ព័ត៌មានជាតិ

លោក ប៉ែន បូណា ថា ករណីកញ្ញា សេង ធារី បើយើងអត់មានអាហារ ឲ្យគាត់ហូបជាកំហុសយើង

ភ្នំពេញ ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោក ប៉ែន បូណា បានលើកឡើងថា ករណីកញ្ញា សេង ធារី ដែលកំពុងជាប់ពន្ធគារ ហើយបានធ្វើកូដកម្ម បង្អត់អាហារដោយខ្លួននោះ បើខាងមន្រ្តីពន្ធនាគារ អត់មានអាហារ ឲ្យគាត់បរិភោគទេ គឺ ជាកំហុសរបស់ពន្ធនាគារ ប៉ុន្តែខាងឆ្មាំពន្ធគារ គឺបានរៀបចំម្ហូបអាហារ ឲ្យគាត់បានគ្រប់គ្រាន់ និង ទៀងទាត់ ។

លោកបន្តថា ដូច្នេះចង់អ្នកទោសរូបនេះ ធ្វើកូដកម្មអត់អាហារប៉ុន្មានថ្ងៃ គឺជាសិទ្ធិសេរីរបស់គាត់ទេ គ្មានអ្នកណាហាមឃាត់នោះទេ ។

តាមរយៈមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលនាថ្ងៃ១១ ធ្នូនេះ លោក ប៉ែន បូណា បានថ្លែងថា “បើយើងអត់មានអាហារ ឲ្យគាត់ហូបជាកំហុសយើង តែបើយើងមានអាហារ ឲ្យគាត់ហូបហើយ តែគាត់មិនហូប ដោយសារគាត់ចង់ធ្វើកូដកម្មអត់អាហារ គឺជាសិទ្ធិរបស់គាត់”។

សូមបញ្ជាក់ថា កញ្ញា សេង ធារី ដែលបច្ចុប្បន្នកំពុងជាប់ពន្ធនាគារ នៅព្រៃស ក្រោយដូរចេញពីពន្ធនាគារ ខេត្តព្រះវិហារ បានធ្វើកូដកម្ម បង្អត់អាហារខ្លួនម្តងទៀត ហើយតាំងពីថ្ងៃ៧ធ្នូ មក ។ ការបង្អត់អាហារនេះរបស់សេង ធារី គឺជាលើកទី២ហើយ ក្នុងឆ្នាំ២០២៣នេះ បន្ទាប់ពីខែកក្កដា កន្លងមក ក្រោយកញ្ញា ត្រូវបានកាត់ទោសឲ្យជាប់ពន្ធគារ៦ឆ្នាំ ពីបទរួមគំនិតក្បត់ និងបទញុះញង់ឲ្យមានភាពវឹកវរធ្ងន់ធ្ងរ ដល់សន្តិសុខសង្គម ទាក់ទងនឹងផែនការ មាតុភូមិនិវត្តន៍របស់លោក សម រង្ស៊ីពីចុងឆ្នាំ២០១៩ កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ ។

បើតាមសេចក្តីថ្លែងការណ៍របស់មេធាវី កញ្ញា សេង ធារី គឺកញ្ញាបានធ្វើកូដកម្ម បង្អត់អាហារនេះ រយៈពេល១០ថ្ងៃដោយគិតចាប់ពីថ្ងៃ៧ ធ្នូ ទៅ ៕

To Top