ព័ត៌មានជាតិ

បុណ្យអុំទូក៣ថ្ងៃ ៖ ក្រសួងការងារ ផ្សព្វផ្សាយពី របបសន្តិសុខ សង្គមផ្នែកថែទាំសុខភាព តាមរបបភាគទាន ដោយស្ម័គ្រចិត្ត ដល់ពលរដ្ឋជិត៥ម៉ឺននាក់

ភ្នំពេញ ៖ បេឡាជាតិសន្តិសុខសង្គម ( ប.ស.ស. ) នៃក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ បានផ្សព្វផ្សាយ ដល់ប្រជាពលរដ្ឋសរុបជិត៥ម៉ឺននាក់ ស្តីពីរបបសន្តិសុខសង្គម ពិសេសគឺរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព តាមរបបភាគទានដោយស្ម័គ្រចិត្តសម្រាប់បុគ្គលស្វ័យនិយោជន៌ និងអ្នកនៅក្នុងបន្ទុកសមាជិក ប.ស.ស. ក្នុងអំឡុងពេលបីថ្ងៃនៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុកពីថ្ងៃ ២៦- ២៨ ខែវិច្ឆិកា ឆ្នាំ២០២៣។

លោក​ ហេង សុផាន់ណារិទ្ធ អ្នកនាំពាក្យ និង ជាអគ្គនាយករង ប.ស.ស. មានប្រសាសន៍ឲ្យដឹងថានៅថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ២០២៣នេះថា ក្នុងយុទ្ធនាការចុះផ្សព្វផ្សាយតាមទីប្រជុំជន និងការផ្សព្វផ្សាយតាមស្តង់ពិព័រណ៌ ក្នុងអំឡុងពេល នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក រយៈពេល ៣ថ្ងៃកន្លងទៅនេះ នៅទូទាំង ២៥ រាជធានីខេត្ត មានប្រជាពលរដ្ឋសរុប៤៩ ៦៦១នាក់ ក្នុងនោះស្រី ៣២ ៥១៥នាក់ បានចូលរួមឈ្វេងយល់ពីរបបសន្តិសុខសង្គម ពិសេស គឺរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព តាមរបបភាគទានដោយស្ម័គ្រចិត្ត ។

លោកមានប្រសាសន៍បន្តថា តាមរយៈយុទ្ធនាការផ្សព្វផ្សាយកន្លងមក ក៏ដូចជាយុទ្ធការក្នុងអំឡុងពេល នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក រយៈពេល ៣ថ្ងៃនេះ បងប្អូនប្រជាពលរដ្ឋហាក់មានការយល់ដឹងច្រើនស្តីពីរបបសន្តិសុខសង្គម ហើយពួកគាត់ភាគច្រើន គឺស្គាល់បណ្ណ ប.ស.ស. និងបានដឹង ពីអត្ថប្រយោជន៍បណ្ណ ប.ស.ស. ដែលនៅពេលឈឺ ឬគ្រោះថ្នាក់ផ្សេងៗទៅពេទ្យមិនអស់ប្រាក់ និងទទួលបានប្រាក់ឧបត្ថម្ភទៀតផង ។

កាលពីពេលថ្មីៗនេះ លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ បានពន្យល់ពីផលចំណេញរបស់សមាជិក ប.ស.ស. និងអ្នកនៅក្នុងបន្ទុកគ្រួសារចំពោះការព្យាបាលជំងឺ និងការថែទាំសុខភាពថា ពេលដែលមានគ្រួសារ បងប្អូនមួយចំនួនធ្វើការទាំងពីរនាក់ ក៏ប៉ុន្តែមានបងប្អូនមួយចំនួន ពេលមានកូនអាចមានម្នាក់ ផ្អាកពីការងារ ឬឈប់ធ្វើការដើម្បីមើលថែទាំកូន អីចឹងសល់តែមនុស្សម្នាក់គត់ ធ្វើការនិងមានចំណូល ហើយចំណូលនោះក៏ត្រូវជួយដល់អ្នកនៅផ្ទះ និងចំណាយផ្សេងៗទៀតផង។

លោកបានលើកឡើងថា បើសិនជាបងប្អូនបង់ភាគទានផ្នែកថែទាំសុខភាពបីនាក់ ដោយក្នុងមួយនាក់ត្រូវបង់ ១ ៥៦០០រៀល នៅពេលមានកូន៣ក្នុងបន្ទុក គឺត្រូវចំណាយប្រហែលអស់១២ដុល្លារ ហើយបើមានកូនឈឺ នោះ ក្នុងមួយខែៗអាចនឹងត្រូវចំណាយច្រើនលើសពីនេះទៀត។ ដូច្នេះបើបងប្អូនបង់ភាគទាន ប.ស.ស. នោះបងប្អូនច្បាស់ ក្នុងខ្លួនថា ប្រាក់ខែដែលនៅសល់ បន្ទាប់ពីផាត់ចំណាយលើ សោហ៊ុយធ្វើដំណើរ បន្ទប់ជួល បងប្អូនអាចចំណាយ លើការចំណាយផ្សេងៗបានទៀត។

លោករដ្ឋមន្រ្តីបានគូសបញ្ជាក់ថា ការអនុវត្តកម្មវិធីរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគ ទានដោយស្ម័គ្រចិត្តនេះ ជាសមិទ្ធផលមួយ ដែលបង្ហាញឱ្យឃើញថា រាជរដ្ឋាភិបាលតែងតែយកចិត្តទុកដាក់ជាចម្បងបំផុត ទៅដល់សុខុមាលភាព របស់កម្មករនិយោជិត ក៏ដូចជាប្រជាពលរដ្ឋ នៅទូទាំងប្រទេស ដោយមិនទុកឱ្យប្រជាពលរដ្ឋ ណាម្នាក់មិនទទួលបានការព្យាបាលជំងឺ នៅពេលដែលមានជំងឺនោះឡើយ ដែលនេះជាការគ្របដណ្ដប់ឆ្ពោះទៅរកការគ្របដណ្តប់សុខភាពជាសកល ។

សូមបញ្ជាក់ថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ នូវការអនុវត្តរបបសន្តិសុខសង្គម ផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្ត កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ពោលគឺគិតចាប់ពីថ្ងៃបើកយុទ្ធនាការផ្សព្វផ្សាយដំបូង រហូតមកដល់ត្រឹមថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះ គឺមានបងប្អូនប្រជាពលរដ្ឋ បងប្អូនអាជីវករ និងបងប្អូនកម្មករនិយោជិតសរុបប្រមាណជា៥៧៧ ៩៤២នាក់ ស្មើនឹង ១ ៦៩៤លើក ទទួលបានការផ្សព្វផ្សាយស្តីពីរបបសន្តិសុខ សង្គមផ្នែកថែទាំសុខភាព តាមរបបភាគទានដោយស្ម័គ្រចិត្ត៕

To Top