ព័ត៌មានជាតិ

លោក គួច ចំរើន ស្នើចិន ជួយជម្រុញការហោះហើរត្រង់ពីចិន មកព្រះសីហនុ

ភ្នំពេញ ៖ តាមរយៈលោក Fan Manjiang ទីប្រឹក្សាស្ថានទូតចិននិងជាប្រធានការិយាល័យកិច្ចការកុងស៊ុលចិនថ្មី ប្រចាំខេត្តព្រះសីហនុ លោកគួច ចំរើន អភិបាលខេត្តព្រះសីហនុ បានស្នើសុំឲ្យជួយជម្រុញការហោះហើរត្រង់ពីចិន មកខេត្តព្រះសីហនុ ។

ក្នុងជំនួបសម្ដែងការសម ជាមួយលោក Fan Manjiangនាថ្ងៃ២៣ វិច្ឆិកា លោក គួច ចំរើន បានប្រាប់ថា ខេត្តព្រះសីហនុ មានកោះ ឆ្នេរ និងវិស័យទេសចរណ៍ មានកំពង់ផែទឹកជ្រៅ ខណៈកំពង់ផែស្វយ័តក្រុងព្រះសីហនុជាកំពង់ផែរបស់ជាតិ ក្នុងការដឹកជញ្ជូនចេញ-ចូល៥៨ភាគរយក្នុងក្របខណ្ឌទំនិញ មានផ្លូវល្បឿនលឿន ជាសមិទ្ធផលផ្លូវមួយ ខ្សែក្រវ៉ាត់មួយ និងជាផ្លូវសូត្រសមុទ្រ មានព្រលានយន្តហោះអន្តរជាតិ ។ ក្នុងនោះក៏បានពិភាក្សាការហោះហើរត្រង់ពីក្រុងអ៊ូស៊ី នៃខេត្តជាំងស៊ូ មកកាន់ខេត្តព្រះសីហនុ ហើយលោកអភិបាលខេត្តក៏សង្ឃឹមថា “នឹងមានព្រឹត្តិការណ៍ជើងហោះហើរត្រង់ មកកាន់ខេត្តព្រះសីហនុ” ។ លោកថា ក្រៅពីនេះ ក៏មានតំបន់សេដ្ឋកិច្ចពិសេសចេជាំងដែលជាស្ពាននៃទំនាក់ទំនង រវាងតំបន់សេដ្ឋកិច្ចក្រុងព្រះសីហនុ និងខេត្តព្រះសីហនុដែលបានជួយទ្រទ្រង់គ្រួសារ ប្រជាពលរដ្ឋបានមួយចំនួនធំ។

ចំណែកលោក Fan Manjiang បានលើកឡើងថា ក្នុងរយៈពេល២ខែដែលលោកបានបំពេញការងារ នៅខេត្តព្រះសីហនុ ទទួលបានការគាំទ្រពីរដ្ឋបាលខេត្ត និងបានជួបជាមួយស្នងការនគរបាលខេត្ត និងស្ថាប័នក្នុងខេត្ត ហើយលោកឃើញសណ្តាប់ធ្នាប់ល្អ ។ ក្នុងនោះលោកថា ការបង្ក្រាបឧក្រិដ្ឋកម្ម ក៏មិនអាចកាត់ផ្តាច់ចេញពីការគាំទ្រពីរដ្ឋបាលខេត្តបាននោះទេ ស្ថានភាពនៃការអភិវឌ្ឍរបស់ខេត្តកាន់តែល្អ និងមានអ្នកវិនិយោគចិន ចង់មកធ្វើការវិនិយោគ ខណៈចំណងមិត្តភាពរវាងចិន-កម្ពុជាមានភាពយូរអង្វែងជាមិត្តដែកថែប ។

លោកបន្តថា ជាមួយគ្នានោះ សម្តេចធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីកម្ពុជាក៏បានទៅធ្វើទស្សនកិច្ចនៅចិនពីរដងរួចមកហើយ និងបានពិភាក្សាគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់មួយ និងយុទ្ធសាស្ត្របញ្ចកោណឲ្យស៊ីជម្រៅជាមួយគ្នា៕

To Top