ព័ត៌មានជាតិ

ថ្ងៃស្អែក! ឧបនាយករដ្ឋមន្ដ្រី ស សុខា នឹងអញ្ជើញជាអធិបតីក្នុង «ទិវាជាតិប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្ស»

ភ្នំពេញ៖ «ទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស» នៅកម្ពុជា នឹងត្រូវបានប្រារព្ធធ្វើឡើង នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ ក្រោមប្រធានបទ «បច្ចេកវិទ្យាជាមធ្យោបាយដើម្បីអភិវឌ្ឍជាតិ មិនមែនដើម្បីជួញដូរមនុស្ស» នៅសាលមហោស្រពកោះពេជ្រ រាជធានីភ្នំពេញ។

លោកឧបនាយករដ្ឋមន្តី ស សុខា ឧបនាយករដ្ឋមន្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងលោកស្រី នឹងអញ្ជើញចូលរួមជាអធិបតី និងជាតំណាង សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្ស នាថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ បានឲ្យដឹងថា ដូចរៀងរាល់ឆ្នាំដែរ សមាជិក សមាជិកា នៃព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាល ក៏ដូចជាថ្នាក់ដឹកនាំគ្រប់ក្រសួងស្ថាប័ន តំណាងអង្គទូត និងស្ថានតំណាងនានានៃបណ្តាប្រទេសជាមិត្ត ដែលមាននិវេសនដ្ឋាននៅកម្ពុជា អង្គការដៃគូ ជាតិ អន្តរជាតិ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ និស្សិត សិស្សានុសិស្ស យុវជន យុនារី និយោជក កម្មករ និងប្រជាពលរដ្ឋ សរុបប្រមាណជាង ៣.០០០អង្គ/នាក់ នឹងចូលរួមក្នុងកម្មវិធីដ៏មានសារៈសំខាន់នេះ មុននឹងមានការរៀបចំប្រារព្ធពិធី បន្តនៅតាមបណ្តាខេត្តនានា នៅទូទាំងប្រទេស។

នេះគឺជាយុទ្ធនាការដ៏ធំប្រចាំឆ្នាំមួយ របស់គណៈកម្មាធិការជាតិ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) ក្នុងគោលបំណងផ្សព្វផ្សាយការយល់ដឹង យ៉ាងទូលំទូលាយអំពីអំពើជួញដូរមនុស្ស កលល្បិច ជនល្មើស ស្ថានភាពបទល្មើស ដែលមានការវិវត្តន៍កាន់តែស្មុគស្មាញ និងសាហាវឃោរឃៅ ព្រមទាំងដើម្បី បង្ហាញអំពីកិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ដើម្បីបានជ្រួតជ្រាបកាន់តែទូលំទូលាយ និងចូលរួម សហការ ក្នុងការបង្ការ ទប់ស្កាត់ បង្ក្រាប ផ្តន្ទាទោស សង្គ្រោះជនរងគ្រោះ និងផ្តល់សេវាគាំពារ ដើម្បីកម្ពុជាគ្មានអំពើជួញដូរមនុស្ស៕

To Top