលហ្វឹកហ្វឺនជាមួយ” ។

សម្តេចធិបតី បញ្ជាក់ថា “​ហើយល្ងាចមិញ ឯកឧត្តម ហង់ ជួនណារ៉ុន បានស្នើសុំគោលការណ៍ គឺចំពោះកីឡាករ កីឡាការិនីយើង​ ២៦រូប ដែលបានទទួលមេដាយមាស ប្រាក់ និងសំរិត នៅកីឡា Seagame32 កន្លងទៅនេះ ហើយឆ្នាំនេះ ត្រូវប្រឡងបាក់ឌុប ហើយសុំគោលការណ៍ ជាប់ស្វ័យប្រវត្ត ខ្ញុំបានចារឯកភាពល្ងាចមិញ គឺសុំជាការលឹកទឹកចិត្ត” ។

សម្តេចបានពន្យល់ថា ការផ្តល់នេះ គឺជាការលើកទឹកចិត្តចំពោះកីឡាករ កីឡាការិនីរបស់កម្ពុជា ដែលបានលះបង់ដើម្បីជាតិ។

សម្តេចធិ​បតី បានលើកឡើងថា “ព្រោះបងប្អូនបានខិតខំប្រឹងប្រែង ដើម្បីយកមេដាយ ជូនជាតិ ហើយខិតខំរៀនផង ចឹងខ្ញុំគិតថា វាសមណាស់ហើយ ។ ​ហើយការកីឡាលើកទី៣១ គឺយើងបានប្រគល់ជូន៨នាក់ ដែលសម្តេចតេជោ លោកបានផ្តល់ជូន នេះគឺជាការលើកទឹកចិត្ត ហើយសមស្រប” ។

គួរបញ្ជាក់ថា នៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ កម្ពុជាទទួលបានមេដាយ សរុប ចំនួន ២៨២មេដាយ ក្នុងនោះ មេដាយមាស ចំនួន ៨១ មេដាយប្រាក់ ចំនួន ៧៤ និងមេដាយសំរឹទ្ធ ចំនួន ១២៧ ។ រីឯព្រឹត្តិការណ៍ ASEAN Paragames លើកទី១២ ឆ្នាំ២០២៣ កម្ពុជាទទួលមេដាយសរុប ចំនួន ៧១មេដាយ ក្នុងនោះ មេដាយមាស ចំនួន ៩ មេដាយប្រាក់ ចំនួន ១៨ និងមេដាយសំរឹទ្ធ ចំនួន ៤៤៕

To Top