ភ្នំពេញ៖ លោក សយ សុភាព តំណាងឱ្យអ្នកភូមិព្រៃស្នួល បានគោរពថ្លែងអំណរគុណ ថ្នាក់ដឹកនាំឃុំរវៀង និង បងប្អូនទូទាំងឃុំ ដែលបានចូលរួមនិងឧបត្ថម្ភគាំទ្រ ពិធីបុណ្យអុំទូករយៈ៣ថ្ងៃ ដែលប្រព្រឹត្តធ្វើឡើង នៅប្រឡាយស្តារព្រៃស្នួល ដែលបានញាំង ឱ្យពិធីកាន់តែអធិកអធម។


ជាមួយគ្នានេះ លោក សយ សុភាព ក៏បានថ្លែងអំណរគុណដល់ សមត្ថកិច្ចប៉ុស្តិ៍ រដ្ឋបាលឃុំរវៀង និង កងរាជអាវុធហត្ថស្រុកសំរោង ជាពិសេស អាជ្ញាធរស្រុកសំរោង ដែលបានបង្កលក្ខណៈងាយស្រួល ដល់ការរៀបចំកម្មពិធី និងអ្នកមកកំសាន្ត បុណ្យដ៏ធំរបស់ជាតិនេះ។




ក្រោយបិទបញ្ចប់ពិធីបុណ្យអុំទូក អ្នកភូមិព្រៃស្នួល ក៏បានចាក់ដី ឈួសឆាយកែលម្អរផ្លូវប្រវែងជាង៥គីឡូម៉ែត្រ ដើម្បីសម្រួលដល់ការធ្វើដំណើរ។
សូមបញ្ជាក់ថា ភូមិព្រៃស្នួលបាន រៀបចំឱ្យមានការលេងប្រណាំងទូក ជាលើកទី៣ ដែលប្រព្រឹត្តិទៅរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៦ ២៧ ២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ និងពេលរាត្រី ក៏មានការប្រគុំតន្រ្តី និងបាញ់កាំជ្រួចផងដែរ។

ភូមិព្រៃស្នួលបានប្រែមុខមាត់ថ្មី ក្រោមការជួយឧបត្ថមគាំទ្រផ្ទាល់ ពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា តាមរយៈការកែលំអ ផ្លូវថ្នល់ បំពាក់អំពូលភ្លើងសូឡា ក៏ដូចជាការស្ដារហេដ្ឋារចនាសម្ព័ន្ធ ប្រឡាយទឹក សម្រាប់ប្រជាពលរដ្ឋ ធ្វើស្រែប្រាំង ជាពិសេសរៀបចំឱ្យព្រឹត្តិការណ៍ សប្បាយរីករាយ ជាប់ជាប្រចាំផងដែរ ក្នុងឱកាសពិធីបុណ្យប្រពៃណីជាតិខ្មែរ ដូចជាពិធីបុណ្យអុំទូក នេះជាដើម។

បន្ថែមលើសពីនេះ ឆ្លើយតបតាមការសំណើរ របស់លោក សយ សុភាព អគ្គនាយកមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ក៏បានប្រកាសជួយស្ថាបនាផ្លូវ និងស្ពាន ដែលជាហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ឃុំចំនួន៤ នៅស្រុកសំរោង ខេត្តតាកែវផងដែរ៕
