ព័ត៌មានជាតិ

សម្ដេចធិបតី ៖ ទោះព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម បញ្ចប់ក៏ដោយ ក៏នៅតែស្ថិត ក្នុងក្រអៅបេះដូងពលរដ្ឋខ្មែរ

រូបភាពពី៖​ ម៉ៅ ដារ៉ាត

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា ព្រឹត្តិការណ៍នៃការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម បានបិទបញ្ចប់កាលពីខែមិថុនា ឆ្នាំ២០២៣ កន្លងទៅក៏ពិតមែន តែហាក់បីដូចជាស្ថិតនៅថ្មីៗដែលស្ថិតស្ថិរជានិច្ចក្នុងក្រអៅបេះដូង របស់ប្រជាជនខ្មែរ។

ក្នុងពិធីជប់លៀងអបអរសាទរជោគជ័យ Sea Games-ASEAN Para Games ឆ្នាំ២០២៣ នាល្ងាចថ្ងៃទី១៧ ខែវិច្ឆិកា សម្តេចធិបតីមានប្រសាសន៍ថា «ព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ដែលកម្ពុជាទទួលជាម្ចាស់ផ្ទះ ជាមហាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ដែលកម្ពុជាទន្ទឹងរង់ចាំអស់៦៤ឆ្នាំ ទោះបីព្រឹត្តិការណ៍នេះទើបបានបិទបញ្ចប់ កាលពីខែមិថុនា ឆ្នាំ២០២៣កន្លងទៅ ក៏លទ្ធផលស្នាដៃ កិត្តិយស និងកិត្យានុភាពជាតិ កើតចេញពីព្រឹត្តិការណ៍ទាំងនេះ គឺហាក់ដូចជាស្ថិតនៅថ្មីៗ ហើយស្ថិតស្ថិរជានិច្ចនៅក្នុងក្រអៅបេះដូង របស់ប្រជាជនកម្ពុជាយើង»។

សម្ដេចធិបតីបន្ដថា «ការប្រកួតកីឡាអាស៉ីអាគ្នេយ៍ លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ របស់យើងក៏នឹងមិនអាចប្រព្រឹត្តទៅបានឡើយ បើយើងគ្មានពហុកីឡដ្ឋានមរតកតេជោ ដ៏ធំស្កឹមស្កៃជាប្រវត្តិសាស្ដ្រ នេះ។ ពហុកីឡដ្ឋាននេះជាគំនិតផ្ដួចផ្ដើមរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងឯកឧត្តម ស៉ី ជីនពីង ប្រធានាធិបតេយ្យ នៃសាធារណរដ្ឋប្រជាមានិតចិន ហើយបើសិនគ្មានការជួយគាំទ្រពីរដ្ឋាភិបាលចិន ក្នុងការកសាងពហុកីឡដ្ឋាននេះ យើងក៏ពុំមានលទ្ធភាពគ្រប់គ្រាន់ ក្នុងការរៀបចំព្រឹត្តិការណ៍ខ្នាតយក្សដូចនេះផងដែរ»។

តាងនាមឲ្យរាជរដ្ឋាភិបាលកម្ពុជា សម្ដេច នាយករដ្ឋមន្ដ្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងប្រជាជនចិន ដែលចាត់ទុកកម្ពុជាជាមិត្តដែកថែប និងដៃគូយុទ្ធសាស្ដ្រគ្រប់ជ្រុងជ្រោយ និងតែងតែជួយឧបត្ថម្ភគាំទ្រគ្រប់បែបយ៉ាង សំដៅចូលរួមចំណែកអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ចកម្ពុជា លើគ្រប់វិស័យ រួមទាំងវិស័យកីឡាផងដែរ។

ជាមួយគ្នានេះ សម្ដេច ក៏បានថ្លែងអំណរគុណដល់បណ្ដាប្រទេសជាមិត្តទាំងអស់ ដែលបានចូលរួមនៅក្នុងការជួយដល់កម្ពុជា ទាំងផ្នែកបច្ចេកទេស និងគ្រប់ផ្នែកទាំងអស់ដើម្បីយើងអាចដំណើរការប្រតិបត្តិនេះបានជោគជ័យ ក៏ដូចជាបណ្ដាប្រទេសអាស៊ានទាំងអស់ ដែលបានបញ្ជូនកីឡាករ និងក្រុមការងារជំនាញមកចូលរួម ដើម្បីដឹកនាំការប្រកួតនេះបានជោគជ័យ ប្រកបដោយស្មារតីមិត្តភាព និងសហប្រតិបត្តិការខ្ពស់។

សូមបញ្ជាក់ថា ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ កម្ពុជាទទួលបានមេដាយសរុប ចំនួន ២៨២មេដាយ ក្នុងនោះ មេដាយមាស ចំនួន ៨១ មេដាយប្រាក់ ចំនួន ៧៤ និងមេដាយសំរឹទ្ធ ចំនួន ១២៧ ។ រីឯព្រឹត្តិការណ៍ ASEAN Paragames លើកទី១២ ឆ្នាំ២០២៣ កម្ពុជាទទួលមេដាយសរុប ចំនួន ៧១មេដាយ ក្នុងនោះ មេដាយមាស ចំនួន ៩ មេដាយប្រាក់ ចំនួន ១៨ និងមេដាយសំរឹទ្ធ ចំនួន ៤៤៕

To Top