ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួងការងារ នឹងជំរុញឱ្យក្រុមហ៊ុន​រោងចក្រ សហគ្រាសទទួលយក ជនមានពិការភាព ចូលធ្វើការ

ភ្នំពេញ ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣នេះ បានលើកឡើងថា ក្រសួងនឹងធ្វើការ ជាមួយដៃគូពាក់ព័ន្ធ ដើម្បីជំរុញឱ្យក្រុមហ៊ុន រោងចក្រ សហគ្រាស ទទួលយកជនមានពិការភាព ឱ្យបាន៣%ចូលក្នុងប្រតិបត្តិការ ។
ការថ្លែងយ៉ាងដូចនេះ របស់លោករដ្ឋមន្ត្រី ក្នុងពេលដែលលោកអញ្ជើញ ចូលរួមជាអធិបតី ក្នុងពិធីបិទបញ្ចប់គម្រោង ស្តីពីទីផ្សាការងារ ប្រកបដោយបរិយាបន្នគាំទ្រ ដល់អ្នកស្វែងរកការងារ ធ្វើដែលមានពិការភាព ដែលធ្វើឡើងនៅសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ។

ការជំរុញរបស់លោករដ្ឋមន្ត្រីនេះ គឺស្របពេលដែលចំនួនចូលធ្វើការ របស់ជនមានពិការភាពទាំងអស់ នៅទូទាំងប្រទេសនៅមានកម្រិតនៅឡើយ។
សម្រាប់លោករដ្ឋមន្ត្រី ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងបន្តធ្វើការជាមួយក្រុមហ៊ុន រោងចក្រ សហគ្រាសបន្តទៀតដើម្បីបង្កលក្ខណៈ បត់បែន សម្រាប់ជនមានពិការភាព អាចចូលធ្វើការបន្ថែមទៀត ទៅតាមជំនាញផ្សេងទៀត ដូចជាអ្នកទទួល និងលើកទូរស័ព្ទ និងកិច្ចការងារ មិនប្រើប្រាស់កម្លាំងផ្សេងៗទៀត ដើម្បីអាចឱ្យបងប្អូនជនពិការទាំងអស់ អាចទទួលបានការងារសមរម្យ និងមានជីវភាពកាន់តែប្រសើរ។

បន្ថែមពីនេះ លោករដ្ឋមន្ត្រី ក៏បានជំរុញ ឱ្យបងប្អូនមានពិការភាព អាចសម្លឹងមើលជំនាញវិជ្ជាជីវៈ ដែលរាជរដ្ឋាភិបាល បានប្រកាស ផ្តល់ជូនបងប្អូន មកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ ដែលស្របតាមលទ្ធភាព ក្នុងការពង្រឹងសមត្ថភាព ចំណេះជំនាញរបស់ខ្លួន។

ទោះបីជាបែបណាក៏ដោយ លោករដ្ឋមន្ត្រី បានលើកទឹកចិត្តដល់ជនមានពិការ ភាពទាំងអស់មិនត្រូវអស់សង្ឃឹម ហើយត្រូវតស៊ូ ជំនះរាល់ការលំបាកនានា ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការកសាងសង្គមជាតិ ដែលមិនមែនជាបន្ទុកសង្គមនោះឡើយ៕

To Top