ព័ត៌មានជាតិ

វៀតណាម ជឿជាក់ថា កម្ពុជា នឹងសម្រេចចក្ខុវិស័យជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ២០៥០

រូបភាពពី៖​ STPM

ភ្នំពេញ៖ លោក វឿង ឌិញហ្វេ ប្រធានរដ្ឋសភាវៀតណាម បានបង្ហាញសុទិដ្ឋិនិយមរបស់ខ្លួនថា កម្ពុជា នឹងសម្រេចបាននូវចក្ខុវិស័យជាប្រទេស មានចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ ២០៣០ និងជាប្រទេសដែលមានចំណូលខ្ពស់ ក្នុងឆ្នាំ២០៥០ ។

ការបង្ហាញសុទិដ្ឋិនិយមរបស់ប្រធានរដ្ឋសភាវៀតណាម ក្នុងឱកាសជួបសម្តែងការគួរសម ជាមួយសម្តេច ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នារសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ នៅរដ្ឋធានីហាណូយ ក្នុងដំណើរទស្សនកិច្ចផ្លូវការ របស់សម្តេចធិបតី ទៅកាន់សាធារណរដ្ឋសង្គមនិយមវៀតណាម ។

លោក វឿង ឌិញហ្វេ បានគូសបញ្ជាក់ថា តាមរយៈដំណើរទស្សនកិច្ចរបស់ សម្តេចធិបតី នាឱកាសនេះ គឺពិតជាបានចូលរួមចំណែក ពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការ ជាប្រពៃណីកម្ពុជា-វៀតណាម ឱ្យកាន់តែរីកចម្រើនលូតលាស់លើគ្រប់វិស័យ ។

ក្នុងនោះ ប្រធានរដ្ឋសភាវៀតណាម ក៏បានសម្តែងនូវសុទិដ្ឋិនិយមថា “ក្រោមម្លប់ដ៏ត្រជាក់របស់អង្គព្រះមហាក្សត្រ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី និងក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត កម្ពុជានឹងបន្តបោះជំហានទៅមុខ ហើយនឹងឈានទៅសម្រេចបាននូវចក្ខុវិស័យ ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ ក្នុងឆ្នាំ ២០៣០ និងជាប្រទេសដែលមានចំណូលខ្ពស់ក្នុងឆ្នាំ២០៥០” ។

ជាមួយគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ដែរថា គោលនយោបាយការបរទេស របស់រាជរដ្ឋាភិបាលកម្ពុជា ឈរលើនិរន្តភាព និងសង្គតិភាព ហើយទំនាក់ទំនងកម្ពុជា-វៀតណាម ក៏នឹងនៅបន្តពូនជ្រំចំណងមិត្តភាព និងពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការ រវាងស្ថាប័នគ្រប់កម្រិត ទាំងក្នុងអង្គនីតិប្បញ្ញតិ្ត និងអង្គនីតិប្រតិបត្តិ ក៏ដូចជាទំនាក់ទំនងរវាងប្រជាជន និងប្រជាជន សំដៅធ្វើយ៉ាងណាធានាបាននូវផលប្រយោជន៍ទៅវិញទៅមក សម្រាប់ប្រជាជាតិទាំងពីរ ៕

To Top