ភ្នំពេញ៖ លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានឲ្យដឹងថា ប្រជាពលរដ្ឋខ្មែរ និងភ្ញៀវទេសចរបរទេសយ៉ាងច្រើនកុះករ បានចូលរួមពិធីបុណ្យអុំទូកយ៉ាងសប្បាយរីករាយ នៅមុខព្រះបរមរាជវាំង និងទីកន្លែងជាច្រើនទៀតក្នុងរាជធានីភ្នំពេញ។
អ្នកនាំពាក្យ បន្ដថា ដោយឡែកនៅតាមបណ្តាខេត្តនានា ក៏ទទួលបានភ្ញៀវជាតិ និងបរទេសយ៉ាងច្រើនដែរ។
តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នាថ្ងៃទី២៧ វិច្ឆិកា នេះ លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានបញ្ជាក់ថា ពិធីបុណ្យប្រពៃណីដ៏ធំនេះ ធ្វើឡើងដើម្បីរម្លឹកវីរភាពកងទ័ពជើងទឹក គុណព្រះគង្គានិងព្រះធរណី។ ប៉ុន្តែបច្ចុប្បន្នបុណ្យអុំទូកក៏ជាឱកាសរម្លឹកគុណសន្តិភាពដែរ ពីព្រោះពិធីបុណ្យដ៏ធំនិងដ៏សប្បាយរីករាយនេះ មិនអាចប្រារព្ធធ្វើបានទេក្នុងកំឡុងពេល ដែលប្រទេសកើតសង្គ្រាមនិងក្នុងរបបខ្មែរក្រហម។ ក្តីសប្បាយរីករាយកើតមានតែ នៅក្រោមម្លប់សុខសន្តិភាពតែប៉ុណ្ណោះ។
អ្នកនាំពាក្យ បន្ដថា ជាក់ស្តែង ពិធីបុណ្យអុំទូកឆ្នាំនេះអាចរៀបចំ ធ្វើបានដោយសារតែរាជរដ្ឋាភិបាលអាណត្តិទី៧ ដឹកនាំដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត ធានាការពារបាននូវសុខសន្តិភាព ដែលរកបានដោយកម្រ និងជាសមិទ្ធផលនៃកិច្ចខិតខំ ប្រឹងប្រែងដ៏លំបាកបំផុតរបស់ សម្តេចតេជោ ហ៊ុន សែន។ ខណៈដែលពលរដ្ឋខ្មែរកំពុងសប្បាយរីករាយ មនុស្សរាប់រយលាននាក់លើ ពិភពលោកគ្មានឱកាសបែបនេះទេ ដោយពួកគេកំពុងរងទុក្ខវេទនា ដោយសារការបាត់បង់សន្តិភាពហើយសង្គ្រាម កំពុងកើតឡើងនៅក្នុងប្រទេសរបស់ខ្លួន។
អ្នកនាំពាក្យ បន្ថែមថា ឆ្លៀតឱកាសនេះ យើងក្រឡេកថយក្រោយបន្តិច ទៅមើលអតីតកាលរបស់កម្ពុជា៖ ចាប់តាំងពីរដ្ឋប្រហារ ១៨ មីនា ឆ្នាំ ១៩៧០ ប្រទេសបានធ្លាក់ក្នុងភ្នក់ភ្លើងសង្គ្រាមហើយ បានរអិលធ្លាក់ចូលក្នុងរបបវាលពិឃាដនៅថ្ងៃទី ១៧ មេសា ១៩៧៥។ ទម្រាំអាចសង្គ្រោះចេញពីជ្រោះមរណៈបានមកវិញនាថ្ងៃ ៧មករា ១៩៧៩ ខ្មែរត្រូវហែលឆ្លងឆ្អឹងភ្នំ ស្ទឹងឈាម សមុទ្រទឹកភ្នែកអស់ជិត៤ឆ្នាំ ដោយក្នុងកំឡុងពេលនោះជីវិតខ្មែរប្រមាណ ៣លាននាក់បានបាត់បង់។
អ្នកនាំពាក្យ បានឲ្យដឹងទៀតថា ក្រោយថ្ងៃរំដោះ៧មករា ដំណើរការស្តារប្រទេសឡើងវិញ និងការស្វែងរកសន្តិភាពត្រូវបានធ្វើជាបន្តបន្ទាប់ រហូតទីបំផុតសន្តិភាពត្រូវបាន រកឃើញពិតប្រាកដនៅថ្ងៃទី ២៩ ធ្នូ ១៩៩៨ ដោយស្នាដៃនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន។ ដូច្នេះ អំណឹះតទៅ មេដឹកនាំថ្មីរូបណាក៏ដោយដែល រក្សាការពារបាននូវសុខសន្តិភាព ត្រូវចាត់ទុកជាសមិទ្ធផលធំទី១ ដ៏សំខាន់ជាងគេបង្អស់មុននឹងនិយាយ ពីស្នាដៃផ្សេងទៀតពីព្រោះសន្តិភាពពិតជា មានតម្លៃខ្លាំងណាស់សម្រាប់កម្ពុជា។
លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានលើកឡើងថា ប្រសិនបើសន្តិភាពរបូតចេញពីដៃទៅវិញ ដោយប្រកាណាមួយ យើងមិនដឹងជាត្រូវចំណាយពេលប៉ុន្មាន ទសវត្សរ៍ និងចំណាយជីវិតមនុស្សប៉ុន្មានលាននាក់ទៀតទេ ទើបរកបានសន្តិភាពមកវិញ? ហើយជួនកាលទោះជាចំណាយធំយ៉ាងណាក៏មិនប្រាកដថា អាចរកសន្តិភាពបានមកវិញនោះដែរ។ នេះគឺជាហេតុផល ដែលត្រូវចាត់ទុក ការធានាការពារបាននូវសន្តិភាព គឺជាសមិទ្ធផលទី១ របស់រាជរដ្ឋាភិបាល អាណត្តិទី៧ ដឹកនាំដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត។ ដោយសារសន្តិភាព ទើបយើងអាចប្រារព្ធបុណ្យអុំទូក ដ៏សប្បាយរីករាយបែបនេះបាន ៕