ព័ត៌មានជាតិ

នាយករដ្ឋមន្ត្រី ឲ្យភាគីពាក់ព័ន្ធរួមគ្នា បំពេញបេសកកម្មជាប្រវត្តិសាស្ត្រ រហូតដល់សម្រេចបំណងចុងក្រោយ គឺសង្គមស្អាតស្អំបវររុងរឿង

ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអំពាវនាវឲ្យគ្រប់ក្រសួងស្ថាប័ន អាជ្ញាធរគ្រប់ជាន់ថ្នាក់ វិស័យឯកជន ប្រជាជន មហាជនទាំងអស់ គាំទ្រ និងសហការ ជាមួយរាជរដ្ឋាភិបាល ក៏ដូចជាអង្គភាពប្រឆាំងអំពើពុករលួយ ដើម្បីបំពេញបេសកកម្មជាប្រវត្តិសាស្ត្របន្តទៀត រហូតដល់សម្រេចបំណងចុងក្រោយ គឺសង្គមស្អាតស្អំបវររុងរឿង ។

ការអំពាវនាវរបស់សម្ដេចធិបតីបែបនេះ ធ្វើឡើងតាមរយៈសារលិខិតអបអរសាទរទិវាជាតិ និងអន្តរជាតិប្រឆាំងអំពើពុករលួយ ៩ ធ្នូ ផ្ញើជូនជនរួមជាតិ ។

សម្ដេចធិបតីមានប្រសាសន៍ថា ក្នុងការប្រយុទ្ធប្រឆាំងអំពើពុករលួយ កម្ពុជាមិនមែនជារដ្ឋតែឯង ដើម្បីបំពេញ នូវបេសកកម្មនេះឡើយ ។ សម្ដេចថា សម្រាប់ក្នុងប្រទេសវិញ ក៏មិនមែនមានតែស្ថាប័នប្រឆាំងអំពើពុករលួយតែឯង ដែលបំពេញនូវបេសកកម្មប្រយុទ្ធប្រឆាំង អំពើពុករលួយនោះដែរ ។

សម្ដេចនាយករដ្ឋមន្ត្រីគូសបញ្ជាក់ថា មកដល់អាណត្តិទី ៧ នេះ រាជរដ្ឋាភិបាល ដែលមានសម្ដេចជាប្រមុខក៏នៅតែបន្ត ហើយលើកកម្ពស់បន្ថែមទៀតនូវបាវចនា ៥ពាក្យនេះ ហើយប្រាកដ ណាស់ បើយើង ឆ្លុះកញ្ចក់-ងូតទឹក-ដុសក្អែល-ព្យាបាល និងវះកាត់ បានជាប្រចាំ សង្គមនិងមនុស្សម្នាក់ៗនឹងបន្តទទួលបានភាពស្អាតស្អំ ក្នុងការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច ព្រមទាំងក្នុងការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ និងសន្តិភាពរបស់កម្ពុជា ប៉ុន្តែឲ្យតែមានអ្វីមកប៉ះពាល់ប្រយោជន៍សាធារណៈ គឺត្រូវរារាំងភ្លាម ។

សម្ដេចធិបតីសង្កត់ធ្ងន់ថា «ក្រោមពាក្យស្លោក បម្រើផលប្រយោជន៍ប្រជាជនជាចម្បង៖ ផ្តល់សេវាសាធារណៈប្រកបដោយ តម្លាភាព ងាយស្រួល និងជឿទុកចិត្ត ពង្រឹងការបង្ការទប់ស្កាត់ សម្រាប់ឆ្នាំ២០២៤ ខាងមុខនេះ សូមគ្រប់ក្រសួងស្ថាប័ន អាជ្ញាធរគ្រប់ជាន់ថ្នាក់ វិស័យឯកជន ប្រជាជន មហាជនទាំងអស់ គាំទ្រ និងសហការ ជាមួយរាជរដ្ឋាភិបាល ជាមួយអង្គភាពប្រឆាំងអំពើពុករលួយ ដើម្បីបំពេញបេសកកម្មជាប្រវត្តិសាស្ត្រ របស់យើងបន្តទៀត រហូតដល់សម្រេចបំណងចុងក្រោយរបស់យើង គឺសង្គមស្អាតស្អំបវររុងរឿង» ។

សូមបញ្ជាក់ថា ថ្ងៃទី៩ ធ្នូ ជារៀងរាល់ឆ្នាំ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា និងអង្គការសហប្រជាជាតិ (អ.ស.ប) កំណត់ជាទិវាប្រឆាំងអំពើពុករលួយ ។ ស្ថាប័ន អសប ទទួលបន្ទុកប្រយុទ្ធប្រឆាំង អំពើពុករលួយមានឈ្មោះថា អនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីការប្រឆាំងអំពើពុករលួយ ហៅកាត់ថា អ៊ុនកាក់ UNCAC ដែលបានបង្កើតឡើងនាមហាសន្និបាត អ.ស.ប នៅថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០០៣ និងចូលជាធរមាននៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០០៥ ។ មកដល់ខែតុលា ឆ្នាំ២០២៣នេះ ស្ថាប័នប្រឆាំងអំពើពុករលួយ អ.ស.ប អ៊ុនតាក់ មានរដ្ឋជាសមាជិកចំនួន១៩០ប្រទេស លើ១៩៣ ប្រទេស ។ កម្ពុជា បានចូលជាសមាជិកនៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០០៧ ៕

To Top