ព័ត៌មានជាតិ

សម្តេចធិបតី ចារឯកភាពឲ្យក្រុមកីឡាទាំង២៦រូប ចូលរួមប្រកួតស៊ីហ្គេមលើកទី៣២ ជាប់បាក់ឌុបដោយ ស្វ័យប្រវត្តិ

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានសម្រេចឯកភាព ផ្តល់ការលើកទឹកចិត្តចំពោះកីឡាករ កីឡាការិនី ២៦រូប ដែលចូលរួមប្រកួតកីឡាស៊ីហ្គេមលើកទី៣២ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនាពេលកន្លងមក ហើយទទួលបានមេដាយ ខណៈត្រូវប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំ២០២៣នេះ ជាប់ដោយស្វ័យប្រវត្តិតែម្តង ។

ការសម្រេចផ្តល់ជូនខាងលើនេះ ត្រូវបានសម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធី “ជប់លៀងអបអរសាទរជោគជ័យ Sea Games-ASEAN Para Games ឆ្នាំ២០២៣” នាល្ងាចថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិមរតកតេជោ។

សម្តេចធិបតីនាយករដ្ឋមន្រ្តីកម្ពុជា បានមានប្រសាសន៍ថា “ចំពោះកីឡាករ ការិនី តាមខ្ញុំដឹង គឺតាំងពីចប់ប្រកួត SeaGame ទី៣១ គឺត្រូវជាពាក្យសាមញ្ញ គឺចាក់សោរ គឺចូលប្រមូលផ្តុំ ព្រោះយើងការពារ ។ ការពារទី១ គឺការពារជំងឺកូវីដ ការឆ្លងរីករាលដាល នឹងធ្វើឲ្យប៉ះពាល់ ដល់ការហ្វឹកហ្វឺនត្រៀមលក្ខណៈរបស់យើង ។ ទី២ គឺការប្រមូលផ្តុំ នៅក្នុងការហ្វឹកហ្វឺនដើម្បីបំប៉នកម្លាំង ព្រោះការត្រៀមលក្ខណៈធ្វើជាម្ចាស់ផ្ទះការប្រកួតនេះ ត្រូវការរយៈពេលវែង ចឹងគឺការខិតខំប្រឹងប្រែងណាស់ ។ មានប្អូនៗសិក្សានុសិស្សមួយចំនួន ក៏បានចូលរួម​ ហើយក៏សុំ គឺថាគោលការណ៍ គឺឲ្យមករៀននៅកន្លែងនេះតែម្តង តាមរបាយការណ៍ឯកឧត្តម ហង់ ជួនណារ៉ុន ឧបនាយករដ្ឋមន្ត្រី មកបង្រៀន មករៀនកន្លែងនេះតែម្តង (ពហុកីឡដ្ឋាន) ពេលហ្វឹកហ្វឺនជាមួយ” ។

សម្តេចធិបតី បញ្ជាក់ថា “​ហើយល្ងាចមិញ ឯកឧត្តម ហង់ ជួនណារ៉ុន បានស្នើសុំគោលការណ៍ គឺចំពោះកីឡាករ កីឡាការិនីយើង​ ២៦រូប ដែលបានទទួលមេដាយមាស ប្រាក់ និងសំរិត នៅកីឡា Seagame32 កន្លងទៅនេះ ហើយឆ្នាំនេះ ត្រូវប្រឡងបាក់ឌុប ហើយសុំគោលការណ៍ ជាប់ស្វ័យប្រវត្ត ខ្ញុំបានចារឯកភាពល្ងាចមិញ គឺសុំជាការលើកទឹកចិត្ត” ។

សម្តេចពន្យល់ថា ការផ្តល់នេះ គឺជាការលើកទឹកចិត្តចំពោះកីឡាករ កីឡាការិនីរបស់កម្ពុជា ដែលបានលះបង់ដើម្បីជាតិ។

សម្តេចធិ​បតី បានលើកឡើងថា “ព្រោះបងប្អូនបានខិតខំប្រឹងប្រែង ដើម្បីយកមេដាយជូនជាតិ ហើយខិតខំរៀនផង ។ ចឹងខ្ញុំគិតថា វាសមណាស់ហើយ ហើយការកីឡាលើកទី៣១ គឺយើងបានប្រគល់ជូន៨នាក់ ដែលសម្តេចតេជោ លោកបានផ្តល់ជូន ។ នេះគឺជាការលើកទឹកចិត្ត ហើយសមស្រម” ។

គួរបញ្ជាក់ថា នៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ កម្ពុជាទទួលបានមេដាយ សរុបចំនួន ២៨២មេដាយ ក្នុងនោះ មេដាយមាស ចំនួន ៨១ មេដាយប្រាក់ ចំនួន ៧៤ និងមេដាយសំរឹទ្ធ ចំនួន ១២៧ ។ រីឯព្រឹត្តិការណ៍ ASEAN Paragames លើកទី១២ ឆ្នាំ២០២៣ កម្ពុជាទទួលមេដាយសរុប ចំនួន ៧១មេដាយ ក្នុងនោះ មេដាយមាស ចំនួន៩ មេដាយប្រាក់ចំនួន ១៨ និងមេដាយសំរឹទ្ធចំនួន ៤៤៕

To Top