ព័ត៌មានជាតិ

សម្តេចធិបតី ៖ ការប្រារព្ធទិវាជនមានពិការភាពនៅកម្ពុជា ដើម្បីរំលឹកពីមហាវិនាសកម្មកើតឡើង​ ដោយសារសង្គ្រាម

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានថ្លែងថា ការប្រារព្ធទិវាជនមានពិការភាពនៅកម្ពុជា ដើម្បីរំលឹកអំពីមហាវិនាសកម្មកើតឡើងដោយសារសង្គ្រាម និងរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលបានបន្សល់ទុកនូវផលវិបាកជាច្រើន។

នាឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រារព្ធទិវាជនមានពិការភាពកម្ពុជាលើកទី២៥ និងទិវាជនមានពិការភាពអន្តរជាតិលើកទី៤១ នាថ្ងៃ៤ ធ្នូ សម្តេចធិបតីបានរំឮកថា ទិវាជនមានពិការភាព ត្រូវបានប្រារព្ធឡើង ដើម្បីរំលឹកអំពីការតស៊ូទាមទារនូវសិទ្ធិចូលរួមក្នុងសង្គមរបស់ជនមានពិការភាពប្រមាណជាង១ប៊ីលាននាក់នៅក្នុងពិភពលោក ដែលបាត់បង់កាយសម្បទា, ញាណដឹង និងសតិបញ្ញាដែលតែងតែជួបប្រទះនូវឧបសគ្គរារាំងក្នុងសកម្មភាពជីវិតប្រចាំថ្ងៃ ដើម្បីធ្វើការផ្លាស់ប្តូរនូវស្ថានភាពរស់នៅរបស់ពួកគេ ក្នុងគោលបំណងបង្កើនការយល់ដឹងអំពីបញ្ហាពិការភាពដោយផ្តោតសំខាន់លើសិទ្ធិជនមានពិការភាព និង ការធ្វើបរិយាប័ន្នលើគ្រប់សកម្មភាពនយោបាយ, សេដ្ឋកិច្ច, សង្គម និងវប្បធម៌ ។

សម្ដេចគូសបញ្ជាក់ថា «នៅកម្ពុជា ការប្រារព្ធទិវាជនមានពិការភាពនេះឡើង ដើម្បីរំលឹកអំពីមហាវិនាសកម្មកើតឡើងដោយសារសង្គ្រាម ជាពិសេសដោយរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលបានបន្សល់ទុកនូវផលវិបាកជាច្រើនរួមមាន ស្រ្តីមេម៉ាយ កុមារកំព្រា ជនមានពិការភាព ព្រមទាំងបន្សល់នូវគ្រាប់មីន និងកាកសំណល់ជាតិផ្ទុះសល់ពីសង្គ្រាមរាប់លានតោន»។

សម្តេចបន្តថា ជនមានពិការភាព គឺជាតួអង្គមួយយ៉ាងសំខាន់ក្នុងការចូលរួមអភិវឌ្ឍន៍គ្រួសារ និងសហគមន៍ ។ ក្នុងន័យនេះ, រាជរដ្ឋាភិបាល អាណត្តិទី៧ នៃរដ្ឋសភា ក៏ដូចជាអាណត្តិមុនៗដែរ គឺបន្តចក្ខុវិស័យច្បាស់លាស់ សម្រាប់ជនមានពិការភាព និងក្រុមគ្រួសារ មានគុណភាពជីវិតល្អចូលរួមយ៉ាងសកម្មស្មើភាពគ្នាក្នុងសង្គមដែលមានការគោរពសិទិ្ធ និងសេចក្តីថ្លៃថ្នូរ ព្រមទាំងការធ្វើបរិយាប័ន្នពិការភាពក្នុងគ្រប់វិស័យ ដូចជា ការចូលរួមរបស់ជនមានពិការភាពក្នុងជីវភាពសាធារណៈ, ជីវភាពនយោបាយ, សកម្មភាពសង្គម, វប្បធម៌, សិល្បៈ, សាសនា, កីឡា, ការសម្រាកលម្ហែ និងសកម្មភាពផ្សេងៗទៀត ។

សម្ដេច បន្ថែមថា រាជរដ្ឋាភិបាល បានខិតខំកែលម្អជីវភាពរស់នៅ ធានាដល់ការកាត់បន្ថយភាពក្រីក្ររបស់ជនមានពិការភាព តាមរយៈការលើកកម្ពស់អាជីពមុខរបរសមរម្យ ការងារ និងការផ្តល់ប្រាក់របបគោលនយោបាយផ្សេងៗ ព្រមទាំងបន្តការលើកកម្ពស់សហគ្រិនភាព ដែលជាកិច្ចការដ៏សំខាន់ ដើម្បីបង្កើនឱកាសដល់ជនមានពិការភាព ចូលរួមក្នុងសកម្មភាពសេដ្ឋកិច្ច លើកកម្ពស់ជីវភាពខ្លួន និងគ្រួសារ៕

To Top